ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តុលាការអាមេរិក ផ្តន្ទាទោសដាក់គុកខ្មាន់កាំភ្លើង​អស់​មួយ​ជីវិត ករណីបាញ់សម្លាប់មនុស្សស្បែកខ្មៅ នៅបុរីញូវយ៉ក

បុរីញូវយ៉ក៖ បុរសស្បែកស ដែលបានបាញ់សម្លាប់មនុស្សស្បែកខ្មៅអស់១០នាក់ ក្នុងហាងលក់គ្រឿងទេស នាបុរីញូវយ៉ក សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២២ ត្រូវតុលាការកាត់ទោសឲ្យជាប់គុកអស់មួយជីវិត បន្ទាប់ពីសាច់ញាតិជនរងគ្រោះ បានប្រកែកតវ៉ា និងរហូតបង្កជាហិង្សានៅក្នុងបន្ទប់សវនាការ។

នៅក្នុងសវនាការ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលកំហឹង​ផ្លូវចិត្តរបស់សាច់ញាតិជនរងគ្រោះ បាន​ប្រែ​ក្លាយ​ជារឿងប៉ុនប៉ងបង្ករបួសស្នាមលើ​រាង​កាយ​ជនជាប់ចោទ ឈ្មោះ ផៃតុន ហ្គេនដ្រូន (Payton Gendron) ដោយសារ​​បុរស​ម្នាក់​ស្ទុះសំដៅទៅរកជននេះ។

សន្តិសុខតុលាការ បានព្រួតគ្នាចាប់បុរសនេះជាប់ ហើយក្រោយ​មករដ្ឋអាជ្ញា​ បាន​និយាយ​ថា បុរសចង់វាយជនល្មើសនៅក្នុងបន្ទប់សវនាការ តុលាការមិន​ត្រូវ​​ចោទ​ប្រកាន់​ទេ។

បន្ទាប់ពីសវនាការបន្តទៀត ដែលសាច់ញាតិជនរងគ្រោះបានឡើងឆ្លើយដាក់បន្ទុកពោរពេញដោយទឹកភ្នែក ព្រោះតែការឈឺចាប់ តុលាការក៏សម្រេចចេញសាលក្រមផ្តន្ទាទោសដាក់គុកជនជាប់ចោទអស់មួយជីវិត។

ការបាញ់សម្លាប់ជនជាតិអាមេរិកាំងស្បែកខ្មៅ កាលពីខែឧសភា ឆ្នាំ២០២២ បានកើតឡើងដោយការគិតទុកជាមុន ព្រោះឈ្មោះ ផៃតុន ហ្គេនដ្រូន បានសារភាពថា ខ្លួនពិតជាស្អប់ជនជាតិស្បែកខ្មៅខ្លាំងណាស់។

ជនជាតិអាមេរិកាំងស្បែកសរូបនេះ បានស្រាវជ្រាវអំពីសហគមន៍រស់នៅរបស់ជនជាតិអាមេរិកាំងស្បែកខ្មៅ រួចហើយក៏បើករថយន្តអស់រយៈពេលបីម៉ោង ចេញពីផ្ទះសំដៅទៅហាងលក់គ្រឿងទេស ដើម្បីបើកការបាញ់ប្រហារតម្រង់ជនជាតិស្បែកខ្មៅ ដែលកំពុងតែទិញទំនិញនៅក្នុងហាង។

ទង្វើស្អប់ខ្ពើមជនជាតិអាមេរិកាំងស្បែកខ្មៅ ដោយសារឧក្រិដ្ឋជនរូបនេះ ជឿតាមទ្រឹស្ដីប្រកាន់ពូជសាសន៍ ដែលគេបង្ហោះលើប្រព័ន្ធអ៊ីនធឺណិត។

អ្នកចូលរួមស្តាប់សវនាការ និងសាក្សីជាច្រើន  បានចង្អុលមុខឃាតកនេះថា ជាមនុស្សមានចេតនាចង់បាញ់ប្រហារលើសហគមន៍ជនជាតិអាមេរិកាំងស្បែកខ្មៅ ដែលស្ថិនៅឆ្ងាយពីសហគមនជនជាតិអាមេរិកាំងស្បែកស។

ស្ត្រីម្នាក់ឈ្មោះ បាបារ៉ា ម៉ាសី (Barbara Massey) ដែលប្អូនស្រីរបស់គាត់ម្នាក់ ត្រូវជនល្មើសបាញ់សម្លាប់ បាននិយាយប្រាប់តុលាការទាំងទឹកភ្នែក ដោយចង្អុកទៅជនល្មើសថា  «អ្នកឯងមិនដឹងរឿងរបស់ជនជាតិស្បែកខ្មៅទេ។  យើងក៏ជាមនុស្សដែរ។  យើង​ចង់​ឲ្យ​កូនចៅ​របស់​យើង​ចូល​រៀននៅសាលា​ល្អៗ។  យើងស្រឡាញ់កូនចៅរបស់យើង» ។

នៅពេលអ្នកស្រីកំពុងតែនិយាយដោយកំសួលចិត្ត ស្រាប់តែបុរសម្នាក់​ស្ទុះទៅរកឃាតក ដោយ​ស្រែក​ថា​«​អ្នក​ឯងមិន​ដឹង​ថា​ យើង​កំពុង​ឆ្លង​កាត់​អ្វី​ខ្លះទេ»។

បុរស ដែលស្ទុះទៅរកវាយឃាតក នៅក្នុងបន្ទប់សវនា គឺជាកូនបង្កើតរបស់អ្នកស្រី បាបារ៉ា ម៉ាសី ដែលកំពុងឡើងនិយាយរៀបរាប់ប្រាប់អង្គសវនាការ ពីជាឈឺចាប់ដោយសារការបាត់បង់ប្អូនស្រីជាទីស្រលាញ់។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ដើម្បីប្រាប់ដល់អង្គសវនាការ ឃាតកបានទទួលស្គាល់ថា ខ្លួនពិតជាបាន «បាញ់សម្លាប់មនុស្សមែន ដោយសារតែពួកគេស្បែកខ្មៅ»។

ឃាតកនិយាយបន្តទៀតថា «ខ្ញុំជឿជាក់លើអ្វី ដែលខ្ញុំបានអានតាមអ៊ីនធឺណិត ហើយបានប្រព្រឹត្តអំពីនេះដោយសារស្អប់ខ្ពើម ហើយឥឡូវនេះ ខ្ញុំគិតថា ខ្ញុំជ្រុលខ្លួនហើយ។ ប៉ុន្តែខ្ញុំសុំអង្វរថា ខ្ញុំអាចកែខ្លួនឲ្យល្អវិញបាន ហើយខ្ញុំចង់ឲ្យអ្នកនៅទីនេះជួយលើកទឹកចិត្តខ្ញុំ»។

ក្រោយពីស្តាប់សម្តីបែបនេះភ្លាម អ្នកចូលរួម​ក្នុង​សវនាការ​ បាន​ក្រោក​ឈរឡើង ហើយ​ស្រែក​ថា «យើង​មិន​ត្រូវ​ការ»។

កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ជនដៃដល់បានសារភាពទោសកំហុសរបស់ខ្លួន ចំពោះបទ «ឃាតកម្មកម្រិតទី១ និងពីបទភេរវកម្មដោយការស្អប់ខ្ពើម» ដែលការចោទប្រកាន់បែបនេះ តុលាការអាមរិក អាចកាត់ទោសប្រហារជីវិតដោយស្វ័យប្រវត្តិ។

ចៅក្រមក្នុងសវនាការ បានប្រាប់ឃាតកថា  «មិនមានអ្វីត្រូវប្រញាប់ប្រញាល់ ឬមិនបាច់គិតអំពីទង្វើរបស់អ្នកទេ។  មិនមានកត្តាណាមួយ អាចឲ្យតុលាករពិចារណាកាត់បន្ថយទោសទេ»។

ជនដៃដល់មានអាយុ១៨ឆ្នាំរូបនេះ ក៏កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីតុលាការសហព័ន្ធថែមទៀត ដែលអាចឈានដល់កាត់ទោសប្រហារជីវិត ប្រសិនបើក្រសួងយុត្តិធម៌អាមេរិក ចេញអធិបញ្ជាឲ្យបើកសវនាការឡើងវិញ។

មេធាវីការពារជនជាប់ចោទ បាននិយាយកាលថា ខ្លួនបានរៀបចំឲ្យកូនក្តីសារភាពកំហុស នៅក្នុងតុលាការសហព័ន្ធផងដែរ ដើម្បីចៀសផុតពីទោសប្រហារជីវិត។

ឈ្មោះ ផៃតុន ហ្គេនដ្រូន គឺជាជនជាប់ចោទទីមួយ នៅទីក្រុងញូវយ៉ក ដែលត្រូវបានតុលាការចោទប្រកាន់ពីបទភេរវកម្មដោយការស្អប់ ដែលជាបទល្មើសថ្នាក់ទី១ ក្រោមច្បាប់ស្តីពីអំពើប្រកាន់ពូជសាសន៍ និងភេរវកម្មដោយការស្អប់ខ្ពើម ដែលសភាអាមេរិកបានអនុម័តនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០។

ច្បាប់​នេះ​សរសេរ​ថា​ «​ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម​ធ្វើ​លើសពី​ការគំរាមកំហែង​ដល់​សុវត្ថិភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ទាំងអស់​​»៕