លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងនៅក្នុងជំនួប ជាមួយលោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩ ។
ជុំវិញការអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការចូលរួមបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តល់អាទិភាព ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងបន្តគាំទ្រដល់ការបង្កើតបរិស្ថាន សម្រាប់ការរីកលូតលាស់វិស័យឌីជីថល។
លោក រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Smart Axiata បន្តវិនិយោគ និងផ្តល់ការគាំទ្របន្ថែម ដល់ការបង្កើតធុរកិច្ចថ្មីៗ ផ្អែកលើបច្ចេកវិទ្យា (ឬ Tech-Startup) ជាដើម។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានលើកឡើងថា សកម្មភាព ធុរកិច្ចរបស់ក្រុមហ៊ុន Smart Axiata បានវិនិយោគប្រមាណជាង ១.៤ ពាន់លានដុល្លារអាមេរិក ពីឆ្នាំ២០០៨ ដល់ ២០១៨ បានផ្តល់ការតភ្ជាប់ឌីជីថលរហូតដល់ជិត ៩៩%, ក្នុងនោះមានអ្នកប្រើប្រាស់ ៧.៥ លាននាក់ ដោយគ្របដណ្តប់ ២៥ខេត្តក្រុង, និងផ្តល់ការងារជាង ១ពាន់នាក់ផងដែរ ។
លោក Thomas Hundt បានបន្តថា ក្រុមហ៊ុន Smart Axiata នឹងបន្តវិនិយោគបន្ថែម មិនត្រឹមតែក្នុងវិស័យទូរគមនាគមន៍ប៉ុណ្ណោះទេ គឺថែមទាំងពង្រីកសកម្មភាពធុរកិច្ចផ្សេងទៀត ក្នុងវិស័យឌីជីថល ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា៕