ក្រុមហ៊ុនកៅស៊ូ បឹងកេតចាប់ផ្តើមវិនិយោគដាំដំណាំចេកអំបូងលឿង ដើម្បីនាំចេញទៅកាន់ទីផ្សារចិនដែលបច្ចុប្បន្ននេះក្រុមហ៊ុនកៅស៊ូ បឹងកេតកំពុងតែចាប់ផ្តើមប្រមូលផលនិងវេចខ្ចប់ផងដែរ។
លោកឧកញ៉ា ហេង ឡុង អគ្គនាយកក្រុមហ៊ុនកៅស៊ូ បឹងកេតបានថ្លែងថា បច្ចុប្បន្ននេះក្រុមហ៊ុនកៅស៊ូបឹងកេតកំពុងតែវិនិយោគសាលល្បងក្នុងផ្ទៃដីប្រមាណ ៥០០ ហិកតា ស្ថិតក្នុងខេត្តកំពងចាម សម្រាប់ដាំចេកអំបូងលឿងតាមបច្ចេកទេសនិងស្តង់ដារ ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិនខណៈប្រទេសចិនកំពុងតែផ្តល់កូតាដល់កម្ពុជា។
លោកឧកញ៉ាបានបន្តទៀតថា ដោយសារតែការវិវត្តន៍ទីផ្សារផ្នែកកសិកម្ម ដែលជំរុញឲ្យក្រុមហ៊ុនលោកសម្រេចចិត្តប្តូរយុទ្ធសាស្រ្តពីវិនិយោគពីដំណាំកៅស៊ូនិងងាកមកវិនិយោគលើដំណាំចេកវិញ ហើយបើកម្ពុជាមិនរត់ប្រណាំងតាមស្តង់ដារនិងគុណភាពពីការបញ្ជាទិញពីក្រៅប្រទេសនោះទេ គឺ ផលិតផលកម្ពុជាមិនអាចនាំចេញទៅប្រទេសចិននិងតាមបណ្តាប្រទេសផ្សេងៗទៀតបាននោះទេ។
សូមបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន បានជំរុញឲ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានកសិកម្មលើការងារទិដ្ឋភាពច្បាប់ និងបទដ្ឋានបច្ចេកទេស ជាពិសេស ការងារអនាម័យ ធ្វើយ៉ាងណាឲ្យការនាំចេញផលិតផលចេកឆ្លើយតបតាមស្តង់ដារទីផ្សារ។
រដ្ឋមន្ត្រីកសិកម្មក៏បានថ្លែងថា ចេកអំបូងលឿងនេះកំពុងមានការពេញនិយមខ្លាំងនៅលើទីផ្សារជាតិ និងអន្តរជាតិហើយការពង្រីកផ្ទៃដីដាំចេកនេះ បានធ្វើឡើង ខណៈកម្ពុជាកំពុងផ្តល់ការលើកទឹកចិត្តនិងបានចាប់យកភាគីចិនធ្វើជាដៃគូវិនិយោគដំណាំចេកដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ចយ៉ាងធំធេងសម្រាប់ទីផ្សារចិនទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
ក្រុមហ៊ុនបានចុះទុនវិនិយោគលើទឹកប្រាក់ប្រមាណជាង ៨លានដុល្លារ ដាំដុះចេកអំបូងលឿងលើផ្ទៃដីសាកល្បង ៥០០ ហិកតា ក្នុងនោះផ្ទៃដី ១០០ ហិកតា កំពុងធ្វើការប្រមូលផល និងវេចខ្ចប់នាំចេញទៅកាន់ទីផ្សារចិន ហើយអនាគតគ្រោងពង្រីកផ្ទៃដីដាំដុះឲ្យដល់ ១,៥០០ហិកតា ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារប្រទេសចិន៕