បាត់ដំបង៖ អាជ្ញាធរមូលដ្ឋាន នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បន្តបកស្រាយបញ្ច្រាស់គ្នាអំពីខ្លឹមសាររួមក្នុងស្មារតីប្រជុំ និងសេចក្តីជូនដំណឹងរបស់សាលាស្រុក ខណៈជនបំពាននៅតែបន្តសកម្មភាពរំលោភ។
ទង្វើបំពាននេះកើតឡើងបន្តទៀត នាព្រឹកថ្ងៃទី១២ និងព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយសារបុរសម្នាក់បានធ្វើសកម្មភាពភ្ជួររាស់ឈូសឆាយលើដីជាកម្មសិទ្ធិក្រុមហ៊ុន អេហ្រ្គីខ័លឈ័រ ហ្រ្គីន ហ្វៀល នៅត្រង់ចំណុចប្លុកតាសេក ស្ដិតនៅក្នុងឃុំដូនបា ស្រុកគាស់ក្រឡា ខេត្តបាត់ដំបង ដែលកំពុងមានទំនាស់ និងមិនទាន់ដោះស្រាយចប់សព្វគ្រប់។
នាសាលប្រជុំរបស់សាលាស្រុក នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ បានដឹកនាំប្រជុំពិភាក្សារកដំណោះស្រាយករណីវិវាទដីធ្លីរវាងម្ចាស់ដី និងអ្នកទន្ទ្រានចូលកាន់កាប់ដី នៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ហើយលោកបានសម្តែងការគាំទ្រគោលជំហរបស់ភាគីតំណាងក្រុមហ៊ុន ក្នុងការដោះស្រាយបញ្ហាដោយវិធីឈ្នះ-ឈ្នះ គឺគ្មានភាគីណាមួយខាតបង់ច្រើនឡើយ។
នៅកិច្ចប្រជុំនោះ មានការចូលរួមពីភាគីតំណាងក្រុមហ៊ុន ជាអ្នកទិញដី ភាគីតំណាងប្រជាពលរដ្ឋ១១គ្រួសារ ដើម្បីពិភាក្សារកដំណោះស្រាយតាមគោលនយោបាយឈ្នះ-ឈ្នះ ដែលលោកអភិបាលស្រុកគាស់ក្រឡពេញចិត្ត។
ក្រោយប្រជុំចប់ លោក ញឹក សារ៉ែន បានសរសេរសារបង្ហោះលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា «២៧/០៧/២០២២ ស្រុកគាស់ក្រឡ ករណីវិវាទដីធ្លីដ៏រាំរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ក្រោយពីមានការសម្របសម្រួលរបស់ក្រុមការងារ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធធ្វើឲ្យមានលទ្ធផលផ្លែផ្កាល្អប្រសើ ឈានទៅរកការបញ្ចប់វិវាទនៅពេលខាងមុខេ»។
ចំណែកនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ លោក ប៉ោក រ៉ា អភិបាលស្តីទីស្រុកគាស់ក្រឡ បានចេញសេចក្តីជូនដំណឹងហាមឃាត់រាល់សកម្មភាពភ្ជររាស់ឈូសឆាយនៅលើដី ដែលកំពុងមានទំនាស់ ដើម្បីរក្សានូវគោលការសន្តិភាព និងឈរលើគោលការសម្របសម្រួលដោះស្រាយ ដោយសន្តិវិធីជាមួយគ្នា ជាបន្តទៀតដើម្បីចៀសវាងមានអំពើហឹង្សាកើតឡើងជាយថាហេតុ។
ប៉ុន្តែ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បុរសឈ្មោះ ម៉េត បានបើកបរត្រាក់ទ័រពណ៌ខៀវមួយគ្រឿង ធ្វើសកម្មភាពឈូសឆាយបំពានលើដីក្រុមហ៊ុន ដែលសកម្មភាពនេះបំពានលើបំរាមរបស់អាជ្ញាធរស្រុក។
បុរសនេះបានអះអាងថា ដីដែលខ្លួនកំពុងភ្ជួរនេះ បានជួលពីស៊ីម៉ាក់។ បើដូច្នេះមែន មានន័យថា ស៊ីម៉ាក់កំពុងយកដីស្របច្បាប់របស់ក្រុមហ៊ុន អេហ្រ្គីខ័លឈ័រ ហ្រ្គីន ហ្វៀល ជួលឲ្យអ្នកដទៃទាំងបំពានច្បាប់ ខណៈបញ្ហាទំនាស់ដីធ្លីមួយនេះ មិនទាន់បានដោះស្រាយចប់នៅឡើយ។
លោក រស់ សុភា ប្រធានមណ្ឌលអភិវឌ្ឍន៍ ស៊ីម៉ាក់មរតកតេជោ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានបដិសេធការជាប់ពាក់ព័ន្ធករណីដីស៊ីម៉ាក់ជាន់លើដីរបស់ក្រុមហ៊ុន អេហ្រ្គីខ័លឈ័រ ហ្រ្គីន ហ្វៀល ហើយបានបញ្ចូនសារសំឡេងរបស់បុរសម្នាក់និយាយបកស្រាយស្មារតីប្រជុំ និងបំរាមរបស់រដ្ឋបាលសាលាស្រុកគាស់ក្រឡ មិនឲ្យឈូសឆាយលើដីកំពុងមានទំនាស់ ប៉ុន្តែលោកមិនបញ្ជាក់ឈ្មោះ ឬតួនាទីរបស់ម្ចាស់សំឡេងនេះឡើយ។
លោកបានបកស្រាយយ៉ាងខ្លីថា «សូមបញ្ជាក់លោកថា ដីតំបន់ស៊ីម៉ាក់គ្រប់គ្រងមិនបានពាក់ព័ន្ធនឹងក្រុមហ៊ុននេះទេ»។
មួយថ្ងៃក្រោយមក លោកបានមានប្រសាសន៍ថា មន្ត្រីរបស់លោកកំពុងស្រាវជ្រាវរកអ្នកបើកបរត្រាក់ទ័រឈ្មោះ ម៉េត ដែលបាននិយាយអះអាងអំពីការជួលដីពីស៊ីម៉ាក់ ដើម្បីបញ្ជាក់ឲ្យច្បាស់អំពីការលើកឡើងរបស់បុរសនេះ។
លោកប្រធានមណ្ឌលអភិវឌ្ឍន៍ ស៊ីម៉ាក់មរតកតេជោ បានបញ្ជាក់ថា «ខ្ញុំបានចាត់ក្រុមការងារចុះទៅពិនិត្យមើល និងបានឃើញគ្រឿងចក្រកំពុងធ្វើការមែន ប៉ុន្តែមិនស្ថិតក្នុងតំបន់ដីស៊ីម៉ាក់ទេ។ ដោយឡែកចំពោះឈ្មោះខាងលើ ពួកខ្ញុំកំពុងស្រាវជ្រាវតាមរកម្នាក់ហ្នឹង ដើម្បីឲ្យគាត់បញ្ជាក់ឲ្យបានច្បាស់លាស់ ព្រោះនេះមិនមែនជាដីស៊ីម៉ាក់ទេ ហេតុអ្វីគាត់ឆ្លើយថា ជួលពីស៊ីម៉ាក់អ៊ីចឹង»។
ទោះបីជាលោក រស់ សុភា មិនបញ្ជាក់ក៏ដោយ សារសំឡេងបញ្ជូនបន្តតាមតេឡេក្រាមមកនេះ បានបង្ហាញឈ្មោះថា ម៉ម សង ដែលជាមេភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងមានប្រវត្តិជាប់ពាក់ព័ន្ធលួចលក់ដីរបស់ក្រុមហ៊ុនវិនិយោគពីបរទេសនេះផងដែរ។
លោក ចិន សំអន មេឃុំដូនបា បានស្តាប់ផ្ទៀងផ្ទាត់សារសំឡេងនេះ និងបានអះអាងថា ម្ចាស់សារសំឡេងនេះ គឺពិតជាលោក ម៉ម សង មេភូមិគោករកាពិតមែន ដែលបកស្រាយខ្លឹមសារលិខិតជូនដំណឹងចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ របស់លោក ប៉ោក រ៉ា អភិបាលស្រុកគាស់ក្រឡស្តីទីថា មិនមានអនុភាពអនុវត្តលើស៊ីម៉ាក់ ទោះដីនោះកំពុងមានវិវាទជាមួយក្រុមហ៊ុនអេហ្រ្គីខ័លឈ័រ ហ្រ្គីន ហ្វៀល ក៏ដោយ។
លោក ម៉ម សង បាននិយាយក្នុងសារសំឡេងនេះថា «បាទមេ ព្រឹកមិញ គេបានសួរខ្ញុំ ខ្ញុំប្រាប់ថា លិខិតនេះអត់ពាក់ព័ន្ធនឹងក្រុមស៊ីម៉ាក់ទេ។ លិខិតនេះ ដោយសារ ប៉ោក រ៉ា គាត់ធ្វើនេះ គឺធ្វើសម្រាប់តែប្រជាពលរដ្ឋ និងក្រុមហ៊ុនទំនាស់ទេ។ អ៊ីចឹងអត់ពាក់ព័ន្ធទេ ។ ក្នុងហ្នុងគេដាក់តែពលរដ្ឋពាក់ព័ន្ធជាមួយក្រុមហ៊ុន។ ប៉ុន្តែអត់មានដាក់ស៊ីម៉ាក់ទេ។ អ៊ីចឹងហើយ បានខាងប៉ូលិសតេមកខ្ញុំ ខ្ញុំថាហ្នឹងហើយ បើហ៊ានទៅហាម ទៅហាមទៅ ព្រោះដីនេះជារបស់ស៊ីម៉ាក់។ បើក្នុងលិខិតអត់ហាមស៊ីម៉ាក់ទេ ហាមតែពលរដ្ឋ និងក្រុមហ៊ុនទេ។ អ៊ីចឹងរឿងស៊ីម៉ាក់ អត់មានហាមទេ។ អ៊ីចឹង អ្នកទៅហាមស៊ីម៉ាក់ឈូសឆាយ ខ្ញុំអត់ដឹងទេ ខ្ញុំអត់ទទួលខុសត្រូវទេ»។
ការបកស្រាយរបស់មេភូមិគោករកា និងប្រធានមណ្ឌលអភិវឌ្ឍន៍ ស៊ីម៉ាក់មរតកតេជា មានខ្លឹមផ្ទុសារយគ្នា។ លោក ម៉ម សង ប្រាប់មន្ត្រីនគរបាលប៉ុស្តិ៍ដូនប៉ា ដែលមានបំណងហាមឃាត់អ្នកភ្ជួររាស់ឈូសឆាយដីទាំងបំពានស្មារតីអង្គប្រជុំ និងសេចក្តិជូនដំណឹងរបស់រដ្ឋបាលស្រុក ដោយលោកលើកឡើងថា សកម្មភាពភ្ជួររាស់ឈូសឆាយលើដីស៊ីម៉ាក់ មិនអាចហាមឃាត់បានទេ។ ចំណែកលោក រស់ សុភា បដិសេធថា ទីតាំងដី ដែលបុរសឈ្មោះ ម៉េត កំពុងភ្ជួររាស់ឈូសឆាយ មិនមែនស្ថិតក្នុងបរិវេណដីរបស់ស៊ីម៉ាក់ឡើយ។
ប្រតិកម្មនឹងសម្តីរបស់លោកមេភូមិគោករកា នៅក្នុងសារសំឡេងខាងលើនេះ លោក ចិន សំអន មេឃុំដូនបា បានមានប្រសាសន៍ថា លោក ម៉ម សង បកស្រាយមិនត្រូវទេ គឺផ្ទុយនឹងគោលបំណងរួមរបស់រដ្ឋបាលសាលាស្រុកគាស់ក្រឡ ដែលចង់ឲ្យគ្រប់ភាគីពាក់ព័ន្ធក្នុងវិវាទដីធ្លីផ្អាករាល់សកម្មភាពទាំងអស់ ដើម្បីរក្សាស្ថានភាពស្ងប់ស្ងាត់សម្រាប់ដោះស្រាយដោយសន្តិវិធី។
លោក ចិន សំអន បានប្រតិកម្មថា «រាយការណ៍មេៗនេះ មិនដឹងមេណាទេ មិនមែនមេកើយខ្ញុំទេ។ គាត់ចង់និយាយថា រឿងរបស់ពលរដ្ឋផ្សេង ស៊ីម៉ាក់ផ្សេង។ ប៉ុន្តែលិខិតនេះ អាចអនុវត្តលើដី ដែលពាក់ព័ន្ធដីរបស់ក្រុមហ៊ុន»។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុក កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ដែលហាមបន្តការឈូសឆាយ លើដីដែលកំពុងមានទំនាស់ ដើម្បីរក្សានូវគោលការសន្តិភាព និងឈរលើគោលការសម្របសម្រួល ដោះស្រាយ ដោយសន្តិវិធីជាមួយគ្នា ជាបន្តទៀតនៅពេលក្រោយ ជៀសវាងមានករណីអំពើហឹង្សាកើតឡើងជាយថាហេតុ។
ខ្លឹមសារលិខិតនេះគឺ៖
១- ស្នើសុំឲ្យភាគីក្រុមហ៊ុន ផ្អាកធ្វើសកម្មភាពឈូសឆាយ និងដកគ្រឿងចក្រចេញពីទីតាំងទំនាស់ក្នុងរយ:ពេល០៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ជាកំហិត។
២- ករណីភាគីក្រុមហ៊ុនមិនអនុវត្តន៍តាមស្មារតីនៃសេចក្តីជូនដំណឹងនេះ រដ្ឋបាលស្រុកនឹងចាត់វិធានការតាមផ្លូវច្បាប់ ។
៣- នើអោយក្រុមហ៊ុន និង ប្រជាពលរដ្ឋ ពាក់ព័ន្ធហាមបន្តការឈួសឆាយ លើដីដែលកំពុងមានទំនាស់ ដើម្បីរក្សានូវគោលការសន្តិភាព និងឈរលើគោលការសម្របសម្រួល ដោះស្រាយ ដោយសន្តិវិធីជាមួយគ្នា ជាបន្តទៀតនៅពេលក្រោយ ជៀសវាងមានករណីអំពើហឹង្សាកើតឡើងជាយថាហេតុ។
ក្នុងលិខិតជូនដំណឹងនោះ រដ្ឋបាលស្រុកគាស់ក្រឡ ក៏បានសង្កត់ធ្ងន់ៗថា ក្នុងករណីភាគីក្រុមហ៊ុន និងភាគីប្រជាពលរដ្ឋ អនុវត្តន៍ផ្ទុយពី សេចក្តីជូនដំណឹងនេះ រដ្ឋបាលស្រុកនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់៕