ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចក្រឡាហោម ស ខេង បានអញ្ជើញសម្ពោធវេទិកាអុំទូក មាត់ទន្លេស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

បាត់ដំបង:សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែងនៅថ្ងៃទី៨ខែតុលាឆ្នាំ២០២២នេះបានអញ្ជើញសម្ពោធវេទិកាអុំទូក មាត់ទន្លេ ស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះសម្ដេចក្រឡាហោម ស ខេង បានសម្ដែងការអបអរសាទរនិងកោតសរសើររដ្ឋបាលខេត្តបាត់ដំបង រួមទាំងក្រុមស្ថាបត្យករវិស្វករនិងកម្មករ កម្មការរិនីទាំងអស់ដែលបានដឹកនាំ និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការសាងសង់វេទិកាអុំទូកនេះបានយ៉ាងលឿន ប្រកបដោយគុណភាព និងសោភ័ណ្ឌភាព។
សម្ដេចបានមានប្រសាសន៍ថា តាមរយៈវេទិកាអុំទូកដ៏ប្រណិតនេះ និងតាមរយៈការៀបចំសោភ័ណ្ឌភាពស្ទឹងសង្កែ ព្រមទាំងស្ទឹងសង្កែសម្បូរទឹកផងនោះ ពិធីប្រណាំងទូកខេត្តបាត់ដំបងនៅឆ្នាំនេះ នឹងប្រារព្ធឡើងយ៉ាងរីករាយ បង្កបង្កើតបានបរិយាកាសកាន់តែអធិកអធមជូនដល់ប្រជាពលរដ្ឋបានចូលរួមកំសាន្តក្នុងពេលកូវីដ-១៩ មានភាពធូរស្រាល។
សម្ដេចបានមានប្រសាសន៍ថាកីឡាប្រណាំងទូកគឺជាកីឡាប្រពៃណី ជាកីឡាមហាជន ប៉ុន្តែកីឡានេះបានសម្ដែងឱ្យឃើញពីការរក្សាប្រពៃណីទំនៀមទំលាប់ការរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋ។ជាមួយគ្នានេះក៏ជាការរួមចំណែកលើកម្ពស់វប្បធម៌ជាតិ។
សម្ដេចបន្តថា រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ជាប្រមុខ បានជំរុញលើកស្ទួយគ្រប់ប្រភេទកីឡាទាំងអស់។
នាឱកាសនោះដែរសម្ដេចក្រឡាហោម អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ក៏បានជម្រាបជូនអង្គពិធីអំពីគម្រោងសាងសង់វិមានឯករាជ្យ ខេត្តបាត់ដំបង នាពេលខាងមុខនេះ។
ផសម្ដេចក៏បានមានប្រសាន៍ដែរថា វិមានឯករាជ្យ រួមនឹងការរៀបចំសំណង់ និងសោភ័ណ្ឌភាពនានាទៀត ខេត្តបាត់ដំបង នឹងកាន់តែទទួលបានការទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត។
វេទិកាអុំទូកថ្មីមានបណ្តោយ៣៦ម៉ែត្រ ទទឹង ១៦ម៉ែត្រ និងកម្ពស់ ១៥,០៥ម៉ែត្រ ដោយបានចំណាយរយៈពេលសិក្សាប្លង់ចំនួន ៥ខែ និងរយៈពេលនៃការសាងសង់ចំនួន៤ខែបានក្រុងពាលីសាងសង់នៅថ្ងៃទី០១ ខែមិថុនាឆ្នាំ២០២២និងបានបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ដោយបានប្រើប្រាស់នូវសសរគ្រឹះចំនួន ៩៨ដើមនិងបានប្រើប្រាស់នូវវិស្វករជំនាញចំនួន៥នាក់ និងកម្លាំងកម្មករជាមធ្យមចំនួន ៨០នាក់ ដល់ខ្ពស់បំផុត ១៣៤នាក់ ។

វេទិកាអុំទូកថ្មី ត្រូវបានរៀបចំឡើងតាមលំនាំនៃស្នាដៃស្ថាបត្យកម្មពីរចនាបទសំណង់វត្តអារាមបុរាណចាស់ៗ អគារសាលាខេត្តចាស់ និងអគារព្រះរាជដំណាក់ផែ ដែលមានលក្ខណៈពិសេសនោះគឺ មានដំបូលកាកបាទ សញ្ញាបូកបួនទិសធំៗ និងមានបង្ហាញនូវហោជាងយ៉ាងស្រស់ឆើតឆាយ។

ផ្នែកដំបូលក្បឿងស្រកាលេញត្រូវបានសិក្សា និងយកមកប្រើនៅក្នុងគម្រោងវេទិកាអុំទូក ដោយក្បឿងស្រកាលេញ គឺជាក្បឿងខ្មែរដែលត្រូវបានប្រើប្រាស់នៅតាមដំបូលផ្ទះ ដំបូលកុដិ ដំបូលព្រះវិហារចំណាស់ៗជាដើម។
នៅចំកណ្តាលដំបូលមានស្លាកកសាងដ៏ស្រស់ស្អាត ដែលបានរចនាដោយមានជើងទម្រ និងស៊ុមយ៉ាងល្អប្រណិតដោយមានឆ្លាក់ជាឆ្នាំកសាងនៅខាងក្នុងផងដែរ ម្យ៉ាងទៀតនៅខាងលើព្រំដំបូលវេទិកាមានរំលេចនូវបង្គោលខ្លីៗឈររកឹងតំរៀបគ្នាតាមបណ្តោយនិងទទឹងព្រំដំបូលដែលគេហៅថានាងច្រាលជាគ្រឿងសិល្បៈលម្អរបស់ខ្មែរដែលបានបំពាក់នៅតាមប្រាសាទនិងវត្តអារាមនានាដូចជាប្រាសាទអង្គរវត្តប្រាសាទតាព្រហ្មប្រាសាទបន្ទាយសម្រែនិងប្រាសាទបន្ទាយស្រីជាដើមនិងខាងចុងដំបូលនីមួយៗមានបំពាក់ទៅដោយ ជហ្វា ផងដែរ ។

ផ្នែកហោជាងខាងមុខ និងខាងក្រោយដំបូលមុខដាច់ដែលលយមកខាងមុខ ភ្ជាប់ជាមួយហោជាងនិងមានរចនាស្លាបហោជាងដោយបំពាក់ក្បាច់ភ្ងីទេសយ៉ាងស្រស់ស្អាត ជាការសិក្សាដោយយកទម្រង់តាមវត្តឥន្រ្ទាធិបតី ឬវត្តសង្កែហើយនៅខាងក្រោមហោជាងមានក្បាច់លម្អដែលហៅថាកញ្ចាំងទ្រអង្គដែលយកទម្រង់តាមវត្តពិភិទ្ធា រាម។
ផ្នែកហោជាងសងខាងសម្រង់ចេញមកពីការសិក្សាទម្រង់វត្តសំរោង ដែលមានដំបូលហោជាងហក់មកខាងមុខទ្រដោយសសរពីរដើម និងមានរំលេចនៅក្បាច់ភ្ងីទេសដោយនៅខាងក្រោមហោជាងមានក្បាច់លម្អដែលហៅថា កញ្ចាំងទ្រអង្គ ដូចគ្នានឹងហោជាងខាងមុខ ខាងក្រោយផងដែរ។

ផ្នែកសសរ នៅខាងលើក្បាលសសរត្រូវបានបំពាក់ដោយទម្រទ្រេត ឬជន្ទល់ ដែលគេហៅថា ដៃស្នា។ដោយឡែកនៅអមជាប់តាមបណ្តោយក្បាលសសរជុំវិញអគារត្រូវបានរចនា និងបំពាក់ដោយក្បាច់ទម្រជញ្ចាំង។
ផ្នែកបាំងសាចដោយសារអគារវេទិកាអុំទូកខេត្តត្រូវបានរចនាដោយ បើកលំហទូលាយច្រើនដូចនេះក្រុមស្ថាបត្យករបានបំពាក់បាំងសាចខាងក្រៅ លម្អដោយជ្រីកំណោងកោងដើម្បីកាត់បន្ថយកុំឱ្យមានទឹកភ្លៀងសាចចូលក្នុងអគារ។

ផ្នែកបង្កាន់ដៃ សម្រាប់បង្កាន់ដៃត្រូវបានរចនាឱ្យមាននៅជុំវិញអគារ ដែលជាបង្គោលបញ្ឈរត្រង់ៗ ដែលហៅថា ជើងទាន ដោយត្រូវបានសិក្សាទម្រង់តាមជើងទានអគារសាលាខេត្តចាស់ ដោយមានការបន្ថែមផ្នែកខាងលើ និងខាងក្រោមខ្លះដើម្បីឱ្យសមាមាត្រជាមួយអគារវេទិកា ។
ផ្នែកខាងមុខច្រកចូលធំខាងមុខមានរូបសំណាកតោធំៗចំនួន២ ធ្វើពីថ្មភ្នំធម្មជាតិអមសងខាងដែលត្រូវបានសិក្សានិងយកលំនាំពីតោនៅមុខស្ពានថ្មចាស់ដែលជាស្ពានបានសាងសង់តាំងពីឆ្នាំ១៩១៦ នៅខាងមុខអគារសាលាខេត្តចាស់ ៕