ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធី ប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដារាជនៅថ្ងៃទី៣ខែតុលានេះថា រដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាក្បាលរថភ្លើងនៃសេដ្ឋកិច្ចជាតិ។ ការរីកចម្រើនរបស់វិស័យឯកជន បានជួយផ្តល់ការងារជូនប្រជាពលរដ្ឋ ហើយរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធផងដែរ។
សម្តេចពិតជាមានមោទនភាពចំពោះការសម្រេចចិត្តឱ្យវិស័យឯកជនចូលរួមវិនិយោគលើការអប់រំ និងការផ្តល់ឱកាសឱ្យសាកលវិទ្យាល័យរដ្ឋយកថ្លៃមួយផ្នែកសម្រាប់ការសិក្សា។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គោលនយោបាយនៃវិស័យអប់រំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ននេះ គឺរុញសាលារៀនអោយទៅដល់ជនបទ និងបានកំណត់ថា ឃុំ១យ៉ាងតិចត្រូវមានអនុវិទ្យាល័យ១ ហើយបច្ចុប្បន្ននេះឃុំខ្លះ មានវិទ្យាល័យច្រើនជាង១ទៀតផង ដែលបានបណ្ដុះបណ្ដាលសិស្សានុសិស្សគ្រប់ទីកន្លែង មិនមានខ្វះខាតសាលារៀនដូចពីអតីតកាលទៀតឡើយ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថា ក្នុងឋានៈជានាយករដ្ឋមន្ត្រី និងជាអ្នកដាក់ចេញនូវគោលនយោបាយ ដូច្នេះសម្តេចមានសិទ្ធិថ្លែងលើបញ្ហានានា ជាពិសេសថ្មីៗនេះ ដែលសម្តេចមានការលើកឡើងពីការប្រកាសផ្តល់បណ្ណក្រីក្រជូនពលរដ្ឋនៅតំបន់រុនតាឯក ដែលមានបុគ្គលមួយចំនួនថា សម្ដេចកំពុងយកឱកាសស្វែងរកសំឡេងឆ្នោត។
សម្ដេចតេជោបានមានប្រសាសន៍ ថាមិនមែនជាការស្វែងរកសំឡេងឆ្នោតអ្វីទេ តែនេះជាគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់មកហើយ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅអ្នករស់នៅតំបន់រមណីយដ្ឋានអង្គរថា កុំរងចាំតថ្លៃសំណងជាមួយរាជរដ្ឋាភិបាល។ចំណាត់ការរបស់រាជរដ្ឋាភិបាលពេលនេះ គឺមិនថមថយនោះទេ ប្រសិនបើដល់ថ្ងៃឱសានវាទហើយប្រជាពលរដ្ឋមិនមានការរុះរើ ឬក៏មិនព្រមទទួលនូវការអនុវត្តរបស់រាជរដ្ឋាភិបាល នឹងមិនទទួលបានសំណងអ្វីឡើយ។
ដូច្នេះ សូមពលរដ្ឋគិតឱ្យបានច្បាស់ទាន់រដ្ឋាភិបាលកំពុងមានការថ្នាក់ថ្នម ពីព្រោះពេលនេះពលរដ្ឋដែលបានចាកចេញ គឺទទួលបាននូវអត្ថប្រយោជន៍ច្រើនណាស់។
ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរឱ្យនិស្សិតដែលទទួលជ័យលាភីទាំងអស់នាថ្ងៃនេះ ទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត ទាំងក្នុងការបន្តការសិក្សា និងការទទួលបានការងារល្អៗទៅតាមជំនាញនាពេលខាងមុខ៕