(ខេត្តព្រះសីហនុ)៖ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តព្រះសីហនុកាលពីនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ បានចូលរួមអមដំណើរ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ធ្វើប្រតិបត្តិការត្រួតពិនិត្យទំនិញគ្រប់ប្រភេទ ជាពិសេសទំនិញឧបភោគបរិភោគ ដែលដាក់លក់ក្នុងឱកាសពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ ដែលធ្វើឡើងក្នុងខេត្តព្រះសីហនុ។
ការត្រួតពិនិត្យនេះ គឺដើម្បីបង្កាហានិភ័យណាមួយកើតឡើង និងធានាឱ្យបានថាទំនិញគ្រប់ប្រភេទដែលដាក់លក់ គឺមិនមានហានិភ័យ ឬមានលាយសារធាតុគីមីហាមឃាតផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ កំពុងចូលរួមដើរលេងកម្សាន្តក្នុងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ “ណែមសាច់ត្រី” មានលាយសារធាតុគីមីហាមឃាត់ (បូរ៉ាក់) ចំនួន ៤៧គីឡូក្រាម ដូចនេះមន្ត្រីយើងបានធ្វើការដកហូតតាមនីតិវិធី។ទន្ទឹមនឹងនោះដែរ មន្រ្តីយើងក៏បានបន្តណែនាំដល់អាជីវករឱ្យបានយល់ដឹងអំពីការដាក់តាំងលក់ទំនិញឱ្យបានត្រឹមត្រូវ និងមានអនាម័យល្អ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀតផង។