ភ្នំពេញ: យោងតាមពាក្យបណ្តឹង ដែលសារព័ត៌មាន ដេលីខ្មែរ ទទួលបានកាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានឲ្យដឹងថា មន្ត្រីរាជការបម្រើការងារនៅក្នុង ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ពាក្យបណ្តឹងទៅ អង្គភាពប្រឆាំងអំពើពុករលួយ ដែលគេហៅថាអេស៊ីយូ (ACU) សុំឲ្យមានការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានទៅលើលោក ភួង សោភា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងលោក អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទព្រមទាំងបក្ខពួក។
បើយោងតាមពាក្យបណ្តឹងរបស់ មន្ត្រីរាជការបម្រើការងារនៅក្នុង ក្រសួងអភិវឌ្ឍន៍ជនបទ ដាក់ជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងទេសរដ្ឋមន្ត្រី ទទួលបន្ទុក ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានប្ដឹងសុំឲ្យមានការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការ តាមផ្លូវច្បាប់ជាធរមានទៅលើការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់លោក ភួង សោភា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងលោក អ៊ុក ពញ្ញា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ (ពីរនាក់មារក្មួយ) និងព្រមទាំងបក្ខពួកនៅក្នុង ក្រសួងអភិវឌ្ឍន៍ជនបទ មួយចំនួនទៀត។
ក្នុងពាក្យបណ្តឹងបានសរសេរថា ចាប់តាំងពី ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមកកាន់មុខតំណែងជា រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ នាអំឡុងដើម ខែមេសា ឆ្នាំ២០១៦ រហូតមកទល់បច្ចុប្បន្ននេះគឺ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានគ្រប់គ្រងដឹកនាំរុំព័ទ្ធពីលើដល់ក្រោម ដោយបណ្តាញក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួក នៃឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ពេញទំហឹងក្នុងនោះរួមមានដូចជាៈ
ទី១-ឯកឧត្តម ភួង សោភា ជារដ្ឋលេខាធិការ ត្រូវជាប្អូនថ្លៃរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន (ទទួលបានការតែងតាំងមុខតំណែងចំនួនពីរលើកជាប់ៗគ្នាក្នុងមួយឆ្នាំតែម្តង គឺលើកទី១. ជាអនុរដ្ឋលេខាធិការ ចេញដោយ ព្រះរាជក្រឹត្យលេខ នស/រកត/០១១៩/០៩៦ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ និងលើកទី២. ជារដ្ឋលេខាធិការ ចេញដោយ ព្រះរាជក្រឹត្យលេខ នសរកត/១១១៩/១៧៧៧ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩)។
ទី២-ឯកឧត្តម អ៊ុក ពញ្ញា ជារដ្ឋលេខាធិការ ត្រូវជាកូនប្រុសបង្កើតរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន (តែងតាំងដោយ ព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៩១ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០)។
ទី៣-លោកជំទាវ គង់ សុធីវី ជាអនុរដ្ឋលេខាធិការ ត្រូវជា ភរិយារបស់ ឯកឧត្តម ភួង សោភា ដែលជា រដ្ឋលេខាធិការ និងជាប្អូនថ្លៃ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន គឺតែង តាំងដោយ ព្រះរាជក្រឹត្យលេខ នស/រក ត/០១២៣/០៦២ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។
ទី៤-ប្រធានមន្ទីរជំនាញ និងបុគ្គលិក មន្ត្រីរាជការក្រោមឱវាទក្រសួងជាច្រើននាក់ទៀត…។ល។ ប្រព័ន្ធគ្រប់គ្រងដឹកនាំ ក្រសួងអភិវឌ្ឍន៍ជនបទ ដោយបណ្តាញក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួក របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានក្លាយជាបច្ច័យអាក្រក់មួយពាក់ព័ន្ធនឹងអភិបាលកិច្ច រហូតធ្វើឲ្យ មន្ត្រីរាជការក្រោមឱវាទ និងមជ្ឈដ្ឋានក្រុមហ៊ុនឯកជនមួយចំនួន ដែលអនុវត្តគម្រោងអភិវឌ្ឍន៍នានា របស់ក្រសួងត្អូញត្អែររអ៊ូរទាំថា មានការប្រព្រឹត្តអំពើពុករលួយក្រោមរូបភាពកាត់ភាគរយចំនួនប្រមាណ «២០ភាគរយ» ពីគម្រោងអភិវឌ្ឍន៍នានាជាពិសេសគម្រោងដែលប្រើប្រាស់ថវិកាជាតិ និងកាត់ភាគរយចំនួនប្រមាណ «១០ភាគរយ» ពីខ្ទង់ចំណាយរបស់ មន្ទីរជំនាញរាជធានី-ខេត្តខណៈសម្រាប់ ឆ្នាំ២០២៣ នេះគឺក្រសួងមានខ្ទង់ចំណាយថវិកាសរុបចំនួន ១០២៣ ៧៧៤លានរៀល ក្នុងនោះខ្ទង់ចំណាយថវិកាជាតិ ចំនួន៣៤៤ ៣៦៤ លានរៀល (រដ្ឋបាលកណ្ដាលចំនួន ២៩៥ ៦៨៤លានរៀល និងមន្ទីរជំនាញរាជធានី-ខេត្តចំនួន ៤៨ ៦៨០លានរៀល)និងខ្ទង់ចំណាយវិនិយោគសាធារណៈ ដោយហិរញ្ញប្បទានក្រៅប្រទេស ចំនួន ៦៧៩ ៤១០លានរៀល។
ពាក្យបណ្តឹងបានសរសេរទៀតថា យើងខ្ញុំយល់ឃើញថា «ប្រព័ន្ធដឹកនាំគ្រប់គ្រង និងអំពើពុករលួយនៅក្នុង ក្រសួងអភិវឌ្ឍន៍ជនបទ ពាក់ព័ន្ធនឹងបណ្តាញក្រុមគ្រួសារសាច់ញាតិ និងបក្ខពួករបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ពិតជាធ្វើឲ្យការអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទ បាត់បង់គុណភាព និងប្រសិទ្ធភាពនិងក៍បានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់នូវជំនឿចិត្តទៅលើ កម្មវិធីនយោបាយអភិវឌ្ឍន៍ជនបទ របស់ រាជរដ្ឋាភិបាលកម្ពុជា ដ៏គួរឲ្យសោកស្តាយជាទីបំផុត។
សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ យើងខ្ញុំសូមសំណូមពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត សូមមេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ទៅលើការប្រព្រឹត្តអំពើពុករលួយ ជាប្រព័ន្ធរបស់ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងឯកឧត្តមអ៊ុក ពញ្ញា រដ្ឋលេខាធិការ ព្រមទាំងបក្ខពួកនៅក្នុង ក្រសួងអភិវឌ្ឍន៍ជនបទ ដោយអនុគ្រោះបំផុត។
សារព័ត៌មាន ដេលីខ្មែរ នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មិនអាច ទាក់ទងលោក ភួង សោភា រដ្ឋលេខាធិការ ជុំវិញពាក្យបណ្តឹងខាងលើនេះ។ ចំណែក លោក ចាន់ ដារ៉ុង អ្នកនាំពាក្យ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏មិនអាចសុំការពន្យល់បាននៅឡើយទេនៅថ្ងៃដដែលនេះ។ ទោះជាយ៉ាងណា អង្គភាពព័ត៌មាននៅរង់ចាំធ្វើការបំភ្លឺជានិច្ចបើសិនជាមានប្រតិកម្មណាមួយកើតមានឡើយ។
លោក ភួង សោភាត្រូវជាប្អូនប្រុសបង្កើតភរិយាលោក អ៊ុក រ៉ាប៊ុនឬឯលោក អ៊ុក ពញ្ញា ត្រូវជាកូនប្រុសបង្កើតលោក អ៊ុក រ៉ាប៊ុន។ ចំណែកលោកស្រី គង់ សុធីវី ក៍ត្រូវជាភរិយាលោក ភួង សោភា ហើយក៍ត្រូវជាប្អូនថ្លៃ លោករដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍។
លោកស្រី សុធីវី ដែលទើបតែផ្លាស់ប្តូរការងារពី ក្រសួងមហាផ្ទៃ មកកាន់ ក្រសួងអភិវឌ្ឍន៍ជនបទ នាពេលថ្មីៗនេះ ហើយគាត់ជាកូនស្រីរបស់ នាយឧត្តមសេនីយ៍ផ្កាយ៤ នៅក្នុងកងកម្លាំងនគរបាលជាតិ ផងដែរ។