ភ្នំពេញ: សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។
របៀបវារៈសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនេះមានចំនួនពីរ គឺពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត។
សេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីកសាងក្របខ័ណ្ឌគតិយុត្តគោល និងចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅថា “ថវិកាសមិទ្ធកម្ម” សមស្របសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨- ២០២៥ ដែលជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាក្របខ័ណ្ឌគ តិយុត្តមួយ កំណត់ពីគោលការណ៍ជាមូលដ្ឋានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការរៀបចំច្បាប់ហិរញ្ញវត្ថុ ព្រមទាំងកំណត់អំពីមុខងារ និងការទទួលខុសត្រូវរបស់តួអង្គពាក់ព័ន្ធ ក៏ដូចជាការផ្ទេរសិទ្ធិអំណាចផ្ទៃក្នុង និងការទទួលខុសត្រូវរបស់ក្រសួងស្ថាប័នចំពោះរាជរដ្ឋាភិបាល និងរដ្ឋសភាក្នុងក្របខ័ណ្ឌនៃកញ្ចប់ថវិការបស់ខ្លួន។
ចំណែកសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាតវិញ ជាមូលដ្ឋានដ៏សំខាន់ ដែលអាចទ្រទ្រង់ និងឆ្លើយតបទៅនឹងសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានការរីកចម្រើនជាលំដាប់ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសចាប់ពីដំណាក់កាលនៃការអនុវត្តនយោ បាយឈ្នះឈ្នះ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការផ្គត់ផ្គង់ទឹកស្អាត គឺជាអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំងបួននៅក្នុងយុទ្ធសាស្រ្ត ចតុកោ ណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលមានមនុស្ស ផ្លូវ ភ្លើង និងទឹក៕