ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន ក.ប.ប.រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការធ្វើធុរកិច្ចវិស័យធនាគារ

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅស្នាក់ការកណ្ដាលអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយធនាគារជាតិនៃកម្ពុជា បានរៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការធ្វើធុរកិច្ចវិស័យធនាគារ ។

កិច្ចប្រជុំដោយមានបទបង្ហាញសំខាន់ៗចំនួន៣ គឺ ទី១. បរិយាបន្នហិរញ្ញវត្ថុនិងអត្ថប្រយោជន៍ និងកិច្ចការពារអតិថិជននៅក្នុងវិស័យធនាគារ ទី២. ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់គាំទ្រនិងលើកកម្ពស់ដល់ធុរកិច្ច និងទី៣. ប្រកាសស្ដីពីខសន្យាមិនសុចរិត។

សិក្ខាសាលានេះ រៀបចំឡើងក្រោមអធិបតីភាពលោក ឃួន សាវុធ អគ្គនាយករង តំណាង លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងលោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា និងមានការអញ្ជើញចូលរួមពីឯកឧត្ដម  លោក លោកស្រី ជាធុរជនកំពុងប្រតិបត្តិការលើវិស័យសេវាធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងពិធីបើក លោក ឃួន សាវុធ អគ្គនាយករង ក.ប.ប. បានលើកឡើងថា សិក្ខាសាលានេះបានរៀបចំឡើងដោយមានគោលបំណងផ្សព្វផ្សាយច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ប្រកាសស្ដីពីខសន្យាមិនសុចរិត ឱ្យកាន់តែទូលំទូលាយជូនដល់ លោក លោកស្រី ជាធុរជនកំពុងប្រតិបត្តិការលើវិស័យសេវាធនាគារ និងមីក្ រូហិរញ្ញវត្ថុ ដើម្បីជ្រាបច្បាស់ពីគោលបំណង គោល ដៅ វិសាលភាព យន្តការ បែបបទនិងនីតិវិធី ។

ព្រមទាំងលក្ខខណ្ឌតម្រូវនានាដែលបានចែងនៅក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលក្នុងនោះផ្ដោតសំខាន់ទៅលើការធានាការពារសិទ្ធិអ្នកប្រើប្រាស់ ពាក់ព័ន្ធនឹងអំពើកេងយកចំណេញហួសហេតុ និងការរំលោភបំពានលើស្ថានភាពដែលកើតមានឡើងតាមរយៈទំនាក់ទំនងនៃកិច្ចសន្យា ដែលធ្វើឡើងរវាងអ្នកប្រើប្រាស់និងបុគ្គលធ្វើធុរកិច្ច ដើម្បីផ្គត់ផ្គង់ទំនិញ និងឬ/សេវា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ផងដែរថា ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ឡាយព្រះហស្តលេខាដាក់ឱ្យប្រើកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមរយៈព្រះរាជក្រមលេខ នស/រកម/១១១៩/០១៦ និងប្រកាសស្ដីពីខន្យាមិនសុចរិត លេខ ០០៦៧ ព.ណ.អ. កបប.ប្រក ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម។