ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​ឧកញ៉ា ហ៊ុន តូ ផ្តល់ថវិការជាង ២,៤ លាន​ដុល្លារ ដល់​កាកបាទក្រហមកម្ពុជា

​ភ្នំពេញ៖ លោក​ឧកញ៉ា ហ៊ុន តូ ក្មួយប្រុស​សម្តេច​តេ​ជោហ៊ុន សែន បាន​បរិច្ចាគ​ថវិកា ២ ៤១០ ០០០ ដុល្លារ​អាមេរិក ជូន​កាកបាទក្រហមកម្ពុជា​ កាលពី​ព្រឹក​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា​។​

ជំនួយ​ថវិកា​ពី​សប្បុរសជន​ទាំងនេះ ធ្វើឡើង ក្នុងឱកាស​អបអរ​ខួប​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ថ្ងៃទី​៨ ឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ ក្រោម​ប្រធានបទ «​ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា​» ។

​កាកបាទក្រហមកម្ពុជា បាន​ផ្សព្វផ្សាយ​ថា ថវិកា​ដែល​បានទទួល កាលពី​ព្រឹក​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៩ រួមមាន​៖
១/ ថវិកា​ចំនួន ២,៤១០,០០០​ដុល្លារ (​ពីរលាន​សែសិប​មួយ​ម៉ឺន​ដុល្លារ​អាមេរិក​) ពី​សប្បុរសជន​/​ក្រុមហ៊ុន​នានា ដែល​ដឹកនាំ​ដោយ អ្នកឧកញ៉ា ហ៊ុន តូ អគ្គនាយក​ក្រុមហ៊ុន អិ​ល អិ​ល អាស៊ាន អ៊ិន​វេស​មេន​។​

២/ ថវិកា​ចំនួន ១០០.០០០​ដុល្លារ (​ដប់​ម៉ឺន​ដុល្លារ​អាមេរិក​) ពី​ក្រុមហ៊ុន ដុង​អេ អេស​ធី (​ភេសជ្ជៈ​បា​កាស់​) DONG-A ST (BACCHUS) ដែល​ដឹកនាំ​ដោយ លោក លី ដុង​ហ៊ូ​ន Lee Dong Hoon អគ្គនាយករង​ក្រុមហ៊ុន ដុង​អេ អេស​ធី​។​

៣/ ថវិកា​ចំនួន ១៥០,០០០​ដុល្លារ (​ដប់​ប្រាំ​ម៉ឺន​ដុល្លារ​អាមេរិក​) ពី​ក្រុមហ៊ុន អកស៍​ឡី វើ​លដ៍​ប្រ៊ី​ជ ខេ​ម​បូ​ឌា OXLEY WORLDBRIDGE (CAMBODIA) CO,.LTD ដែល​ដឹកនាំ​ដោយ ឧកញ៉ា សៀ ឬ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​។​

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​​កោតសរសើរ​ចំពោះ​ទឹកចិត្ត​មនុស្សធម៌ ប្រកបដោយ​សទ្ធា​ជ្រះថ្លា​របស់​សប្បុរសជន​ទាំងអស់ ដែល​តែងតែ​ជឿជាក់ និង​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កាកបាទក្រហមកម្ពុជា ដើម្បី​សមាគមជាតិ​មួយ​នេះ មាន​ធនធាន​ហិរញ្ញវត្ថុ សម្រាប់ធ្វើ​ប្រតិបត្តិការ​មនុស្សធម៌​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ថ្លែង​អំពាវនាវ​ដល់​សប្បុរស​ជនជាតិ​-​អន្តរជាតិ​ដទៃទៀត អញ្ជើញ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​កាកបាទក្រហមកម្ពុជា ក្នុងឱកាស​ទិវា ៨ ឧសភា ខាងមុខនេះ ដើម្បី​ឲ្យកាកបាទក្រហមកម្ពុជា​អាច​សម្រេច ជោគជ័យ​បេសកកម្ម​មនុស្សធម៌​ក្នុងការ​បន្ត​ជួយ​ដល់​ចាស់ជរា​គ្មាន​ទីពឹង កុមារកំព្រា ជនពិការ ស្ត្រី​មេម៉ាយ អ្នកជំងឺ​រ៉ាំរ៉ៃ និង​គ្រួសារ​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ​។​

​សូមបញ្ជាក់ថា ទិវា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ខួប​លើក​ទី​១៥៥ ក្រោម​ប្រធានបទ “​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​-​មិន​ទុក​នរណាម្នាក់​ចោល​” ដែល​បាន​ប្រារព្ធ​ឡើង កាលពី​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៨ កាកបាទក្រហមកម្ពុជា ទទួលបាន​ថវិកា​ពី​សប្បុរសជន​សរុប​ជាង ១៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ក្នុងនោះ លោក​ឧកញ៉ា ហុង ពី​វ ម្ចាស់​បុរី​ពិភពថ្មី បាន​បរិច្ចាគ​ថវិកា​ច្រើនជាងគេ ជូន​កាកបាទក្រហមកម្ពុជា រហូតដល់ ១​លាន ២​សែន ៨​ម៉ឺន​ដុល្លារ​អាមេរិក​៕​