ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. ចូលរួមពិធីសម្បថដើម្បីបំពេញមុខងារជានគរបាលយុត្តិធម៌

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៣ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ចំនួន ១៦៥រូប សម្រាប់ថ្នាក់កណ្ដាល និងសាខា ក.ប.ប. រាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីសម្បថដើម្បីបំពេញមុខងារជានគរបាលយុត្តិធម៌ ក្រោមច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ស្របតាមមាត្រា៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៅសាលាដំបូងរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងក្រុមប្រឹក្សាសម្បថ និងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ការទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ របស់មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នេះ ដោយយោងតាមមាត្រា២៣ នៃច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារបានកំណត់ថា “មន្រ្តីអធិការកិច្ចម្ហូបអាហារត្រូវទទួលនីតិសម្បទាជានគរបាលយុត្តិធម៌ ឱ្យពិនិត្យបទល្មើសដែលមានចែងក្នុងច្បាប់នេះស្របតាមបទ ប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ”។

ស្របតាមនីតិវិធីច្បាប់ មន្រ្តីអធិការកិច្ចម្ហូបអាហាររបស់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ចំនួន៤០៦ រូប ត្រូវបានផ្ដល់នីតិសម្បទាជានគរបា លយុត្តិធម៌ ក្រោមច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ តាមរយៈ ប្រកាសអន្តរក្រសួង រវាងក្រសួងយុត្តិធម៌និងក្រសួងពាណិជ្ជកម្ម លេខ១៩៧ កយ.ប្រក/២២ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។

សូមបញ្ជាក់ជូនថា រហូតមកដល់ពេលនេះ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. ត្រូវបានផ្តល់នីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ ឬនគរបាលយុត្តិធម៌ ក្រោមច្បាប់ចំនួន៤ គឺ៖ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា, ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។

ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដែលផ្តល់សិទ្ធិក្នុងការស៊ើបអង្កេត ស្រាវជ្រាវ កំណត់បទល្មើស ពិន័យអន្តរការណ៍លើអំពើល្មើសស្ថិតក្រោមច្បាប់ទាំងបួនខាងលើ ឬកសាងសំណុំរឿងបញ្ជូនទៅតុលាការមានសមត្ថកិច្ច ក្នុងគោលបំណងការពារសុខុមាលភាពប្រជាពលរដ្ឋ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ជំរុញឱ្យការប្រកួតប្រជែងក្នុងពាណិជ្ជកម្មប្រព្រឹត្តទៅប្រកបដោ យសមធម៌ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចតុកោណដំណាក់ទី៦។

ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្តលេខា ប្រកាសឱ្យប្រើកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។

ច្បាប់នេះកំណត់អំពីក្របខ័ណ្ឌនិងយន្តការសម្រាប់គ្រប់គ្រង់ និងធានាសុវត្ថិភាព គុណភាព អនាម័យ និងភាពស្របច្បាប់ នៃម្ហូបអាហារ ក្នុងគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្មម្ហូបអាហារ ដើម្បីផ្តល់ការការពារសុខភាពនិងសុវត្ថិភាពម្ហូបអាហារសម្រាប់អ្នកប្រើប្រាស់ និងធានាឱ្យមានការធ្វើពាណិជ្ជកម្មម្ហូបអាហារប្រកបដោយភាពស្មោះត្រង់។

ក្នុងនោះដែរ ក្រសួងពាណិជ្ជកម្ម ដែលមានអគ្គនាយកដ្ឋាន ក.ប.ប. ជាសេនាធិការ មានសមត្ថកិច្ចដឹកនាំ សម្របសម្រួលការគ្រប់គ្រងគុណភាព សុវត្ថិភាពម្ហូបអាហារដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ។