ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការក្រសួង ការងារបានថ្លែងក្នុងន្និសីទសារព័ត៌មាន ស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះថា ដោយសារកំណើនសេដ្ឋកិច្ចជាតិកម្ពុជាមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ រាជរដ្ឋាភិបាលកម្ពុជារួមនឹងក្រសួងពាក់ព័ន្ធបានរៀបចំនូវគោលនយោបាយសម្រាប់ដំឡើងអត្រាប្រាក់បៀវត្សជូនដល់និយោជិតនៅពេលដែលរាជរដ្ឋាភិបាលកំណត់គោលនយោបាយថ្មីឬទៅតាមកំណើនសេដ្ឋកិច្ចកម្ពុជាប្រចាំឆ្នាំ។
លោកបានលើកឡើងថា នៅឆ្នាំ២០២៣ ខាងមុខនេះ ប្រាក់ឈ្នួលកម្មករ និយោជិត នឹងត្រូវបានដំឡើងពី ១៩៤ ដុល្លារ ទៅ ២០០ ដុល្លារ ពោលគឺ ត្រូវបានដំឡើងចំនួន ៦ ដុល្លារ ដែលត្រូវបានគេរំពឹងថា នឹងជួយសម្រាល ការលំបាកមួយកម្រិតទៀត ដល់កម្មករ និយោជិត របស់កម្ពុជា។
“កំណត់នូវប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៣ ចំនួន ២០០ ដុល្លារអាមេរិកដែលកើនពី១៩៤ ដុល្លារនៅឆ្នាំ ២០២២ នេះទៅ ២០០ដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០២៣ខាងមុខនេះ ហើយបើសិនបើយើង បូករួមជាមួយនឹងអាប្រាក់អត្ថប្រយោជន៍បន្ថែមក៏ដូចជាកាតព្វកិច្ចផ្សេងៗទៀតគឺបងប្អូនកម្មករនិយោជិតរបស់យើងទទួលបានប្រាក់ឈ្នួលយ៉ាងតិច ២១០ទៅ២១៧ដុល្លារនៅឆ្នាំ ២០២៣ ហើយបើបូកជាមួយនឹង អត្ថប្រយោជន៍ផ្សេងៗទៀត គឺបងប្អូនកម្មករនិយោជិតរបស់យើងគាត់អាចទទួលប្រាក់ឈ្នួល យ៉ាងតិចគឺ ចន្លោះ ២២៨ ទៅ ២៤០ ដុល្លារក្នុងមួយខែ”។
ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣នេះ ទីបំផុត ភាគីពាក់ព័ន្ធ ក្នុងនេះ រួមមាន សហជីព និយោជក ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចរួម យកតួលេខ ១៩៨ ដុល្លារ និងបូករួមប្រាក់ឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន ចំនួន ២ ដុល្លារទៀត ហេតុនេះ ប្រាក់ឈ្នួលគោលរបស់កម្មករ និយោជិត ឆ្នាំ២០២៣ ខាងមុខ ត្រូវបានដំឡើងដល់ ២០០ ដុល្លារ ៕