បន្ទាយមានជ័យ:ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុ ព្យាបាលខេត្តបន្ទាយមានជ័យ ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSSANGYONG ISTANA ពណ៌សគ្មានលិខិតអនុញ្ញាត។
ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើងនៅវេលា ម៉ោង០៥ និង១០ នាទីព្រឹក នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ ដោយមានការបញ្ជារផ្ទាល់ពី តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។
មន្ត្រីរកឃើញថា ប្រភេទរថយន្តដឹកអ្នកដំណើ ១៥កៅអី ពាក់ស្លាកលេខសៀមរាប២C-៣៤២០ ដឹកផលិតផលមានដើមកំណើតពីសត្វ(ប្រហិតចម្រុះ មានដូចជា ប្រហិតសាច់មាន់, , ប្រហិតសាច់គោ ប្រហិតសាច់ក្ដាម, ប្រហិតសាច់ត្រី, ប្រហិតសាច់បង្កា, ប៉ាត់តេ និងហតដក។)
បរិមាណមានចំនួន២៨០០គីឡូក្រាមមកពីប្រទេស ថៃ តាមច្រកភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង ឆ្ពោះទៅលក់ចែកចាយនៅខេត្តសៀមរាប ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញ។
ក្រុមការងារបានឃាត់នៅភូមិជប់ ឃុំជប់ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ក្រុមការងារបាននាំយកបទល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។