បុរីញូវយ៉ក៖ បុរសស្បែកស ដែលបានបាញ់សម្លាប់មនុស្សស្បែកខ្មៅអស់១០នាក់ ក្នុងហាងលក់គ្រឿងទេស នាបុរីញូវយ៉ក សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២២ ត្រូវតុលាការកាត់ទោសឲ្យជាប់គុកអស់មួយជីវិត បន្ទាប់ពីសាច់ញាតិជនរងគ្រោះ បានប្រកែកតវ៉ា និងរហូតបង្កជាហិង្សានៅក្នុងបន្ទប់សវនាការ។
នៅក្នុងសវនាការ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលកំហឹងផ្លូវចិត្តរបស់សាច់ញាតិជនរងគ្រោះ បានប្រែក្លាយជារឿងប៉ុនប៉ងបង្ករបួសស្នាមលើរាងកាយជនជាប់ចោទ ឈ្មោះ ផៃតុន ហ្គេនដ្រូន (Payton Gendron) ដោយសារបុរសម្នាក់ស្ទុះសំដៅទៅរកជននេះ។
សន្តិសុខតុលាការ បានព្រួតគ្នាចាប់បុរសនេះជាប់ ហើយក្រោយមករដ្ឋអាជ្ញា បាននិយាយថា បុរសចង់វាយជនល្មើសនៅក្នុងបន្ទប់សវនាការ តុលាការមិនត្រូវចោទប្រកាន់ទេ។
បន្ទាប់ពីសវនាការបន្តទៀត ដែលសាច់ញាតិជនរងគ្រោះបានឡើងឆ្លើយដាក់បន្ទុកពោរពេញដោយទឹកភ្នែក ព្រោះតែការឈឺចាប់ តុលាការក៏សម្រេចចេញសាលក្រមផ្តន្ទាទោសដាក់គុកជនជាប់ចោទអស់មួយជីវិត។
ការបាញ់សម្លាប់ជនជាតិអាមេរិកាំងស្បែកខ្មៅ កាលពីខែឧសភា ឆ្នាំ២០២២ បានកើតឡើងដោយការគិតទុកជាមុន ព្រោះឈ្មោះ ផៃតុន ហ្គេនដ្រូន បានសារភាពថា ខ្លួនពិតជាស្អប់ជនជាតិស្បែកខ្មៅខ្លាំងណាស់។
ជនជាតិអាមេរិកាំងស្បែកសរូបនេះ បានស្រាវជ្រាវអំពីសហគមន៍រស់នៅរបស់ជនជាតិអាមេរិកាំងស្បែកខ្មៅ រួចហើយក៏បើករថយន្តអស់រយៈពេលបីម៉ោង ចេញពីផ្ទះសំដៅទៅហាងលក់គ្រឿងទេស ដើម្បីបើកការបាញ់ប្រហារតម្រង់ជនជាតិស្បែកខ្មៅ ដែលកំពុងតែទិញទំនិញនៅក្នុងហាង។
ទង្វើស្អប់ខ្ពើមជនជាតិអាមេរិកាំងស្បែកខ្មៅ ដោយសារឧក្រិដ្ឋជនរូបនេះ ជឿតាមទ្រឹស្ដីប្រកាន់ពូជសាសន៍ ដែលគេបង្ហោះលើប្រព័ន្ធអ៊ីនធឺណិត។
អ្នកចូលរួមស្តាប់សវនាការ និងសាក្សីជាច្រើន បានចង្អុលមុខឃាតកនេះថា ជាមនុស្សមានចេតនាចង់បាញ់ប្រហារលើសហគមន៍ជនជាតិអាមេរិកាំងស្បែកខ្មៅ ដែលស្ថិនៅឆ្ងាយពីសហគមនជនជាតិអាមេរិកាំងស្បែកស។
ស្ត្រីម្នាក់ឈ្មោះ បាបារ៉ា ម៉ាសី (Barbara Massey) ដែលប្អូនស្រីរបស់គាត់ម្នាក់ ត្រូវជនល្មើសបាញ់សម្លាប់ បាននិយាយប្រាប់តុលាការទាំងទឹកភ្នែក ដោយចង្អុកទៅជនល្មើសថា «អ្នកឯងមិនដឹងរឿងរបស់ជនជាតិស្បែកខ្មៅទេ។ យើងក៏ជាមនុស្សដែរ។ យើងចង់ឲ្យកូនចៅរបស់យើងចូលរៀននៅសាលាល្អៗ។ យើងស្រឡាញ់កូនចៅរបស់យើង» ។
នៅពេលអ្នកស្រីកំពុងតែនិយាយដោយកំសួលចិត្ត ស្រាប់តែបុរសម្នាក់ស្ទុះទៅរកឃាតក ដោយស្រែកថា«អ្នកឯងមិនដឹងថា យើងកំពុងឆ្លងកាត់អ្វីខ្លះទេ»។
បុរស ដែលស្ទុះទៅរកវាយឃាតក នៅក្នុងបន្ទប់សវនា គឺជាកូនបង្កើតរបស់អ្នកស្រី បាបារ៉ា ម៉ាសី ដែលកំពុងឡើងនិយាយរៀបរាប់ប្រាប់អង្គសវនាការ ពីជាឈឺចាប់ដោយសារការបាត់បង់ប្អូនស្រីជាទីស្រលាញ់។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ដើម្បីប្រាប់ដល់អង្គសវនាការ ឃាតកបានទទួលស្គាល់ថា ខ្លួនពិតជាបាន «បាញ់សម្លាប់មនុស្សមែន ដោយសារតែពួកគេស្បែកខ្មៅ»។
ឃាតកនិយាយបន្តទៀតថា «ខ្ញុំជឿជាក់លើអ្វី ដែលខ្ញុំបានអានតាមអ៊ីនធឺណិត ហើយបានប្រព្រឹត្តអំពីនេះដោយសារស្អប់ខ្ពើម ហើយឥឡូវនេះ ខ្ញុំគិតថា ខ្ញុំជ្រុលខ្លួនហើយ។ ប៉ុន្តែខ្ញុំសុំអង្វរថា ខ្ញុំអាចកែខ្លួនឲ្យល្អវិញបាន ហើយខ្ញុំចង់ឲ្យអ្នកនៅទីនេះជួយលើកទឹកចិត្តខ្ញុំ»។
ក្រោយពីស្តាប់សម្តីបែបនេះភ្លាម អ្នកចូលរួមក្នុងសវនាការ បានក្រោកឈរឡើង ហើយស្រែកថា «យើងមិនត្រូវការ»។
កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ជនដៃដល់បានសារភាពទោសកំហុសរបស់ខ្លួន ចំពោះបទ «ឃាតកម្មកម្រិតទី១ និងពីបទភេរវកម្មដោយការស្អប់ខ្ពើម» ដែលការចោទប្រកាន់បែបនេះ តុលាការអាមរិក អាចកាត់ទោសប្រហារជីវិតដោយស្វ័យប្រវត្តិ។
ចៅក្រមក្នុងសវនាការ បានប្រាប់ឃាតកថា «មិនមានអ្វីត្រូវប្រញាប់ប្រញាល់ ឬមិនបាច់គិតអំពីទង្វើរបស់អ្នកទេ។ មិនមានកត្តាណាមួយ អាចឲ្យតុលាករពិចារណាកាត់បន្ថយទោសទេ»។
ជនដៃដល់មានអាយុ១៨ឆ្នាំរូបនេះ ក៏កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីតុលាការសហព័ន្ធថែមទៀត ដែលអាចឈានដល់កាត់ទោសប្រហារជីវិត ប្រសិនបើក្រសួងយុត្តិធម៌អាមេរិក ចេញអធិបញ្ជាឲ្យបើកសវនាការឡើងវិញ។
មេធាវីការពារជនជាប់ចោទ បាននិយាយកាលថា ខ្លួនបានរៀបចំឲ្យកូនក្តីសារភាពកំហុស នៅក្នុងតុលាការសហព័ន្ធផងដែរ ដើម្បីចៀសផុតពីទោសប្រហារជីវិត។
ឈ្មោះ ផៃតុន ហ្គេនដ្រូន គឺជាជនជាប់ចោទទីមួយ នៅទីក្រុងញូវយ៉ក ដែលត្រូវបានតុលាការចោទប្រកាន់ពីបទភេរវកម្មដោយការស្អប់ ដែលជាបទល្មើសថ្នាក់ទី១ ក្រោមច្បាប់ស្តីពីអំពើប្រកាន់ពូជសាសន៍ និងភេរវកម្មដោយការស្អប់ខ្ពើម ដែលសភាអាមេរិកបានអនុម័តនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០។
ច្បាប់នេះសរសេរថា «ឧក្រិដ្ឋកម្មស្អប់ខ្ពើមធ្វើលើសពីការគំរាមកំហែងដល់សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់»៕