ភ្នំពេញ៖ អង្គការសមាគម សហជីពកម្មករជាច្រើន បានសហការប្រារព្ធទិវាពលកម្មអន្តរជាតិ ថ្ងៃ១ឧសភា ខួបទី១៣៣ នៅទីលានប្រជាធិបតេយ្យ ស្ថិតនៅសួនច្បារ មុខឃ្លាំងសាំង ឫស្សីកែវ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី០១ ខែឧសភាឆ្នាំ២០១៩។ពិធីជួបជុំនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាតឲ្យធ្វើដោយមិនមានហែក្បួនតាមផ្លូវទេ គឺដាក់ញត្តិនៅកន្លែងប្រារព្ធពិធី ដោយមានតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ទៅទទួលយកញត្តិទាំងនោះ។
កម្មករនិយោជិត សហគមន៍ សមាគម សហជីព និងអង្គការសង្គមស៊ីវិល ដែលធ្វើការខាងលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារ បានរៀបចំទិវាពលកម្មអន្តរជាតិ ខួបលើកទី១៣៣ ក្រោយប្រធានបទ “រួមគ្នាការពារសិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត និងទីផ្សារការងារ”។
សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញលិខិត អនុញ្ញាតឲ្យសហជីព សមាគម និងអង្គការសង្គមស៊ីវិល រៀបចំទិវាពលកម្មអន្តរជាតិ ថ្ងៃ១ឧសភា ខួបលើកទី១៣៣ ប្រធានបទ «រួមគ្នាការពារសិទ្ធិមូលដ្ឋានរបស់កម្មករនិយោជិត និងទីផ្សារការងារ» នៅទីលានប្រជាធិបតេយ្យ។
ក្នុងលិខិតនោះបានបញ្ជាក់ថា «ចំពោះសំណើសុំរៀបចំកម្មវិធីទិវាពលកម្មអន្តរជាតិ ថ្ងៃ១ឧសភា ខួបលើកទី១៣៣ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ចាប់ពីម៉ោង ០៧:៣០នាទី ដល់ម៉ោង ១១:០០ នាទី ដោយជួបជុំគ្នា នៅសួនច្បារមុខវត្តបទុមវតី ដែលមានអ្នកចូលរួមប្រមាណ ១០០០នាក់ របស់តំណាងគណៈកម្មការ ធ្វើការងារលើវិស័យសិទ្ធិមនុស្ស សិទ្ធិការងារ និងយេនឌ័រ នោះ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យរៀបចំនៅទីលានប្រជាធិបតេយ្យ ( ប៉ែកខាងត្បូង ) ប៉ុន្តែលោក លោកស្រី ត្រូវធ្វើការប្រគល់ញត្តិទៅក្រសួង ស្ថាប័នពាក់ព័ន្ធ នៅនឹងកន្លែងប្រារព្ធពិធី»។
ក្នុងលិខិតដដែល លើកឡើងថា «ដើម្បីឲ្យការរៀបចំពិធីខាងលើនេះ ដំណើរការដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ លោក លោកស្រី ត្រូវសហការឲ្យបានល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងចូលរួមអនុវត្តតាមស្មារតីអង្គប្រជុំ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ»៕