ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសី ហនុ កាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២២ បានចុះបង្ក្រាប ករណី រក្សាទុក និង ជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយកន្លែង និង រកឃើញថ្នាំញៀនចំនួន ៣៤ បាវ មានទម្ងន់៨៨៤គីឡូក្រាម ប្រព្រឹត្ត នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឱ្យដឹងថា ការបង្ក្រាប និង រឹបអូសបានគ្រឿងញៀនយ៉ាងសន្ឋឹកសន្ធាប់ខាងលើនេះ ត្រូវបានធ្វើឡើង
បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខេត្តជំនាញបានទទួលពត៌មានពី បណ្តាញ មន្ត្រីកងរាជអាវុធហត្ថថា មានករណីជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំមួយកន្លែង នៅចំណុច បង្រ្កាបខាងលើ ។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ និយាយថា៖ បន្ទាប់ ពីប្រតិបត្តិការ បង្ក្រាប នៅទីតាំងសង្ស័ងលួចលាក់គ្រឿងញៀនខាងលើនេះ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ រឹបអូសបាន ថ្នាំញៀនចំនួន ៣៤ បាវ មានទម្ងន់ ៨៨៤គីឡូក្រាម (ជិត៩០០គីឡូក្រាម)។
បច្ចុប្បន្ននេះ វត្ថុតាងខាងលើ ត្រូវបានបញ្ចូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តការស្រាវជ្រាវ និង ស៊ើបអង្កត តាមនីតិវិធី។ ចំណែកឯ ជនសង្ស័យ ត្រូវបានកម្លាំង មន្ទីរ ជំនាញ បាន ពន្លាត ដែនដី សមត្ថកិច្ច ទៅ តាម រាជធានី – ខេត្ត ដើម្បី ស្វែងរក មុខសញ្ញា ពាក់ព័ន្ធ ដើម្បីចាប់ខ្លួន ល្មើស យកមក ផ្តន្ទាទោស តាមច្បាប់ ជាធរមាន៕
ដោយ ទេព ច័ន្ទ