ខេត្តលប់បូ៊រី ថៃ៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោកឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនធនាគារស្រូវ និងសហការី បានចុះទស្សនកិច្ចសិក្សាអំពីចង្វាក់ផលិតកម្មផលិតពូជស្រូវសុទ្ធ និងទីផ្សារពូជស្រូវ នៅមជ្ឈមណ្ឌលផលិតពូជស្រូវក្នុងខេត្តលប់ប៊ូរី ព្រះរាជាណាចក្រថៃ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ ។
លោកស្រីប្រធានមជ្ឈមណ្ឌលបណ្តុះពូជស្រូវប្រចាំខេត្តលប់ប៊ូរីបានឲ្យដឹងថា នៅទូទាំងព្រះរាជាណាចក្រថៃមានទីតាំងបណ្តុះពូជស្រូវសរុបទាំងអស់ចំនួន២៨ខេត្ត ហើយទីតាំងនីមួយៗទទួលបានការគាំទ្រគម្រោង បច្ចេកទេស និងថវិកាដោយក្រសួងកសិកម្ម និងសហគមន៍ របស់រាជរដ្ឋាភិបាលថៃ។
សម្រាប់មជ្ឈមណ្ឌលបណ្តុះពូជស្រូវលប់ប៊ូរីនេះ ក៏មិនខុសពីមជ្ឈមណ្ឌលពូជផ្សេងៗទៀតដែរ បានទទួលភារកិច្ចពីក្រសួងកសិកម្មនិងសហគមន៍ ត្រូវចំរាញ់ និងផលិតពូជស្រូវសុទ្ធល្អ ដើម្បីធ្វើការបែងចែក និងលក់ពូជស្រូវដែលផលិតបានជូនដល់ប្រជាកសិករ ក្រុមហ៊ុននិងលក់ឲ្យរដ្ឋវិញផងដែរ។
ដើម្បីផលិតពូជស្រូវសុទ្ធនេះឲ្យគ្រប់តាមផែនការ និងមានគុណភាព មជ្ឈមណ្ឌលបានធ្វើកិច្ចសហការជាមួយកសិករ ឬសហគមន៍កសិកម្មក្នុងមូលដ្ឋានដែលជាសមាជិកហើយមជ្ឈមណ្ឌលធ្វើការផ្តល់ជូននូវពូជគ្រឹះ ក៏ដូចជាថវិកា និងជំនួយបច្ចេកទេសទាំងស្រុងចាប់តាំងពីដំណាក់កាលសាបព្រោះ រហូតដល់តំណាក់កាលប្រមូលផល ។ ទន្ទឹមនេះផលដែលសម្រេចបាន ខាងមជ្ឈមណ្ឌលនឹងទទួលទិញយកមកវិញ។ ដូចនេះកសិករជាសមាជិកមិនមានការព្រួយបារម្មណ៍រឿងទីផ្សារឡើយ។
បន្ទាប់ពីការស្តាប់បទបង្ហញអំពីដំណើរការេបស់មជ្ឈមណ្ឌលរួចមកលោក កៅ ថាច និងសហការីបានបន្តចុះពិនិត្យមើលទីតាំងមន្ទីពិសោធន៍ពូជ រោងចក្រសំងួតពូជស្រូវ និងវេចខ្ចប់ពូជស្រូវសម្រាប់ធ្វើការបែងចែកទៅកាន់ទីផ្សារ៕