ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ផ្តន្ទាទោសបុរសជាប់ចោទម្នាក់ ជាប់គុកអស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការរឹតកសម្លាប់ គូស្នេហ៍របស់ខ្លួន ជាមនុស្សភេទទី៣

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៣នេះ បាបប្រកាស សាលក្រម ផ្តន្ទាទោស ជនជាប់ចោទម្នាក់ ដែលនិយមស្រឡាញ់ និង រួមភេទ ប្រុស នឹង ប្រុស ត្រូវជាប់ពន្ធនាគារ កំណត់អស់ មួយជីវិត

ជាប់ពាក់ព័ន្ធនឹងបទល្មើឃាតកម្មគិតទុកជាមុន ដោយធ្វើការ សម្លាប់គូស្នេហ៍របស់គាត់ ដែលជាមនុស្សភេទទីបី (មនុស្សប្រុស ក្លែងជាស្រី) តាមរយៈ ការដាក់ថ្នាំងងុយដេក នៅក្នុងទឹកភេសជ្ជ: ឱ្យផឹក ហើយនៅជនរងគ្រោះដេកលក់ ក៏ យកខ្សែភ្លើងរឹតកសម្លាប់ ជនរងគ្រោះ រួចប្រមូល យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ រត់គេចខ្លួន ប្រព្រឹត្ត កាលពីថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២២ នៅបន្ទប់ជួលលេខ៥ ផ្លូវបេតុង ក្រុម៥ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក ទីវ គឹមពិសាល ជាប្រធាន​ចៅក្រមក្រុម​ប្រឹក្សា​ជំនុំជម្រះ​ នៃ សាលាដំបូង​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ រូបនេះ មាន ឈ្មោះ ភូ សៀងទ្បាង ហៅ លាង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ: អ្នកបកប្រែភាសាចិន រស់នៅ ភូមិសែន រុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ចំណែកឯជនរងគ្រោះឈ្មោះ ខុម វ៉ាន់ឌី ភេទប្រុស ហៅ ភេទទី៣ មុខរបរ: ដឹកជញ្ជូនអីវ៉ាន់ មានទីលំនៅ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និង មុនកើតហេតុការណ៍ ស្នាក់នៅ បន្ទប់ជួល នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ភូ សៀងទ្បាង ត្រូវបានជាប់ចោទពីបទ ” ឃាតកម្មគិតទុកជាមុន ” តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២២ នៅខេត្តព្រះវិហារ។

គួររំលឹកថា: នាពេលសវនាការ នាពេលកន្លងមក, , ជនជាប់ចោទ បានឆ្លើយសារភាពថា: ខ្លួនពិតជាសម្លាប់ជនរងគ្រោះមែន។ មូលហេតុ គឺដោយសារតែ ខ្លួនប្រច័ណ្ឌ និង ខឹងនឹងជនរងគ្រោះ លួចមានទំនាក់ទំនង ស្នេហា ជាមួយ បុរសផ្សេងទៀត ក្បត់នឹងខ្លួន។

ជនជាប់ចោទ បានសំណូមពរ ដល់ តុលាការ មេត្តា ជួយបន្ធូរបន្ថយ ទោស ដល់គាត់ផង៕

ដោយ: ទេព ច័ន្ទ