ភ្នំពេញ៖ ស្រ្តីជនជាតិថៃសង្ស័យ ម្នាក់ ដែលជាបុគ្គលិកកាស៊ីណូនៅប៉ោយប៉ែត កាលពីថ្ងៃទី ២៧ ខែ ធ្នូ ២០២២ នេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចចោទប្រកាន់ ពីបទ: រំលោភលើទំនុកចិត្ត ជាប់ពាក់ព័ន្ធនឹងការ លួចផ្ទេរប្រាក់ចេញពីក្រុមហ៊ុន ចំនួន៧,៤៧៧,២៤៤បាត ( ជាង៧លានបាត) ទៅកាន់គណនីធនាគាររបស់ខ្លួន ប្រព្រឹត្តកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចកាស៊ីណូ ផាលេសផ្តាស់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនត្រូវចោទ រូបនេះ មានឈ្មោះ កុងចៃ ឡាក់សាម៉ី ហៅលុកម៉ី ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិថៃ ជាបុគ្គលិកកាស៊ីណូ ។
ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ប៉េង រស្មី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ជាតំណាងក្រុមហ៊ុនកាស៊ីណូ មានទីលំនៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនត្រូវចោទ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: រំលោភលើទំនុកចិត្ត តាមមាត្រា ៣៩១ និង ៣៩២ នៃ ក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទត្រូវបាន ចាប់ឃាត់ខ្លួន តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់តុលាការ ដោយ សមត្ថកិច្ចកងរាជអាវុធហត្ថ កាលពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២២។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបានវត្ថុតាងរួមមាន៖ មាសសន្លឹកចំនួន ០៥សន្លឹក, កងដៃលោហៈធាតុពណ៌លឿងចំនួន០១កង, ឡែបថប់ ពណ៌ខ្មៅ ចំនួន ០១គ្រឿង, នាឡិកា ចចំនួន០១គ្រឿង , ខ្សែកលោហៈធាតុពណ៌លឿងចំនួន០១ខ្សែ, ទូរស័ព្ទម៉ាក Iphone 14pro max ចំនួន ០១គ្រឿង, និង ប្រាក់ថៃចំនួន ១០០,០០០បាត ។
ឥឡូវនេះ ស្ត្រីថៃត្រូវចោទ ត្រូវបញ្ជូន ទៅឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នងពន្ធនាគារ ដើម្បីរង់ចាំ ដោះស្រាយ តាមផ្លូវច្បាប់៕
ដោយ ទេព ច័ន្ទ