យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ភាគីចិនបានយល់ព្រមទិញអង្ករពីប្រទេសកម្ពុជាក្នុងបរិមាណ ៤០ម៉ឺន តោនចាប់ពីខែសីហា ឆ្នាំ២០១៩ រហូតដល់ចុងខែធ្នូឆ្នាំ២០២០ខាងមុខ ។
ដើម្បីជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនកាលពីថ្ងៃទី១២ មេសាបានរៀបចំអនុស្សារណៈនៃការយោគយល់គ្នាសម្រាប់ពាណិជ្ជកម្មអង្ករចូលទៅកាន់ទីផ្សារចិន។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងថា ជាលទ្ធផលភាគីទាំងពីរកម្ពុជា-ចិនបានឯកភាពគ្នាលើសេចក្តីព្រៀងអនុស្សារណៈ ដើម្បីចុះហត្ថលេខានៅក្នុងវេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី២ ដែលដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅទីក្រុងប៉េកាំងនៅថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៩នេះ ។
លោកបន្ថែមទៀតថា ខាងភាគីចិនបានយល់ព្រមទិញអង្ករកម្ពុជាហើយចំនួន ៤០ម៉ឺនតោន មានអង្ករផ្កាម្លិះ អង្ករក្រអូប អង្ករស និងចុងអង្កររបស់ប្រទេសកម្ពុជាគីចាប់តាំងពីខែសីហា ឆ្នាំ២០១៩ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២០។
ទិន្នន័យចុងក្រោយក្នុងឆ្នាំ២០១៧ បង្ហាញថា ទីផ្សារនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបបានស្រូបយកអង្ករកម្ពុជា៤៣% នៃបរិមាណនាំចេញសរុប ស្របពេលទីផ្សារចិនកំពុងប្រជែងក្នុងល្បឿនយ៉ាងរហ័សក្នុងការស្រូបយកអង្ករពីកម្ពុជា ដោយមានចំណែក៣៤%នៃការនាំចេញសរុប។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ សាធារណៈរដ្ឋប្រជាមានិតចិនបានចុះអនុស្សារណៈទិញអង្ករកម្ពុជា៣០ ម៉ឺនតោនក្នុងមួយឆ្នាំ កត្តាទាំងនេះបានធ្វើឲ្យឱកាសពង្រីកទីផ្សារកាន់តែធំទូលំទូលាយសម្រាប់អង្ករកម្ពុជា៕