ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក តាន់ ផាន់ណារ៉ា ​​បានណែនាំដល់មន្ទីរកសិកម្មទាំង២៥រាជធានី-ខេត្តត្រូវបន្តតាមដានជំងឺដុំពកលើស្បែកគោ ក្របី

ភ្នំពេញ៖ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល​បន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់កាលពីថ្ងៃទី១៩ ខែកក្ដដា​​នេះថា ជំងឺដុំពកលើស្បែកគោ-ក្របី( LSD )បានឆ្លងមកប្រទេសកម្ពុជាកាល ដែល​ពីខែឧសភាឆ្នាំ២០២១កន្លងទៅ ដោយក្រុមការងារពាក់ពន្ធ័បាន យកចិត្តទុកដាក់ចុះអន្តរាគមន៍និងចាត់វិធានការចាំបាច់នានា ដូចជាការព្យាបាលនិងទិញវ៉ាក់សាំងមកពីបរទេស ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ ដែលរហូតមកដល់បច្ចុប្បន្នមានសភាពស្ងប់ស្ងាត់ទៅវិញហើយ ។

លោក​បាន​លើក​ឡើងថា បើទោះបីជាជំងឺនេះបានស្ងប់ស្ងាត់ពីក្នុងប្រទេសកម្ពុជាក៏ពិតមែន ក៏អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តធ្វើការណែនាំនិងដាស់តឿន ដល់មន្ទីរកសិកម្ម រាជធានីខេត្តទាំងអស់ ជាពិសេសការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្តដែលនៅជាប់ព្រំដែន ត្រូវបន្តអនុវត្តនិងចូលរួមសហការជាមួយអង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាបន្តទៀត ដើម្បីអាចអន្តរាគមន៍បានទាន់ពេលវេលា ប្រសិនបើមានករណីផ្ទុះជំងឺសត្វណាមួយ ។
ចំពោះជំងឺដុំពកលើស្បែកគោក្របី LSD នេះ គឺជាជំងឺមួយថ្មីដែលមិនធ្លាប់មាននៅក្នុងស្រុកដូចគ្នា ដែលវាបានកើតឡើងកាលពីឆ្នាំ២០២១ ហើយជំងឺនេះក៏បានស្ងប់ស្ងាត់ទៅវិញផងដែរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏អគ្គនាយកដ្ឋានតែងតែដាស់តឿនទៅដល់មន្ទីរបណ្ដារាជធានីខេត្តទាំង២៥ ដែលមានការិយាល័យផលិតកម្មនិងបសុព្យាបាលរាជធានីខេត្ត គឺនៅតែតាមដានបន្ត បើក្នុងករណីថាមានការផ្ទុះជំងឺសត្វណាមួយ មិននិយាយតែជំងឺដុំពកលើស្បែកនេះទេ វាមានជំងឺផ្សេងៗជាច្រើនទៀត ដែលយើងត្រូវតែចុះអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ។
ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease-LSD) ជាជំងឺបង្កដោយវីរុសក្នុងក្រុមPoxviridac នៃប្រភេទ Caprip​oxvirus ដែលបានផ្ទុះឡើងជាលើកដំបូងនៅប្រទេសហ្សំប៊ី (Zambia)នៅឆ្នាំ១៩២៩ ហើយវាបានឆ្លងរាលដាលពាសពេញពិភពលោកក្នុងនោះ មានទ្វីបអាហ្វ្រិក មជ្ឈឹមបូព៌ា អឺរ៉ុបប៉ែកអាគ្នេយ៍ អាស៊ី កណ្តាល អាស៊ី ខាងត្បូង និងប្រទេសចិន ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់គ្រួសារកសិករចិញ្ចឹមសត្វ និងសេដ្ឋកិច្ចជាតិ ៕