បាត់ដំបង៖ ប្រជាពលរដ្ឋប្រាំគ្រួសារ រស់នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានឯកភាពគ្នាប្រគល់ដីទំហំជាង១០ហិកតាឲ្យម្ចាស់ដើមវិញ ស្របតាមយុទ្ធសាស្ត្រឈ្នះ-ឈ្នះរបស់ប្រមុខដឹកនាំកម្ពុជា ដើម្បីបញ្ចប់ទំនាស់ដណ្តើមសិទ្ធិកាន់កាប់ ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។
ការឯកភាពគ្នានេះ ត្រូវបានធ្វើឡើងនៅចំពោះមុខមន្ត្រីអាជ្ញាធរមូលដ្ឋាន ដោយចុះកិច្ចព្រមព្រៀងប្រគល់ និងទទួលដីប្រភេទកសិកម្ម រវាងតំណាងភាគីក្រុមហ៊ុន និងតំណាងគ្រួសារប្រជាពលរដ្ឋ នៅក្នុងស្មារតីចែករំលែកគ្នា និងអនុគ្រោះគ្នាទៅវិញទៅមក គឺចែកគ្នាពាក់កណ្តាលម្នាក់ ឬ៥០ភាគរយនៃផ្ទៃដីកាន់កាប់អាស្រ័យផលជាកស្តែងដោយមិនមានភាគីណាមួយខាតបង់ច្រើនឡើយ។
លោក ខុន ធន អាយុ៥១ឆ្នាំ អនុប្រធានភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងជាតំណាងបងប្អូនសាច់ញាតិរបស់លោកចំនួនប្រាំគ្រួសារ បានសម្តែងសេចក្តីរីករាយនៅមុខអាជ្ញាធរឃុំ ក្នុងពេលផ្តិតមេដៃលើកិច្ចសន្យាសះជា និងបញ្ចប់ទំនាស់វិវាទដីធ្លីរវាងក្រុមហ៊ុនបរទេស និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះ។
លោកបានមានប្រសាសន៍ថា ក្រុមគ្រួសាររបស់លោកសូមសម្តែងការសប្បាយរីករាយចំពោះដំណោះស្រាយ
ស្រមតាមគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបញ្ចប់ទំនាស់ដណ្តើមសិទ្ធិគ្នាកាន់កាប់ ហើយធ្វើឲ្យក្រុមគ្រួសាររបស់លោកទទួលបានសិទ្ធិពេញលេញស្របតាមច្បាប់ ក្នុងការចាត់ចែងអាស្រ័យផលនៅលើដី ដែលបានចែកគ្នារួចហើយជាមួយតំណាងក្រុមហ៊ុន។
សូមបញ្ជាក់ថា នេះគឺជាការចុះកិច្ចសន្យាសះជា និងបញ្ចប់វិវាទ លើកទី២ ដែលលើកទី១ បានចុះកិច្ចព្រមព្រៀង កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ រវាងប្រជាពលរដ្ឋប្រាំបួនគ្រួសារ លើផ្ទៃដីទំហំ៣០ហិកតា ស្ថិតនៅក្នុងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយប្រគល់មកតំណាងឲ្យម្ចាស់ដើមវិញ ក្រោមបរិយាកាសសប្បាយរីករាយ និងរាប់អានគ្នា ក្នុងនាមជាជាតិសាសន៍ឈាមជ័រដូចគ្នា រស់នៅក្រោមម្លប់សន្តិភាព។
ការឯកភាពគ្នានេះ ត្រូវបានធ្វើឡើងនៅចំពោះមុខលោក ម៉ម សង ប្រធានភូមិគោករកា និងលោកស្រី ម៉ុត ជាតា ជំទប់ទី១ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយចុះកិច្ចព្រមព្រៀងប្រគល់ និងទទួលដីប្រភេទកសិកម្ម រវាងតំណាងភាគីក្រុមហ៊ុន និងគ្រួសាររបស់លោក ខុន ធន នៅក្នុងស្មារតីចែករំលែកគ្នា និងអនុគ្រោះគ្នាទៅវិញទៅមក ដោយមិនមានភាគីណាមួយខាតបង់ច្រើនឡើយ។
ក្រោយពីបានចុះកិច្ចសន្យាសះជា និងបញ្ចប់ទំនាស់រួចហើយ លោកមេភូមិព្រៃទទឹង និងលោកមេឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារទៅពិនិត្យ និងវាស់វែង ដល់ទីតាំងជាក់ស្តែងតែម្តង។
លោក ចិន សំអន មេឃុំដូនបា បានសម្តែងការសប្បាយរីករាយនៅពេលឃើញប្រជាពលរដ្ឋចាប់ផ្តើមយល់ពីវិធីដោះស្រាយតាមយុទ្ធសាស្ត្រឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ហើយបានព្រមព្រៀងគ្នាប្រគល់ដី៥០ភាគរយ នៃដីដែលពួកគាត់ចូលទន្ទ្រានកាន់កាប់ មកឲ្យតំណាងក្រុមហ៊ុនវិញ ដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃនេះ។
លោកមេឃុំបានមានប្រសាសន៍ទៀតថា មិនមែនតែលោកទេ ដែលសប្បាយចិត្តចំពោះដំណោះស្រាយនេះ សូម្បីតែលោកអភិបាលស្រុកគាស់ក្រឡ ក៏សប្បាយចិត្តដែរ ព្រោះឃើញដំណើរការដោះស្រាយវិវាទប្រព្រឹត្តទៅប្រកបដោយស្មារតីយោគយល់គ្នា និងអនុគ្រោះឲ្យគ្នាទៅវិញទៅមក។
យោងតាមឯកសារជាច្រើនបានឲ្យដឹងថា ដីរបស់ក្រុមហ៊ុន អេហ្រ្វីខ័លឈ័រ ហ្រ្គីន ហ្វៀល (AGRICULTURE GREEN FIELD Co,Ltd) ដែលមានទំហំជាង៤ពាន់ហិកតា គឺបានទិញដោយចំណាយប្រាក់យ៉ាងច្រើន និងមានឯកសារទទួលស្គាល់ត្រឹមត្រូវពីអាជ្ញាធរពាក់ព័ន្ធ កាលពីឆ្នាំ២០០៦មកម្លេះ។ ប៉ុន្តែក្រោយមកស្រាប់តែមានជនខិលខូចមួយចំនួន បានញុះញង់ឲ្យពលរដ្ឋចូលកាប់ទន្ទ្រានបំពានលើដីក្រុមហ៊ុនជាបន្តបន្ទាប់ រហូតតុលាការខេត្តបាត់ដំបង ចេញដីកាចាត់ចែងរក្សាការពារក៏ដោយ ក៏ក្រុមជនខិលខូចទាំងនេះ នៅបន្តសកម្មភាពយ៉ាងគឃ្លើនដដែល។
ក្នុងសកម្មភាពទន្ទ្រានយកដីរបស់ក្រុមហ៊ុនវិនិយោគបរទេស ទាំងបំពានច្បាប់នេះ គេសង្កេតឃើញបុគ្គលម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាមន្ត្រីយោធា និងបុគ្គលមួយចំនួនទៀត បានគប់គិតគ្នាជាប្រព័ន្ធ ហើយយកដីរបស់ក្រុមហ៊ុនលក់ទៅឲ្យពលរដ្ឋនៅក្នុងមូលដ្ឋាន និងអ្នកមកពីស្រុកឆ្ងាយ យ៉ាងអាណាធិបតេយ្យ ដោយមិនខ្លាចរអា ឬញញើតនឹងដីកាចាត់ចែងរក្សាការពាររបស់តុលាកាតបាត់ដំបងឡើយ។
ក្នុងករណីរំលោភលើដីឯកជននេះ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ជាតំណាងឲ្យក្រុមហ៊ុនអេហ្រ្វីខា័លឈ័រ ហ្រ្គីន ហ្វៀល ខូអិលធីឌី បានជួបពិភាក្សាជាមួយអាជ្ញាធរស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងស្នើសុំកំណត់ព្រំរវាងដីសម្បទានសង្គមកិច្ច និងដីកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន ដើម្បីការពារមិនឲ្យជនខិលខូចទន្ទ្រានចូលកាន់កាប់ដោយខុសច្បាប់។
ឯកឧត្តមបណ្ឌិតសំណូមពរឲ្យអាជ្ញាធរស្រុកគាស់ក្រឡចូលរួមទប់ស្កាត់ក្រុមជនខិលខូច កុំឲ្យធ្វើសកម្មភាពឈូសឆាយ ភ្ជួររាស់ ឬសាងសង់លំនៅឋានបំពានលើដីរបស់ក្រុមហ៊ុនទៀត ក្នុងករណីទំនាស់ដីធ្លីនេះ នៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់នៅឡើយ។
ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ បានបញ្ជាក់ជូនលោកអភិបាលរងស្រុកទៀតថា «ខ្ញុំមកនេះ គឺគ្មានបំណងមករករឿងនោះទេ គឺខ្ញុំមកដើម្បីសម្របសម្រួលដោះស្រាយបញ្ហា ព្រោះភាគីខាងណា ក៏ជាប្រជាពលរដ្ឋរបស់យើង ហើយខ្ញុំចង់ឃើញភាគីទាំងសងខាង ទទួលបានលទ្ធផលឈ្នះឈ្នះ ដែលជាយុទ្ធសាស្ត្រដោះស្រាយទំនាស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។
នៅក្នុងវិវាទដីធ្លីនេះ អាជ្ញាធរស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាសាលប្រជុំរបស់សាលាស្រុក នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ បានប្រជុំពិភាក្សារកដំណោះស្រាយករណីវិវាទដីធ្លីរវាងម្ចាស់ដី និងអ្នកទន្ទ្រានចូលកាន់កាប់ដី នៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ។
កិច្ចប្រជុំនេះដឹកនាំដោយលោក ញឹក សារ៉ែន អភិបាលនៃគណៈអភិបាលស្រុកគាស់ក្រឡ ដោយមានការចូលរួមពីភាគីតំណាងក្រុមហ៊ុនម្ចាស់ដី និងតំណាងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការចូលកាន់កាប់ដីនៅក្នុងចំណុចមានវិវាទនេះ ដើម្បីពិភាក្សារកដំណោះស្រាយតាមយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដែលលោកអភិបាលស្រុកគាស់ក្រឡពេញចិត្ត។
ក្រោយប្រជុំចប់ លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ បានសរសេរសារបង្ហោះលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា «២៧/០៧/២០២២ ស្រុកគាស់ក្រឡករណីវិវាទដីធ្លីដ៏រាំរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ក្រោយពីមានការសម្របសម្រួលរបស់ក្រុមការងារ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធធ្វើឲ្យមានលទ្ធផលផ្លែផ្កាល្អប្រសើ ឈានទៅរកការបញ្ចប់វិវាទនៅពេលខាងមុខ»។
ប៉ុន្តែ ការខិតខំយកចិត្តទុកដាក់ដោះស្រាយពីសំណាក់លោក ញឹក សារ៉ែន ត្រូវបានរំខានដោយមនុស្សទន្ទ្រានយកដីស្របច្បាប់របស់អ្នកដទៃមួយក្តាប់តូច បន្តប្រមូលផ្តុំគ្នាធ្វើព្យុះភ្លៀងក្នុងរូបភាពមហាជន ដើម្បីបង្កបញ្ហាស្មុគស្មាញ នៅក្នុងមូលដ្ឋាន ដោយបំពានស្មារតីប្រជុំរបស់លោកអភិបាលស្រុកគាស់ក្រឡ ដែលបានហាមមិនឲ្យធ្វើសកម្មភាពរញ៉េរញ៉ៃ ពិបាកដោះស្រាយក្នុងរឿងវិវាទដីធ្លី ដោយពួកគាត់អះអាងថា ជាម្ចាស់ដីនេះដែរ ទោះបីជាគ្មានឯកសាបញ្ជាក់ពីការកាន់កាប់ដីក៏ដោយ។
មេខ្លោងប្រមូលផ្តុំគ្នានេះ គេសង្កេតឃើញមុខមនុស្សដដែល មានឈ្មោះ អៀន ណាវី ហៅយាយវ៉ែនតា អាយុ៦១ឆ្នាំ ជាអ្នកដើរប្រមូលអ្នកភូមិ ដែលខ្លះមិនមានដីសោះ និងជាពិសេសឈ្មោះ លត ធី ហៅអាចារ្យចៅមហាធី អាយុ៤៧ឆ្នាំ ជាមេខ្លោងញុះញង់ឲ្យប្រព្រឹត្តអំពើហិង្សា ដូចជាករណីវាយកម្ទេចទ្រព្យសម្បត្តិរបស់ក្រុម កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ប៉ុន្តែក្រុមហ៊ុនមិនទាន់ចាត់វិធានការផ្លូវច្បាប់នៅឡើយទេ ដោយសារទុកឱកាសឲ្យពួកគាត់ចេញមុខសម្របសម្រួលជាមួយតំណាងក្រុមហ៊ុន៕