ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានធ្វើការស្រាវជ្រាវ នឹងឃាត់ខ្លួនបានប្តីប្រពន្ធ២នាក់ ជាប់ពាក់ព័ន្ធនឹងអំពើ ឃាតកម្ម ដោយរៀបចំផែនការ កាប់សម្លាប់ជនរងគ្រោះម្នាក់ ប្រព្រឹត្ត កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅកន្លែងលាងរថយន្តមួយកន្លែង ស្ថិតនៅជិតច្រកចូលផ្សារទំនើបជីបម៉ុង ៥០ម៉ែត្រ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យ២នាក់ ប្តីប្រពន្ធខាងលើមាន ឈ្មោះ ៖ ១- ឈ្មោះ ពេជ្យ ជីវ័ន្ត ភេទប្រុស អាយុ៣៨ឆ្នាំ ជាងសំណង់(ត្រូវជាប្ដី) ។ ២- ឈ្មោះ ដា យ៉ា អាយុ ៣០ឆ្នាំ (ត្រូវជាប្រពន្ធ)។
ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវ១៣០ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន, ជនសង្ស័យឈ្មោះ ពេជ្យ ជីវ័ន្ត បានសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះដាច់ក្បាលពិតមែន ដោយសារតែការប្រចណ្ឌ ព្រោះប្រពន្ធខ្លួនមានការទំនាក់ទំនងគ្នាជាមួយជនរងគ្រោះ ដូច្នេះក៏រៀបគម្រាងសម្លាប់តែម្ដង។
បច្ចុប្បន្ន, ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ ទេព ច័ន្ទ