ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឆ្នាំ២០១៩នេះ កំណើនសេដ្ឋកិច្ចកម្ពុជានៅតែលូតលាស់ជិត៧%

 

យោងតាមរបាយការណ៍ របស់ធនាគារពិភពលោក (World Bank) នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ បានបង្ហាញថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងថយអានុភាពបន្តិចមកវិញមកនៅជិត៧ភាគរយ ក្នុងឆ្នាំ២០១៩-២០២១ ដោយការនាំចេញនៅមានកម្រិតមធ្យម។

របាយការណ៍របស់ធនាគារពិភពលោក បានបន្តទៀតថា «ក្រោយពីសម្រេចបាន កំណើនលឿនដល់៧.៥ភាគរយ នៅក្នុងឆ្នាំ២០១៨មក សេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានរំពឹងទុកថា នឹងបង្វែរការយកចិត្តទុកដាក់ ទៅលើសក្តានុពលវែងឆ្ងាយម្តង។
ដោយការនាំចេញ នៅមានកម្រិតមធ្យម ស្របពេលដែលតម្រូវការលើពិភពលោកថយចុះ កំណើនពិតប្រាកដរបស់សេដ្ឋកិច្ច ត្រូវបានប៉ាន់ប្រមាណទុកថា នឹងថមថយអានុភាពបន្តិចមកវិញ មកនៅជិត៧ភាគរយ រវាងឆ្នាំ២០១៩-២០២១»។

ដោយចក្ខុវិស័យក្នុងរយៈពេលវែងឆ្ងាយអាស្រ័យ លើសមត្ថភាពរបស់ប្រទេស ក្នុងការស្រូបយករំហូរនៃការវិនិយោគផ្ទាល់ពីបរទេស ជាមួយការលើកកម្ពស់ការវិនិយោគក្នុងស្រុកផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែម ក្នុងរបាយការណ៍ របស់ធនាគារពិភពលោក។

ក្នុងរបាយការណ៍បានលើកឡើងថា ធ្វើយ៉ាងណាឲ្យថាមពល និងថ្លៃចំណាយលើការដឹកជញ្ជូនមានតម្លៃទាប ការរៀបចំឲ្យមាននូវកម្លាំងពលកម្មមានជំនាញ និងការកែលម្អបណ្តាញខ្សែចង្វាក់ផ្គត់ផ្គង់ ឲ្យប្រសើរឡើង សុទ្ធតែជាកត្តាសំខាន់ជាសារវន្ត សម្រាប់កម្ពុជារក្សាបាននូវភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់ខ្លួន៕