ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកជំនាញធនាគារថា ៖ ឆ្នាំ២០១៩ជាឆ្នាំល្អសម្រាប់វិស័យធនាគារ ការវិនិយោគស្របនិងការរីកចម្រើនសេដ្ឋកិច្ចជាតិ

លោកបណ្ឌិត អ៊ិន ចាន់នី អគ្គនាយកធនាគារអេស៊ីលីដា ភីអិលស៊ីបានមានប្រសាសន៍ថា វិស័យធនាគារពិតជាមានសារសំខាន់ ស្របតាមការវិវត្តនៃបដិវត្តន៍ឧហ្សាកម្មទី៤ ដែលទាមទារឲ្យវិស័យធនាគារត្រូវតែមានការអភិវឌ្ឍន៍ខ្លួន នៅឆ្នាំ២០១៩នេះជាឆ្នាំដែលមានការលូតលាស់ខ្លាំង សម្រាប់វិស័យហិរញ្ញវត្ថុ ដោយសារតែលំហូរវិនិយោគ ការធ្វើពាណិជ្ជកម្ម កំពុងតែមានសកម្មភាពច្រើនស្ទើរគ្រប់វិស័យ។

លោកបណ្ឌិតបន្តទៀតថា ការប្រកួតប្រជែងគ្នាចំពោះប្រទេសមហាអំណាចសេដ្ឋកិច្ចអាមេរិកនិងចិនបានធ្វើឲ្យកម្ពុជាបានទទួលបានផលច្រើន គ្រប់អាជីវកម្មទាំងអស់មានឱកាសច្រើន ក្នុងការប្រកួតប្រជែងជាពិសេសវិស័យធនាគារគឺជាប្រភពទុនដ៏ល្អសម្រាប់ការវិនិយោគរបស់ប្រជាពលរដ្ឋនៅឆ្នាំ២០១៩និងឆ្នាំបន្តបន្ទាប់ទៀត។

អ្នកជំនាញបានអះអាងថា វិស័យសេដ្ឋកិច្ចជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វិស័យឯកជនគឺប្រភពទុនមកពីវិស័យធនាគារ ដែលតាមការប៉ាន់ប្រមាណរបស់ស្ថាប័នអន្តរជាតិនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រាក់បញ្ជើសន្សំស្មើគ្នានិងផលទុនជាតិសរុប ដែលជាក់ស្តែងកាលពីឆ្នាំ២០១៨ កន្លងទៅនេះអ្នកធ្វើចំណាត់ថ្នាក់អន្តរជាតិបានវាយតម្លៃកម្ពុជាជាប់ចំណាត់ថ្នាក់បន្ថែមផងដែរលើផ្នែកសេដ្ឋកិច្ច។

សម្រាប់ លោក ឧកញ៉ា ហូត អៀងតុង អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានថ្លែងថា វិស័យធនាគារនិងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា មានកំណើនរឹងមាំមិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយសារតែស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជានិងស្ថានភាពនយោបាយមានភាពល្អប្រសើរ ហើយការបោះទុនវិនិយោគបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថ្មីនៅតែមានសកម្មភាពធម្មតា ។

លោកឧកញ៉ាបានបន្ថែមទៀតថា បច្ចុប្បន្ននេះវិស័យមីក្រូហិរញ្ញវត្ថុនៅតែមានកំណើនដដែលហើយឆ្នាំ២០១៨ និងឆ្នាំ២០១៩វិស័យនេះបន្តមានភាពរឹងមាំធម្មតា ហើយប្រជាពលរដ្ឋនៅតែមានសកម្មភាពមមាញឹកក្នុងការរកស៊ីទទួលទានជាធម្មតាក្នុងអាជីវកម្ម៕