ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកស្ទួយកិច្ចសម្រួលពាណិជ្ជកម្ម និងចំណាត់ថ្នាក់ស្តីពីភាពងាយស្រួលក្នុងការធ្វើធុរកិច្ចរបស់កម្ពុជា ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលដែលពិភពលោកកំពុងតែធ្វើដំណើរឆ្ពោះទៅចាប់យកកាលានុវត្តភាពពីឧស្សាហកម្មជំនាន់ទី៤។
លោករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះក្នុងជំនួបពិភាក្សាជាមួយ លោក ចាស្ទីន វូដ (Justin Wood) នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មការប្រតិបត្តិនៃមូលនិធិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ដើម្បីស្វែងរកកិច្ចសហការបន្ថែមរវាងស្ថាប័នទាំងពីរ ទាក់ទងនឹងកិច្ចសម្រួលពាណិជ្ជកម្ម។
លោកប៉ាន សូរស័ក្តិ បានបញ្ជាក់ឲ្យដឹងថា ចំពោះគម្រោងរបស់មូលនិធិ WEF បានផ្តល់កិច្ចសហការល្អដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៧ ប្រកបដោយជោគជ័យ ដែលបានរួមចំណែកទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរយ៉ាងច្រើន ឱ្យចូលមកទស្សនា និងធ្វើធុរកិច្ចជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។
លោក ចាស្ទីន វូដ បានបញ្ជាក់អំពីគម្រោង Digital ASEAN និង E-Payment ដែលផ្តួចផ្តើមបង្កើតដោយមូលនិធិ WEF ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងជំរុញកិច្ចសម្រួលពាណិជ្ជកម្ម នៅតាមបណ្តារដ្ឋជាសមាជិកអាស៊ាន។
គួររំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០១៨ វេទិកាសេដ្ឋកិច្ចពិភពលោក លើកទី២៧ ស្តីពីអាស៊ាន ដែលរៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម សម្តេចតេជោនាយករដ្ឋមន្ត្រី បានទទួលជួបពិភាក្សាជាមួយលោកបណ្ឌិត Klaus Schwab ដែលជាស្ថាបនិកមូលនិធិ WEF ដើម្បីផ្លាស់ប្តូរទស្សនៈមួយចំនួន ជុំវិញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ «កម្ពុជា និងអាស៊ានគួរតែផ្តោតការយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបម្រើការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ»៕