ព្រះសីហនុ៖ លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានទទួលស្វាគមន៍ប្រតិភូនាវាកងទ័ពជើងទឹកចក្រភពអង់គ្លេសដឹកនាំដោយវរនាវីទោ មីឃែល ប្រោតមែន មេបញ្ជាការនាវា HMS SPEY(P234) ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ការជួបសម្តែងការគួរសមនេះ គឺនៅក្នុងឱកាសនាវាចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល០៥ថ្ងៃចាប់ពីថ្ងៃទី១៣-១៧ ខែកុម្ភៈ ឆ្នាំ២០២៣ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា បំណងពង្រឹង ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកប្រទេសទាំងពីរកម្ពុជា-អង់គ្លេស។
ក្នុងដំណើរទស្សនកិច្ចផងដែរក៏មានការរួមសហការគ្នាធ្វើលំហាត់ហ្វឹកហ្វឺនពន្លត់អគ្គិភ័យ, លំហាត់ទប់ទឹកលើនាវាពេលមានអាសន្នកើតឡើងជាយថាហេតុ និងការប្រកួតកីឡា រវាងកងទ័ពជើងទឹកកម្ពុជាជាមួយកងទ័ពជើងទឹកអង់គ្លេសដើម្បីសឹក្សាឈ្វេងយល់ដកស្រង់បទពិសោធពីគ្នាទៅវិញទៅមក។
សូមរំលឹកថា នាវាចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានលក្ខណបច្ចេកទេសនាវាៈ-បណ្តោយ ៩០.៤០ម -ទទឹង ១៣.៥០ម -ជម្រៅទឹក ៤.៣០ម -ទម្ងន់ផ្ទុក ២.០០០តោន-ចំនួននាវិក ៦៧នាក់៕