ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក គោស៊ុ ប៊ុនសឿត អភិបាលរងខេត្ត លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ។
កិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សាខេត្ត និងពិនិត្យ និងអនុម័ត របាយការណ៍ត្រីមាសទី១ឆ្នាំ២០១៩ព្រមទាំងរបាយការណ៍ប្រចាំខែ មេសា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ក៏មានពិនិត្យអនុម័តលើសេចក្តីព្រាងប្រតិទិន និងសេចក្តីព្រាងសេចក្តីណែនាំស្តីពីដំណើរការការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០ -២០២៣)របស់រដ្ឋបាលខេត្តផងដែរ។
លោក ឡុង សុវណ្ណ និងលោក គោស៊ុ ប៊ុនសឿតបានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានខិតខំបម្រើការងារកន្លងមក ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ក្នុងនោះលោកគោស៊ុ ប៊ុនសឿត បានជំរុញដល់ ស្រុក អភិបាលក្រុង ស្រុក ត្រូវខិតខំបំពេញកាត្វកិច្ចរបស់ខ្លួន នូវការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើងទ្វេរដង ទាំងសេវាចាំបាច់ និងសេវាតម្រូវការ ជាពិសេស ត្រូវចុះមូលដ្ឋានជួបបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីទទួលយកការសំណូមពររបស់បងប្អូន ប្រជាពលរដ្ឋមកដោះស្រាយ និងធ្វើការដោះស្រាយឲ្យបានទាន់ពេលវេលា។
ជាមួយគ្នានោះ លោក ប្រធានក្រុមប្រឹក្សា បានបញ្ជាដល់លោកអភិបាលក្រុងស្រុកទាំងអស់ ត្រូវ យកចិត្តទុកដាក់បំផុតនូវសុខភាពរបស់ប្រជាពលរដ្ឋស្របពេលអាកាសធាតុឡើងកំដៅកាន់តែខ្លាំងនៅទូទាំងប្រទេស ដោយត្រូវសហការ ជាមួយមន្ទីរជំនាញក្នុងការដោះស្រាយបញ្ហាទាំង ឡាយដែលបង្កឡើងដោយការកើនឡើងកំដៅនេះ៕