ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមការងារចម្រុះខេត្តព្រះសីហនុ បើកប្រតិបត្ដិការរុះរើខ្ទមខុសច្បាប់ និងឃាត់ខ្លួនមនុស្សបួននាក់

ព្រះសីហនុ៖ ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុ បើកប្រតិបត្ដិការរុះរើខ្ទមខុសច្បាប់ ដែលបានសង់លើទីតាំងដីកម្មសិទ្ធិឯកជនរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SIHANOUK VILLE SEZ) ដោយបានឃាត់ខ្លួនជនសង្ស័យបួននាក់ ដើម្បីយកមកសួរចម្លើយនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ កាលពីម្សិលម៉ិញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

ក្នុងប្រតិបត្ដិការនោះ ប្រជាពលរដ្ឋមួយចំនួនបានស្ម័គ្រចិត្តប្រគល់ដីជូនម្ចាស់កម្មសិទ្ធិវិញ និងធ្វើកិច្ចសន្យាចាកចេញពីទីតាំង។ ដោយឡែកប្រជាពលរដ្ឋមួយចំនួនទៀតប្រដាប់ទៅដោយ កាបិត ចំពាមកៅស៊ូ ដុំថ្ម និងដបប្រេងសាំង បានចេញមុខតវ៉ារហូតដល់ប្រើអំពើហិង្សាលើក្រុមការងារចម្រុះខេត្ត ដែលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ដើម្បីយកមកសួរចម្លើយនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ។

ជនសង្ស័យ ០៤នាក់នោះ មានឈ្មាះ ១.ទេព សារ៉ា (ហៅ ទេព ម៉ៅ) ២.ឈិន បូនី ៣.សេង មករា និង៤.ឃួន តារ៉ា។ តាមចម្លើយសារភាពរបស់ជនទាំងបួននាក់ បានឱ្យដឹងថាការសាងសង់ខ្ទមខុសច្បាប់ក្នុងទីតាំងខាងលើ គឺជាការរៀបចំដោយមានមេក្លោងនៅពីក្រោយបោកបញ្ឆោតប្រជាពលរដ្ឋឱ្យចូលមកទិញដី ឬចែកដីក្នុងទីតាំងរបស់ក្រុមហ៊ុនឯកជន និងបានយកប្រជាពលរដ្ឋខែល។ បច្ចុប្បន្ននេះសមត្ថកិច្ចខេត្តព្រះសីហនុបានកំណត់មុនសញ្ញាមេក្លោងបានមួយចំនួនហើយ។ នេះជាបញ្ជាក់ប្រាប់ឱ្យដឹងពីលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ

លោក បន្ដថា ជាមួយគ្នានេះជនសង្ស័យទាំងបួននាក់ បានទទួលស្គាល់កំហុសរបស់ខ្លួន និងបានអំពាវនាវឱ្យប្រជាពលរដ្ឋផ្សេងទៀត ដែលបានចាញ់បោកការញុះញង់របស់មេខ្យល់ សូមឱ្យរុះរើខ្ទមរបស់ខ្លួនដោយស្ម័គ្រចិត្ត និងចាក់ចេញពីទីតាំងដីកម្មសិទ្ធិឯកជនតាមការណែនាំរបស់អាជ្ញាធរខេត្ត ដើម្បីបញ្ចៀសការប្រឈមមុខចំពោះផ្លូវច្បាប់។ សំណង់មិនរៀបរយទាំងនេះ (អនាធិបតេយ្យ) គឺភាគច្រើនចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២២ និងមានការកើនឡើងក្នុងកំឡុងពេលយុទ្ធនាការឃោសនាក្រុមប្រឹក្សាក្រុមប្រឹក្សាឃុំសង្កាត់នាពេលកន្លងមក ហើយរដ្ឋបាលខេត្ត បានអប់រំឱ្យប្រជាពលរដ្ឋទាំងនោះរុះរើខ្ទមរបស់ពួកគេចេញម្ដងរួចមកហើយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២៕