ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន «ក.ប.ប.» សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមន្ទីរពិសោធន៍ថ្មី

(ភ្នំពេញ)៖ អគារមន្ទីរពិសោធន៍ថ្មីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជ កម្ម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះ។

ពិធីធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីលោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខា ធិការ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយក អគ្គាធិការ ព្រមទាំងមន្ត្រីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. ជាច្រើនរូប។

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិ បាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអគារមន្ទីរពិសោធន៍ថ្មីនេះ បានបើ កការដ្ឋានសាង សង់កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០ ២១ និងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២ ០២២ ដោយចំណាយពេលវេលា សាងសង់ប្រមា ណ ១៧ខែ ក្នុងដំណាក់កាលដ៏លំបាកនៃការឆ្លង រាលដាលនៃជំងឺកូវីដ១៩។

លោក ផាន អូន បានថ្លែងតថា អគារនេះមានបណ្តោ យ ២៥ម៉ែត្រ ទទឹង ៨ម៉ែត្រ និងកម្ពស់ ៥ជាន់ សាង សង់នៅផ្នែកខាងកើត នៃស្នាក់ការកណ្តាល ក.ប.ប. និងមានជាន់ផ្ទាល់ដីជាចំណតសម្រាប់ចតរថយន្ត ដោយមានបំពាក់ជណ្តើរយន្តពីជាន់ផ្ទាល់ដី ដល់ជាន់ទី៥។

លោក ប៉ាន សូរស័ក្តិ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងពាណិ ជ្ជកម្ម។ ជាពិសេសក្រុមការងារសាងសង់ ដែលបានខិតខំប្រឹងប្រែងរៀបចំគម្រោង និងដំណើរការសា ងសង់ រហូតសម្រេចបានអគារមន្ទីរពិសោធន៍ដ៏ស្រស់ស្អាតនេះ។

អគារមន្ទីរពិសោធន៍នេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងពាណិជ្ជកម្ម ពិសេសអគ្គនាយកដ្ឋាន ក.ប.ប. ទទួលបាននាដើមឆ្នាំ២០២៣នេះ។

លោករដ្ឋមន្ត្រី ថ្លែងថា ដើម្បីអនុវត្តបានដោយជោ គជ័យ នូវគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ចាំបាច់ត្រូវមាន និងបន្តអភិវឌ្ឍនូវកត្តា៣ សំខាន់គឺ៖ រចនាសម្ព័ន្ធរឹង រចនាសម្ព័ន្ធទន់ និងធនធានមនុស្ស។

លោករដ្ឋមន្ត្រី បញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានយកចិត្តទុកដាក់ និងប្រឹងប្រែងធ្វើការអភិវឌ្ឍតាមរយៈការកសាងបាន នូវអគាររដ្ឋបាល និងមន្ទីរពិសោធន៍នៅថ្នាក់កណ្តាល និងអគាររដ្ឋបាល និងមន្ទីរពិសោធន៍ខ្នាតតូចនៅតាមបណ្តាខេត្ត ដែលរហូតមកដល់បច្ចុប្បន្ននេះ ខេត្តចំនួន១៦ មានអគារដែលទើបសាងសង់ថ្មីសម្រាប់បំពេញការងាររួចហើយ។

ក្រៅពីនេះក៏មានការបំពាក់រថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈនិងម្ហូបអាហារចំនួន ៩គ្រឿង និងឧបករណ៍សម្រាប់បម្រើឱ្យការងារត្រួតពិនិត្យ និងវិភាគក្នុងមន្ទីរពិសោធន៍មួយចំនួនទៀត។

ពាក់ព័ន្ធរចនាសម្ព័ន្ធទន់ លោករដ្ឋមន្ត្រី បន្ថែមថា ក្រសួងពាណិជ្ជកម្ម ពិសេសអគ្គនាយកដ្ឋាន ក.ប.ប. បានកសាងនូវបទប្បញ្ញត្តិជាច្រើន ក្នុងនោះមានច្បាប់ចំនួន៤ (ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញនិងសេវា, ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ)។

ក្រៅពីនេះ បានកសាងឯកសារគតិយុត្ត ដូចជាអនុក្រឹត្យ សេចក្តីសម្រេច ប្រកាសអន្តរក្រសួង ប្រកាស គោលការណ៍ណែនាំ និងនីតិវិធីប្រតិបត្តិស្តង់ដារ ជាច្រើនទៀត ដែលនេះ គឺជា មូលដ្ឋានគ្រឹះដ៏មានតម្លៃបំផុត សម្រាប់មន្រ្តីយកទៅអនុវត្តក្នុងបេសកកម្មការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងជំរុញការពារធុរកិច្ចឱ្យមានការប្រកួតប្រជែងដោយយុត្តិធម៌។

ចំពោះធនធានមនុស្សវិញ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានផ្តល់ការយកចិត្តទុកដាក់បំពាក់បំប៉នជំនាញបច្ចេកទេស ដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ តាមរយៈការបញ្ជូនទៅចូលរួមបណ្តុះបណ្តាលនៅក្នុងនិងក្រៅ ការរៀបចំវគ្គ បណ្តុះបណ្តាលជំនាញ និងសិក្ខាសាលាផ្ទៃក្នុងអង្គភាព និងអន្តរស្ថាប័នជាដើម។

ឆ្លៀតក្នុងឱកាសនេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត លោក ប៉ាន សូរស័ក្តិ បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន រួមមាន៖
* បន្តកសាងលិខិតបទដ្ឋានគតិយុត្ត សម្រាប់ជាមូលដ្ឋានដល់ការអនុវត្ត
* ត្រូវរួមគ្នាថែរក្សាអចលនៈទ្រព្យដែលមានស្រាប់ ធ្វើយ៉ាងណាប្រើប្រាស់ទ្រព្យសម្បត្តិទាំងនេះ ឱ្យអស់លទ្ធភាព
* បន្តលើកគម្រោងសាងសង់អគាររដ្ឋបាល និងមន្ទីរពិសោធន៍ខ្នាតតូច នៅតាមបណ្តាខេត្ត ដែលពុំទាន់មាន រួមទាំងការបំពាក់ឧបករណ៍វិភាគឱ្យបានគ្រប់គ្រាន់
* ពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ ឱ្យមានការយល់ដឹងស៊ីជម្រៅ ទាំងមូលដ្ឋានបច្ចេកទេស និងមូលដ្ឋានច្បាប់
* ពង្រឹងសមត្ថភាពវិភាគ ដោយរៀបចំនីតិវិធីស្តង់ដារឱ្យបានច្បាស់លាស់ និងរៀបចំប្រព័ន្ធតាមដានទិន្នន័យចំពោះផលិតផលដែលមានហានិភ័យ
* បង្កើនសកម្មភាពត្រួតពិនិត្យនៅតាមបណ្តាផ្សារ មជ្ឈមណ្ឌលចែកចាយ និងឃ្លាំងស្តុកទំនិញ ពិសេសម្ហូបអាហារ សំដៅអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ
* បង្កើនសកម្មភាពអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានា តាមរយៈការស៊ើបអង្កេត ស្រាវជ្រាវ ដើម្បី កំណត់បទល្មើសពាក់ព័ន្ធនឹងច្បាប់ទាំង៤ គឺច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញនិងសេវា, ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពី សុវត្ថិភាពម្ហូបអាហារ
* ពង្រឹងសាមគ្គីភាព ជួយគ្នាទៅវិញទៅមក អនុវត្តការងារប្រកបដោយវិជ្ជាជីវ និងឈរលើមូលដ្ឋានច្បាប់។

បន្ទាប់ពីពិធីសម្ពោធអគារមន្ទីរពិសោធន៍ថ្មីរួចហើយនោះ លោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងមន្ត្រីរាជការ ក៏បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត និងចែកទានជូនយាយជី តាជី ចំនួន ១២៣នាក់ផងដែរ៕