(ខេត្តកោះកុង)៖ អគ្គនាយកដ្ឋាន ក.ប.ប. បានចូលរួមព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ សម្រាប់យុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ នៅទីរួមខេត្តកោះកុង ដោយអគ្គនាយកដ្ឋាន ក.ប.ប. បានរចនាផ្ទាំងរូបភាពបង្ហាញពីតួនាទីភារកិច្ច និងសកម្មភាពរបស់ខ្លួន បង្ហាញអំពីច្បាប់ដែលអគ្គនាយកដ្ឋាន កំពុងធ្វើការអនុវត្ត រួមមានច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ លិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ និងផ្ទាំងខិតប័ណ្ណអប់រំជាច្រើនទៀត ក្នុងគោលបំណងបង្ហាញដល់សាធារណជនឱ្យបានយល់ដឹងពីសិទ្ធិក្នុងការទទួលបានការការពារដោយច្បាប់ និងយន្តការបណ្តឹងមកអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងករណីមានបទល្មើសកើតឡើង។
ទន្ទឹមនឹងនេះផងដែរ អគ្គនាយកដ្ឋាន ក.ប.ប. ដែលមាននាយកដ្ឋានកិច្ចការហាឡាល ជាសេនាធិការ ក៏បានតាំងបង្ហាញសកម្មភាពរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា (គ.ត.ផ.ហ.ក) និងឯកសារពាក់ព័ន្ធនឹងកិច្ចការហាឡាល ពិសេសមានការដាក់តាំងផលិតផលហាឡាលកម្ពុជា ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដារផលិតផលហាឡាលកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា លើកកម្ពស់ទំនុកចិត្តរបស់បងប្អូនសាសនិកឥស្លាម មកលើស្លាកសញ្ញាហាឡាលកម្ពុជា ផ្សព្វផ្សាយអំពីបទប្បញ្ញត្តិពាក់ព័ន្ធ នីតិវិធីនៃការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា ស្ថាប័នមានសមត្ថកិច្ចទទួលបន្ទុកក្នុងការគ្រប់គ្រងកិច្ចការហាឡាល និងជំរុញការធ្វើពាណិជ្ជកម្មផលិតផលហាឡាលកម្ពុជា ជាពិសេសការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
ជាមួយគ្នានេះដែរ នៅរសៀលថ្ងៃទី២៩ ខែឆ្នាំដដែល អគ្គនាយកដ្ឋាន ក.ប.ប. បានចូលរួមធ្វើបទបង្ហាញស្តីពី “កិច្ចការហាឡាលកម្ពុជា” ក្នុងសិក្ខាសាលាដែលរៀបចំដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រោមអធិបតីភាព លោក កៅ កោសល អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងឯកឧត្តម ឈេង សុវណ្ណដា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង។ ក្រៅពីនោះក៏មានសិក្ខាកាមចូលរួមជាមន្ត្រីក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្ម លោក-លោកស្រីជាប្រធាន អនុប្រធាន មន្ទីរពាណិជ្ជកម្មខេត្ត សាខា ក.ប.ប. ខេត្តកោះកុង មន្ត្រីជុំវិញខេត្ត សាសនិកឥស្លាម និងនិស្សិតសរុបប្រហែល ៥០នាក់។