ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 ​ភ្លើង​ដាច់​ព្រឹក ដាច់​ល្ងាច ខាង​អគ្គិសនី​កម្ពុជា បកស្រាយ ៥ ចំណុច

ភ្នំពេញ៖  អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​ផ្តល់នូវ​ការបកស្រាយ ៥​ចំណុច ជុំវិញ​បញ្ហា​ភ្លើង ដាច់​ព្រឹក ដាច់​ល្ងាច តែ​បែរជា​គីឡូ កើនឡើង​ខុសធម្មតា​។ ប៉ុន្តែ​ការបកស្រាយ​ទាំងនោះ ត្រូវបាន​ប្រជាពលរដ្ឋ យល់ថា ជា​បញ្ហា​បច្ចេកទេស​ស្មុ​គ្រ​ស្មាញ ដែល​ប្រជាពលរដ្ឋ​សាមញ្ញ ពិបាក​នឹង​ផ្ទៀងផ្ទាត់ ដើម្បី​ងាយ​យល់​ណាស់​។​

អាជ្ញាធរ​អគ្គិសនី​កម្ពុជា បានលើកឡើង​នូវ ៥ ចំណុច រួមមាន​៖

1. អគ្គិសនី ដែល​ផ្តល់​ឲ្យ​អ្នក​ប្រើ​នីមួយៗ វា​រត់​កាត់​នាឡិកា​អគ្គិសនី ឬ​ជញ្ជីង​អគ្គិសនី​របស់​អ្នក​ប្រើ ដើម្បី​ឲ្យ​នាឡិកា​នោះ ធ្វើការ​វាស់វែង និង​កត់ត្រា​ចំនួន​គីឡូ (​គ​វ៉​ម៉​) ដែល​អ្នកផ្គត់ផ្គង់​ផ្តល់​ឲ្យ​អ្នក​ប្រើ រួច​ទើប​យក​ចំនួន​នេះ ទៅ​គុណ​អត្រា​ថ្លៃ ដើម្បី​គិតថ្លៃ​អគ្គិសនី​។ ដូច្នេះ​ចង់ដឹងថា តើ​ចំនួន​ទឹកប្រាក់ និង​គីឡូ​អគ្គិសនី ដែល​ផ្តល់​ឲ្យ​អ្នក​ប្រើ​ត្រឹមត្រូវ ឬទេ​នោះ​? ចំណុច​ទី​១ គេ​ត្រូវ​ពិនិត្យ​តើ​អគ្គិសនី ដែល​ផ្តល់​ឲ្យ​ពិតជា​បាន​រត់​កាត់​នាឡិកា​នោះទេ ទី​២ តើ​ការវាស់វែង​បរិមាណ​អគ្គិសនី​របស់​នាឡិកា​ត្រឹមត្រូវ​ទេ និង​ទី​៣ តើ​ការ​កត់​លេខ​យក​ពី​នាឡិកា​ទៅ​គិតលុយ​ធ្វើ​វិក្កយបត្រ​ត្រឹមត្រូវ​ទេ​។​

2. ដើម្បី​ពិនិត្យថា​តើ​ការវាស់វែង​បរិមាណ​អគ្គិសនី​របស់​នាឡិកា​ត្រឹមត្រូវ​ទេ​? ទី​១.​គេ​ត្រូវ​ពិនិត្យ​ខ្សែ​ប្លុម​បេ​គម្រប​នាឡិកា​ពី​រោងចក្រ​ផលិត តើ​មាន​របើក ឬ​ដាច់​ទេ បើ​គ្មាន​របើក​ឬ​ដាច់​ទេ​? គេ​ចាត់ទុកថា គ្មាន​អ្នក​កែឆ្នៃ​នាឡិកា​នោះទេ និង​ទី​២.​បើ​គ្មាន​អ្នក​កែឆ្នៃ​ទេ គេ​ត្រូវ​ពិនិត្យ​ផ្ទៀងផ្ទាត់​ដំណើរការ​របស់​វា​ជាមួយ​នាឡិកា​ស្តង់ដារ ថា​តើ​វា​ដំណើរការ​វាស់វែង និង​កត់ត្រា​ត្រឹមត្រូវ​តាម​ស្តង់ដារ​កំណត់​រឺទេ​?​។​

3. ដើម្បី​ពិនិត្យថា តើ​ការ​កត់​លេខ​ពី​នាឡិកា​អគ្គិសនី​ត្រឹមត្រូវ​ទេ​? គេ​ត្រូវ​ពិនិត្យ​លេខ ដែល​ដាក់​ក្នុង​វិក្កយបត្រ ជាមួយ​លេខ​ក្នុង​នាឡិកា ដែល​កន្លង​ទៅមុខ​បន្តិច​នោះ តើ​លេខ​ទាំង ២ នេះ វា​សមស្រប​ជាមួយគ្នា​ទេ​? ។​

4.​ប្រសិនបើ​សង្ស័យថា ជញ្ជីង​វាស់​មិន​ត្រឹមត្រូវ អ្នកប្រើប្រាស់​អគ្គិសនី​នៅ​តំបន់​ណាក៏ដោយ អាចបំពេញ​ពាក្យស្នើសុំ​ឲ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដែលជា​អាជ្ញាកណ្តាល​យក​ឧបករណ៍​ផ្ទៀងផ្ទាត់​ទៅ​ផ្ទៀងផ្ទាត់​នាឡិកា​វាស់​អគ្គិសនី​នោះ​មើល តើ​វា​ដើរ​ត្រឹមត្រូវ​ទេ​។ ការងារ​នេះ ធ្វើ​ជូន​ដោយ​មិន​យក​កម្រៃ​ទេ​។​

5.​ប្រសិនបើ​ផ្ទៀងផ្ទាត់​រួចហើយ អ្នកនោះ​នៅតែ​សង្ស័យ​មិន​ជឿ​លើ​ការផ្ទៀងផ្ទាត់​របស់​អាជ្ញា​ធរ​អគ្គិសនី​កម្ពុជា​នេះ​ទេ​? អ្នកនោះ អាច​ទៅ​ទិញ​នាឡិកា​ណា ដែល​គេ​យល់ថា​ត្រឹមត្រូវ ទោះជា​ទិញ​ពី​កន្លែង​ណា និង​ប្រទេស​ណាក៏ដោយ រួច​ស្នើសុំ​មក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា យើងខ្ញុំ​នឹង​ពិនិត្យ​ព្រមទាំង​អនុញ្ញាត​ឲ្យ​ដាក់​នាឡិការ​នោះ វាស់ និង​កត់ត្រា​ទន្ទឹមគ្នា ជាមួយ​នាឡិកា​ចាស់​រប​ស់​អ្នកផ្គត់ផ្គង់ ក្នុង​រយៈពេល ៣​ខែ ដើម្បី​ផ្ទៀងផ្ទាត់​ធ្វើ​សាក្សី​មើល​ទាំងអស់គ្នា ថា​តើ​នាឡិកា​ចាស់ ដែល​អ្នកផ្គត់ផ្គង់​តំបន់​នោះ កំពុង​ប្រើ វាស់​ខុសពី​នាឡិកា ដែល​អ្នក​សង្ស័យ​ទិញ​មក​នោះទេ​។

​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បញ្ជាក់ថា «​បើ​ដាក់​វាស់​ទន្ទឹមគ្នា​រួច​ឃើញថា វា​ខុសគ្នា​មែន យើងខ្ញុំ​នឹង​រក​ខុសត្រូវ​ជូន​អ្នក​សង្ស័យ​នោះ​ភ្លាម​។ ដូច្នេះ​បើ​ចង់បាន​ភាពត្រឹមត្រូវ​សូម​ធ្វើតាម​នីតិវិធី​ខាងលើ ប៉ុន្តែ​បើ​ចង់តែ​ឃើញ​គីឡូ​តិច ឬ​ចង់តែ​ឃើញ​លុយ​តិច ដោយ​មិន​សំអាង​លើ​ជញ្ជីង​អគ្គិសនី​ទេ យើងខ្ញុំ​ជា​អាជ្ញាកណ្តាល ពិតជា​មិនអាច​ធ្វើ​ជូន​បានទេ ពីព្រោះ​ការទិញ​លក់​អគ្គិសនី ត្រូវតែ​ឈរលើ​មូលដ្ឋាន​នៃ​ជញ្ជីង​វាស់​អគ្គិសនី មិនអាច​សំអាង​លើ​ការប្រៀបធៀប​ថា លុយ ឬ​គីឡូ​ខែ​នេះ តិច ឬ​ច្រើន​នោះទេ​»​។​

​សូមបញ្ជាក់ថា អាជ្ញាធរ​អគ្គិសនី​កម្ពុជា មិនមែនជា អគ្គិសនី​កម្ពុជា EDC ដែលជា​ក្រុមហ៊ុន​ស្វយ័ត​របស់​រាជរដ្ឋាភិបាល ក្នុងការ​ផ្គត់ផ្គង់ និង​ទទួល​លុយ​ពី​ប្រជាពលរដ្ឋ សព្វថ្ងៃ​ទេ​។​

​យ៉ាងណាក៏ដោយ ការបកស្រាយ​ទាំង ៥​ចំណុច​ខាងលើ​របស់​អគ្គិសនី​កម្ពុជា នៅតែ​មិនអាច​ចំ​លើ​ចម្ងល់​របស់​ប្រជាពលរដ្ឋ អ្នកប្រើប្រាស់​ភ្លើងអគ្គិសនី នាពេល​បច្ចុប្បន្ន ដែល​ចាប់តាំងពី​ខែមីនា​មក ភ្លើងអគ្គិសនី នៅ​ទូទាំងប្រទេស ត្រូវបាន​កាត់ផ្តាច់​ព្រឹកល្ងាចៗ រាល់ថ្ងៃ តែ​បែរជា​វិ​ក័យ​ប​ត្រ​ប្រចាំខែ ឡើង​គីឡូ និង​ឡើង​លុយ​ខុសពី​ធម្មតា​ទៅវិញ​។ តាម​ហ្វេ​ស​ប៊ុ​ក បាន​បង្ហោះ​ព្រោងព្រាត​នូវ​វិ​ក័យ​ប​ត្រ​អគ្គិសនី ដោយមាន​ចម្ងល់​សួរ​គ្នា និង​សួរ​អគ្គិសនី​កម្ពុជា EDC ពី​បញ្ហា​នេះ​។ តែ​មិនមាន​ការឆ្លើយតប​ទេ​។​

​យ៉ាងណាក៏ដោយ អ្នកជំនាញ​ខាង​ភ្លើងអគ្គិសនី និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក បាន​បង្ហោះ​ថា នៅពេល​ភ្លើងអគ្គិសនី​ដាច់ យើង​ត្រូវ​បិទ​ប៉ា​រ៉ែត​ភ្លើង ដើម្បី​កុំ​ឲ្យ​ភ្លើង​បុក នៅពេល​ភ្លើង​ឆេះ​មកវិញ ព្រោះ​ទី​១ កុំ​ឲ្យ​ខូច​ឧបករណ៍ប្រើប្រាស់​ផង និង​ទី​២ ដើម្បី​កុំ​ឲ្យ​កើន​គីឡូ​ភ្លើង​ផង​។ ករណី​ភ្លើង​ដាច់​ញឹក តែ​គីឡូ​ឡើង​នេះ គឺ​កើតឡើង​រហូត​កន្លងមក​៕​