(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប .» នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃព្រហស្បតិ៍ទី២១ ខែកក្កដា ឆ្នាំ២០២២ បានចូលរួមពិធីសម្បថសច្ចាប្រណិធាន ដើម្បីបំពេញនីតិវិធីជានគរបាលយុត្តិធម៌ នៅចំពោះមុខសាលាដំបូងរាជធានីភ្នំពេញដោយមានលោក លោកស្រីតំណាងក្រុមប្រឹក្សាសម្បថ និងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញជាអធិបតី។ សមាសភាពចូលរួមពិធីសម្បថនេះរួមមាន៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប លោកអគ្គនាយករង លោកលោកស្រីប្រធាន អនុប្រធាននាយកដ្ឋានប្រធានអនុប្រធានការិយាល័យនៅថ្នាក់កណ្តាល និងសាខាក.ប.ប.រាជធានីភ្នំពេញ សរុបចំនួន៩៧រូប ។
សូមជម្រាបថា មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. សរុបចំនួន ២៨៥រូប ត្រូវបានផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ ឱ្យអនុវត្តមុខងារនិងភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ស្តីពីការប្រកួតប្រជែង ក្រមនីតិវិធីព្រហ្មទណ្ឌ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជា ណាចក្រកម្ពុជា។
មន្រ្តីដែលកំពុងបំពេញការងារនៅសាខាក.ប.ប. នៃបណ្តាខេត្ត នឹងបំពេញនីតិវិធីសម្បថ នៅសាលាដំបូងខេត្ត រៀងៗ ខ្លួន។
សូមបញ្ជាក់ផងដែរថា ចាប់តាំងពីប្រមុខរាជរដ្ឋាភិបាលបានកែ សម្រួលតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប.ពីការឈរជើងនៅព្រំដែនជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករតាមរយៈអនុក្រឹត្យលេខ២៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ស្តីពីការកែសម្រួលស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែងកម្ពុជា។
មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប.ត្រូវបានផ្តល់នីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ក្រោមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិ ភាព លើផលិតផលទំនិញ និងសេវា ជានគរបាលយុត្តិធម៌ក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងជានគរបាលយុត្តិធម៌ក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ដែលផ្តល់សិទ្ធិឱ្យមន្រ្តីជំនាញ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ កំណត់បទល្មើសពិន័យអន្តរការណ៍លើអំពើល្មើសស្ថិតក្រោមច្បាប់ ឬកសាងសំណុំបញ្ជូនទៅតុលាការមានសមត្ថកិច្ច។
ការធ្វើដូច្នោះ ក្នុងគោលបំណងការពារសុខុមាលភាពប្រជាពលរដ្ឋ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ជំរុញឱ្យការប្រកួតប្រជែងក្នុងពាណិជ្ជកម្មប្រព្រឹត្តទៅប្រកបដោយសមធម៌ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចតុកោណដំណាក់ទី៦។