ភ្នំពេញ៖ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក Loy Austin និងរដ្ឋមន្រ្តីការពារជាតិចិន លោក Wei Fenghe គ្រោងនឹងជូបគ្នានៅកណ្តាលក្រុងសៀមរាបនៅថ្ងៃស្អែកទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីបញ្ហាមួយចំនួនជុំវិញបញ្ហាតំបន់និងអន្តរជាតិ។
ជំនួបនេះធ្វើឡើងចំពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេននិងម្ចាស់ផ្ទះនៃកិច្ចប្រជុំចុងក្រោយនៅឆ្នាំ២០២២របស់រដ្ឋមន្រ្តីការពារជាតិអាស៊ាននិងដៃគូប្រទេសអ្នកមាននិងមហាអំណាច៨ទៀតរួមទាំងអាម៉េរិក ចិន រុស្សុី ឥណ្ឌា ជប៉ុន និងអូស្រ្តាលី ។
នៅក្នុងវេទិកាការពារជាតិកាលពីពេលកន្លងមកនៅប្រទេសសិង្ហបុរី លោក Austin បានថ្លែងថា “ការកើនឡើងជាលំដាប់នៃសកម្មភាពយោធា បែបបង្កហេតុនិងអស្ថិរភាពនៅជិតកោះតៃវ៉ាន់” ជាការគំរាមកំហែងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងវិបុលភាពក្នុងតំបន់។
លោក Wei បានតបវិញថា សហរដ្ឋអាម៉េរិកទៅវិញទេ ជាអ្នកកំពុងព្យាយាមបង្វែរបណ្តាប្រទេសអាស៊ីអាគ្នេយ៍ឱ្យប្រឆាំងទៅនឹងទីក្រុងប៉េកាំង ហើយកំពុងស្វែងរកផលប្រយោជន៍របស់ខ្លួនតាមទម្រង់រូបភាពក្រោមការដឹកនាំនៃ “ពហុភាគីនិយម”។