ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រធានដែនជម្រកសត្វព្រៃភ្នំព្រិច ខេត្តមណ្ឌលគិរី សង្ស័យមានចំណែកជាមួយជនជាតិវៀតណាម ចូលកាប់ឈើដោយខុសច្បាប់

លោក ហាន សុខន ប្រធានដែនជម្រកសត្វព្រៃភ្នំព្រិច ខេត្តមណ្ឌលគរី កំពុងតែស្ថិតក្នុងចំណុចសង្ស័យថា ជាអ្នកមានចំណែកក្នុងសកម្មភាពបើកដៃឲ្យកាប់បំផ្លាញព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

ក្រោយពីនគរបាលខេត្ត បានចាប់ខ្លួនមនុស្ស១០នាក់ កំពុងធ្វើសកម្មភាពកាប់ និងប្រមូលឈើ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិក្តោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី រឹបអូសបានឈើហ៊ុបអារឡាំងរូចស្រេចជិត១០០០កំណាត់ ដែលត្រៀមដឹកឆ្លងដែនទៅលក់ក្នុងទឹកដីវៀតណាម។

ក្នុងប្រតិបត្តការនោះ សមត្ថកិច្ច ឲ្យដឹងថា ជនសង្ស័យជាខ្មែរទាំង៨នាក់ មិនទាន់ស្អាល់អត្តសញ្ញាណនៅឡើយទេ ចំណែកបុរសវៀតណាមពីរនាក់ មានឈ្មោះ ង្វៀង ង៉ុកចូវ អាយុ៦០ឆ្នាំ និងឈ្មោះ ថាត់ យូ អាយុ៤២ឆ្នាំ ត្រូវនគរបាលប្រគល់ឲ្យមន្ត្រីនៃមន្ទីរបរិស្ថានខេត្តសាកសួរ និងកសាងសំណុំរឿងទៅតុលាការចាត់ការបន្ត។

ប្រភពដដែលបានបញ្ជាក់ទៀតថា  លោក ហាន សុខន កំពុងតែរត់ឆ្លេឆ្លារកអ្នកជួយអន្តរគមន៍ ព្រោះជនត្រូវចាប់ខ្លួនទាំងនេះ ឆ្លើយដាក់បន្ទុកមកលើលោកជាក់ជាមិនខាន អំពីការបើកភ្លើងខៀវឲ្យចូលមកកាប់ និងដឹកឈើចេញ ទៅលក់នៅវៀតណាម ដើម្បីផលប្រយោជន៍ផ្តាល់ខ្លួន។

មន្ត្រីពាក់ព័ន្ធមួយចំនួនបានអះអាងថា លោក ហាន សុខន បានលបលួចឃុបឃិតជាមួយឈ្មួញវៀតណាម ឲ្យកាប់ឈើដោយខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រិចនេះជាយូរមកហើយ និងដឹកតាមរថយន្តធុនធំរាប់សិបគ្រឿងចូលទៅក្នុងទឹកដីវៀតណាម ដោយបន្លំភ្នែកមហាជន។

ចំណែកមន្ត្រីនគរបាល ដែលបានចូលរួមក្នុងប្រតិបត្តិការបង្ក្រាបនេះ បានបញ្ជាក់ថា មន្ត្រីបរិស្ថានដឹកនាំដោយលោក កែវ សុភក្តិ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កំពុងតែសួរយកចម្លើយពីជនសង្ស័យទាំង១០នាក់៕