ក្រុមហ៊ុនបញ្ជូនពលករត្រូវធានានូវសុវត្ថិភាពផាសុខភាពភាពដល់ពលករនិង
ពលការិនីកម្ពុជា
លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើដល់ក្រុមហ៊ុនមួយនេះត្រូវបន្តការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាសម្របសម្រួលនាំចេញពលករទៅកាន់ទីក្រុងហុងកុងប្រកបដោយជោគជ័យ ដោយគោរពតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។
លោករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា ដើម្បីធានាបាននូវសុវត្ថិភាពផាសុខភាព ភាពត្រឹមត្រូវសេចក្តីថ្លៃថ្នូពិសេសការធានាបាននូវលក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរឡើងជូនដល់បងប្អូនពលការិនីកម្ពុជាដែលនឹងចេញទៅបម្រើការងារជាជំនួយការផ្ទះនៅទីក្រុងហុងកុង នាពេលខាងមុខឆាប់ៗនេះ។
លោករដ្ឋមន្ត្រីបានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភាបានដាក់ចេញនូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ពិសេស ការបន្តពង្រឹងអភិបាលកិច្ទទេសន្តប្រវេសន៍ការងារនិងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេរភាគីដើម្បីបើកទូលាយទីផ្សារការងារស្របច្បាប់នៅក្រៅប្រទេសទប់ស្កាត់ទេសសន្តរប្រវេសន៍ការងារដោយខុសច្បាប់។
លោករដ្ឋមន្ត្រីបន្ថែមថា ក្រសួងការងារលើកកម្ពស់ការគាំពារសិទ្ធិនិងផលប្រយោជន៍ សុខភាព និងសុវត្ថិភាពការងារ កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ពលករ ការផ្តល់ការសម្របសម្រួលទំនាក់ទំនងជាមួយគ្រួសារ និងការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍ ដែលធ្វើមាតុភូមិនិវត្ត តាមរយៈការទទួលស្គាល់ជំនាញការផ្ទេររបបសន្តិសុខសង្គមមកក្នុងប្រទេសការផ្តល់ប្រឹក្សាការងារធ្វើនិងការបង្កើតមុខរបរដោយខ្លួនឯង។
សម្រាប់ដំណាក់កាលសាកល្បងដំបូងនៅឆ្នាំ២០១៧កន្លងទៅនេះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយសមាគមអភិវឌ្ឍធនធានមនុស្សកម្ពុជានៅហុងកុង ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើការផ្តល់សេវាគាំពារនិងសេវាគាំទ្រនានាសម្រាប់ពលការិនីជំនួយការផ្ទះ និងផ្សព្វផ្សាយណែនាំអំពីពលការិនីជំនួយការផ្ទះកម្ពុជាទៅដល់និយោជកហុងកុង។
ប្រទេសកម្ពុជាបានបញ្ជូនពលករទៅបម្រើការងារនៅបរទេសបានចំនួន៦ ប្រទេសគឺ ប្រទេសថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន និងសឹង្ហបូរី និងហុងកុង ដែលមានពលករសរុបចំនួនប្រមាណ ១លាន២សែននាក់។ ហើយកន្លងមកពួកគាត់បានផ្ញើថវិកាមកកម្ពុជា ដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសាររបស់ពួកគាត់ប្រមាណជាង២ពាន់លានដុល្លារក្នុង១ឆ្នាំៗ។
នៅពេលបញ្ចប់កិច្ចសន្យាការងារនិងវិលត្រឡប់មកកម្ពុជាវិញពួកគាត់នឹងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពីព្រោះតាមរយៈការធ្វើការងារនៅបរទេសពួកគាត់មិនត្រឹមតែអាចរកប្រាក់ចំណូលបានបន្ថែមទេ ថែមទាំងទាំងទទួលបាននូវជំនាញ បទពិសោធន៍ ចំណេះដឹងភាសា និងរបៀបរបបរស់នៅក្នុងប្រទេសអភិវឌ្ឍន៍ទៀតផង៕