សៀមរាប: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ នេះបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ២,៧៥១គ្រួសារផ្សេងទៀតដែលបានស្ម័គ្រចិត្តរើលំនៅឋាននិងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
កិច្ចសំណេះសំណាលនេះបានធ្វើឡើងនៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រីខេត្តសៀមរាបជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរការរុះរើសំណង់នោះ។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានជួបសំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្រុមផ្សេងទៀតដែលបានស្ម័គ្រចិត្តរុសរើសសំណង់នៅតំបន់រមណីយដ្ឋានអង្គរមកកាន់តំបន់អភិវឌ្ឍន៍រុនតាឯកនេះ បន្ទាប់ពីបានជួបសំណេះសំណាលកាលពីថ្ងៃទី១៣ ខែកញ្ញាកន្លងទៅប្រមាណជាង១ពាន់នាក់។
សម្ដេចតេជោបានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានស្ម័គ្រចិត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាថែរក្សាកេរ្ត៍មរតកដូនតា នៃប្រាងប្រាសាទអង្គរវត្ត។
សម្តេចតេជោបានមានប្រសាសន៍ថា ដូនតាខ្មែរបានសាងសង់ប្រាសាទបុរាណច្រើនណាស់នៅលើទឹកដីអង្គរយើងដូច្នេះយើងត្រូវរួមគ្នាថែរក្សាមរតកទាំងនេះ អោយបានគង់វង្ស។
សម្តេចតេជោបានមានប្រសាន៍បញ្ជាក់ថាកម្ពុជាកំពុងស្នើដាក់ប្រាសាទកោះកេរចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាបន្តទៀតផងដែរ។
សម្តេចតេជោបានថ្លែងថា ការដោះស្រាយតំបន់ប្រាសាទអង្គរទាមទារឱ្យសម្តេចត្រូវផ្សារភ្ជាប់ខ្លួននៅនឹងទីនេះ ជាមួយនឹងសេនាធិការរបស់សម្តេច ដើម្បីពន្លឿនការងារនេះអោយបានឆាប់។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋ ៥៩៤គ្រួសារ ដែលស្ម័គ្រចិត្តរើចេញពីចំណីផ្លូវ និងស្ទឹងក្នុងក្រុងសៀមរាបក៏ទទួលបានគោលនយោបាយដូចគ្នានឹងពលរដ្ឋរើចេញពីតំបន់អង្គរដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំអាជ្ញាធរអប្សរាធ្វើការនេះឱ្យម៉ត់ចត់ និងច្បាស់លាស់បំផុតចំពោះការគ្រប់គ្រងដីតំបន់អភិរក្សនៅរមនីយដ្ឋានអង្គរនេះ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់គណៈរដ្ឋមន្ត្រីឱ្យចេញ ស.ជ.ណ តែម្តងពាក់ព័ន្ធការអភិវឌ្ឍនៅតំបន់រុនតាឯកខេត្តសៀមរាបនេះ។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់សារជាថ្មីថាយោធភូមិភាគទី៤ និងកងពលធំទី២ ជាអ្នកដឹកជញ្ជូនសម្ភារៈរបស់ប្រជាពលរដ្ឋពេលរើលំនៅឋានមកកាន់តំបន់នេះ។
នៅថ្ងៃនេះ សម្តេចតេជោក៏បានណែនាំមិនឱ្យមានការលុបស្រះបុរាណនៅតំបន់រុនតាឯកនោះឡើយ ផ្ទុយទៅវិញត្រូវតែត្រូវជីកបន្ថែម ហើយយកដីចាក់នៅភូមិឋានរបស់ប្រជាពលរដ្ឋតែម្តង។
សម្រាប់ការឧបត្ថម្ភដំណាក់កាលដំបូងសម្រាប់ពលរដ្ឋមករស់នៅរុនតាឯក រួមមាន៖ មីមួយកេសធំត្រីខមួយកេសធំមាន ១០០កំប៉ុង អង្ករ ៥០គីឡូក្រាម ស័ង្កសី ៣០សន្លឹក តង់ ៤ម៉ែត្រគុណ ៦ម៉ែត្រ ចំនួន១ ឃីតមួយកញ្ចប់ (មុង ខ្នើយ ភួយ សារុង កន្ទេល) និងថវិកា ១លាន ៤សែន សម្រាប់មួយគ្រួសារ។ សម្តេចតេជោក៏បានប្រកាសឧបត្ថម្ភដល់ពលរដ្ឋ ១,៧១១គ្រួសារមុន ទទួលបន្ថែមនូវឃីតមួយ និងតង់១ ផងដែរ។
នៅថ្ងៃនេះ សម្តេចតេជោសម្រេចប្រគល់បណ្ណក្រីក្រប្រភេទ១ជូនដល់គ្រប់ពលរដ្ឋដែលមករស់នៅភូមិរុនតាឯកទាំងអស់គ្រប់គ្រួសារតែម្តង។
សម្តេចតេជោ បានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជាមិនសន្យាចោលទេតែបច្ចុប្បន្នរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកំពុងតែអនុវត្តន៍តែម្តងនូវគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋជិត ៣លាននាក់។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍និងសន្យាថាសម្តេចនឹងអញ្ជើញមកកាន់តំបន់អភិវឌ្ឍន៍រុនតាឯកនេះជាច្រើនដងបន្ថែមទៀតនៅពេលខាងមុខ ដើម្បីបានមកមើលនិងដឹងពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលមករស់នៅតំបន់អភិវឌ្ឍន៍ថ្មីនេះ៕