ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឲ្យដឹងថា ស៊ីម៉ាក់មានសមត្ថភាពជាម្ចាស់ការដោយខ្លួនឯង ចំពោះគម្រោងសុនខ(ឆ្កែ)ហិតមីន ពោលគឺលែងពឹងដង្ហើមបរទេសទៀតហើយ។
លោកបញ្ជាក់ថា សុនខសកម្មភាពកំចាត់មីននេះ ទម្រាំអាចមានសមត្ថភាពម្ចាស់ការដោយខ្លួនឯង ត្រូវប្រើពេលវេលាជាង២០ឆ្នាំ ចាប់ពី ឆ្នាំ១៩៩៦-៩៧ គាំទ្រដោយទាហាន និងរដ្ឋាភិបាលប្រទេសស៊ុយអ៊ែតដល់ឆ្នាំ២០០២ ហើយរដ្ឋាភិបាលប្រទេសណរ័វេស្សផ្តល់គាំទ្រតាមរយះអង្គការ NPA រហូតដល់ឆ្នាំ២០១៦ (២០០២-២០១៦)។
លោក ហេង រតនាបន្តថា ឥឡូវនេះអង្គភាពស៊ីម៉ាក់ ម្ចាស់ការទាំងស្រុង១០០% ក្នុងកម្មវិធីបង្កាត់សុនខហិតមីន ហ្វឹកហ្វឺន និងប្រតិបតិ្តការ អាចប្រើប្រាស់សុនខលើការងារអាវុធជាតិផ្ទុះ សន្តិសុខ សុនខគ្រួសារ និងជំនាញផេ្សងៗទៀត។
ប្រសិនជាគ្មានការគិតគូរពង្រឹងធនធានមនុស្ស ភាពជាម្ចាស់លើជោគវាសនាខ្លួនឯង កាត់បន្ថយជាបណ្តើរៗពីការពឹងពីបរទេសនោះទេ ម្លេះសមត្ថភាពសុនខហិតមីននេះអាចរលាយសាបសូន្យបាត់ទៅហើយ ។
អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងទៀតថា សុនខខាងអឺរ៉ុបដែលទិញមកមិនអនុញ្ញាតិឲ្យមានកម្មវិធីបង្កាត់ពូជទេ ដូចនេះយើងត្រូវដកដង្ហើមតាមគេរហូត ដោយត្រូវទិញសុនខពីពួកគេ ហើយមួយក្បាលៗតំលៃរាប់ម៊ឺនដុល្លារ។ ក្នុងឆ្នាំ២០១៨ ស៊ីម៉ាក់ អាចបង្កាត់ និងហ្វឹកហ្វឺនសុនខក្នុងអង្គភាពបានជិត៧០ក្បាល៕