ភ្នំពេញ៖ លោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi)ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចជាផ្លូវការនៅកម្ពុជាបានហើយនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ។
ថ្នាក់ដឹកនាំមីយ៉ាម៉ាមកបំពេញទស្សនកិច្ចនៅកម្ពុជានេះ តាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
អំឡុងទស្សនកិច្ចជាផ្លូវការនៅកម្ពុជារបស់លោកស្រី អ៊ុង សានស៊ូជី នឹងចូលថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមរាជវាំង។
លោកស្រីក៏នឹងចូលជួបសម្តែងការគួរសមជាបន្តបន្ទាប់ ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស លោកស្រីទីប្រឹក្សារដ្ឋ នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យ និងព្រះមណ្ឌលព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា។ នៅចុងបញ្ចប់ នៃដំណើរទស្សនកិច្ច លោកស្រី នឹងអញ្ជើញទៅទស្សនាប្រាសាទមួយចំនួន នៅខេត្តសៀមរាប៕