បាត់ដំបង៖ នគរបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ បានចាប់ខ្លួនបុរសម្នាក់ ជាកូនប្រសាររបស់លោកប្រធានភូមិគោករកា ឃុំដូនបា ពីបទរក្សាទុកគ្រឿងញៀនខុសច្បាប់។
យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សៀន រិទ្ទ តែនគរបាលសរសេរថា ឈ្មោះ សៀន ចាន់ ត្រូវបានចាប់ខ្លួននៅចំណុចព្រៃទង ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
របាយការណ៍បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា «លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូនបា បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ក្នុងបទល្មើសជាក់ស្តែង និងបានឃាឃាត់ជនសង្ស័យម្នាក់ ឈ្មោះ សៀន ចាន់ អាយុ៣៥ឆ្នាំ មានទីលំនៅចំណុចព្រៃទងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង»។
អ្នកស្គាល់ជនសង្ស័យ និងមន្ត្រីនគរបាលរដ្ឋបាល ឃុំដូនបា បានអះអាងថា ជនសង្ស័យឈ្មោះ សៀន រិទ្ធ នគរបាលខេត្តថាឈ្មោះ សៀន ចាន់ គឺជាកូនប្រសាររបស់លោក ម៉ម សង ប្រធានភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងជាមុខសញ្ញាចាស់ ដែលធ្លាប់ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
នគរបាលបានរៀបរាប់ថា វត្ថុតាងចាប់យកបានរួមមានម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួនមួយថង់ សង្ស័យមានសារធាតុញៀន, ទូរស័ព្ទមួយគ្រឿងម៉ាក OPPO ពណ៌ខ្មៅ, ដែកកេសមួយ
និងឧបករណ៍សម្រាប់ជក់ថ្នាំញៀន។
លោក ម៉ម សង ប្រធានភូមិគោករកា នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ឈ្មោះ សៀន រិទ្ទ គឺពិតជាកូនប្រសាររបស់លោកពិតប្រាកដមែន ហើយទទួលស្គាល់ថា មានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
លោកប្រធានភូមិគោករកា បានមានប្រសាសន៍ដូច្នេះថា «ឮគេថា ពាក់ព័ន្ធនឹងជក់ថ្នាំ [ញៀន]។ វាអត់រាង ខ្ញុំមិនដឹងធ្វើម៉េច។ រកផ្លូវសុខមិនឃើញទេ រកតែផ្លូវខុស ផ្លូវត្រូវល្អមិនងាយរកទេ។ ដេកស្រួល ស៊ីស្រួល មិនចង់ទេ ចង់តែមានលំបាក។ មានរូបច្រើន [កូន] ទុក្ខច្រើន»។
នៅលើទំព័រហ្វេសប៊ុករបស់ស្នងការនគរបាលខេត្តបាត់ដំបង បាលមិនបានបង្ហាញមុខកូនប្រសាររបស់លោកលោក ម៉ម សង ច្បាស់ឡើយ ទើបធ្វើឲ្យម្ចាស់គណនីហ្វេសប៊ុកមួយសួរថា «អូយបិទមុខធ្វើអីលោកប៉ូលីស បើកមុខទៅឲ្យគេស្គាល់ច្រើនគ្នាផង»។
ចំណែកគណនីហ្វេសប៊ុកមួយទៀត បានសួរនគរបាលថា «គេថា ម្នាក់ហ្នឹងជាកូនប្រសាររបស់លោក ម៉ម សង ប្រធានភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ សុំសួរលោកស្នងការខេត្តបាត់ដំបងថា តើប្រធានភូមិដឹកនាំតាមគោលការណ៍ ភូមិ-ឃុំ មានសុវត្ថិភាពយ៉ាងម៉េច បើកូនខ្លួនឯងជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន?»។
ប៉ុន្តែសំណួរទាំងពីរខាងលើនេះ មិនទទួលបានការឆ្លើយតបមកវិញឡើយ នារសៀលថ្ងៃដដែនេះ។
នៅពេលនេះ នគរបាលស្រុកគាស់ក្រឡ បានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕