ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នៅរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ (25th ASEAN-China Summit) ដែលរៀបនៅសណ្ឋាគារ សុខាភ្នំពេញ។
កិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំកិច្ចប្រជុំ និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ជាសហប្រធានដឹកនាំកិច្ចប្រជុំ។
កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេដារូសាឡឹម, លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី, លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីថៃ, លោក ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ, លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និងលោក លោក Tan Sri Datuk Azhar Azizan Harun ប្រធានសភាម៉ាឡេស៊ី តំណាងឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ ក្នុងនោះក៏មានការចូលរួមពី លោក លឹម ចុកហ៊យ អគ្គលេខាធិការអាស៊ាន ផងដែរ។
សូមបញ្ជាក់ថា ចិន បានក្លាយទៅជាដៃគូសន្ទនារបស់អាស៊ាន កាលពីឆ្នាំ១៩៩១។
កាលពីឆ្នាំ២០២១ អាស៊ាន និងចិន បានរៀបចំកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងនេះ។ ក្នុងកិច្ចប្រជុំនោះ មេដឹកនាំអាស៊ាន និងចិន បានសម្រេចបង្កើនកម្រិតទំនាក់ទំនងរវាងអាស៊ាន និងចិន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយទទួលស្គាល់ថា ទំនាក់ទំនងអាស៊ាន-ចិន គឺស្ថិតក្នុងចំណោមទំនាក់ទំនង ដែលប្រកបដោយថាមវន្តបំផុត មានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបានរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាពនៅក្នុងតំបន់។
ក្នុងកិច្ចប្រជុំនោះ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានដាក់សំណើ៥ចំណុចទៅកាន់អាស៊ាន ដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន-ចិន។ សំណើទាំង៥ចំណុចនោះរួមមាន៖
១-កសាងផ្ទះដែលប្រកបដោយសន្តិភាពជាមួយគ្នា ខណៈដែលចិនត្រៀមជាស្រេចក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យការពារជាតិ ឱក្រិដ្ឋកម្មឆ្លងដែន និងក្នុងការចុះហត្ថលេខាលើពិធីសារចំពោះសន្ធិសញ្ញាស្តីពី តំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។
២-កសាងផ្ទះមួយដែលមានសន្តិសុខជាមួយគ្នា ជាមួយការប្តេជ្ញាចិត្តរបស់ចិន ដើម្បីគាំទ្រចំពោះរបាំងការពារសុខភាពអាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។
៣-កសាងផ្ទះដែលមានវិបុលភាពជាមួយគ្នា ខណៈចិន និងផ្តល់គម្រោងវិនិយោគសម្រាប់ការអភិវឌ្ឍក្នុងទំហំទឹកប្រាក់ ១.៥ប៊ីលានដុល្លារអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ និងត្រៀមជាស្រេចក្នុងការធ្វើការជាមួយអាស៊ាន ដើម្បីទាញយកផលប្រយោជន៍ពេញលេញភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP ) និងពីតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិនដែលបានកែសម្រួលរួច និងក្នុងការបង្កើនការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស។
៤-កសាងផ្ទះដ៏ស្រស់ស្អាតមួយជាមួយគ្នា ដោយផ្តោតកិច្ចសហប្រតិបត្តិការកាន់តែធំទូលាយលើការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចពណ៌ខៀវ នៅក្នុងចំណោមកិច្ចសហប្រតិបត្តិការផ្សេងៗ។
៥-កសាងផ្ទះមួយប្រកបដោយមេត្រីភាពជាមួយគ្នា តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ជាពិសេសក្នុងចំណោមយុវជន និងថ្នាក់ដឹកនាំវ័យក្មេង៕