ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងរដ្ឋបាលជលផល នៅថ្ងៃទី២៦ ខែមេសានេះ បានសម្ពោធគម្រោងទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់ ដែលគាំទ្រដោយសហភាពអឺរ៉ុប។ កម្មវិធីនេះមានពិធីលែងសត្វអណ្ដើកហ្លួងចំនួន ២០ក្បាលទៀត ចូលក្នុងទីជម្រកធម្មជាតិវិញ ដែលធ្វើឡើងនៅភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
បើតាមអង្គការ WCS អណ្ដើកហ្លួង និងអណ្តើកសសៃ បានផុតពូជអស់ហើយពីប្រទេសកម្ពុជា។ តែមកដល់ឆ្នាំ២០០០ រដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញសារជាថ្មីនូវប្រភេទអណ្តើកនេះមួយចំនួនតូច នៅសេសសល់តាមដងព្រៃកស្រែអំបិល។
ចាប់ពីពេលនោះមក អង្គការ និងរដ្ឋបាលជលផលបានសហការគ្នា ដើម្បីការពារប្រភេទសត្វអណ្តើកនេះ កុំឲ្យផុតពូជ។ សកម្មភាពអភិរក្សសត្វអណ្តើតហ្លួងនេះ រួមមាន កម្មវិធីការពារសំបុក ការចិញ្ចឹកថែទាំក្រោយពេលញាស់ ការទប់ស្កាត់ការជួញដូរខុសច្បាប់ ការពង្រីកការអនុវត្តច្បាប់ ការពិនិត្យតាមដាន ការផ្សព្វផ្សាយ និងការគាំទ្រលើជីវភាពរស់នៅរបស់សហគមន៍៕