ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងព័ត៌មានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនងពីសកលវិទ្យាល័យBODHISASTRA,FLORIDA,USA

ភ្នំពេញ៖ លោក​​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន គណៈកម្មាធិការក្រុមប្រឹក្សានៃសាកលវិទ្យាល័យ ពោធិសត្វ រដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានសម្រេចប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសារព័ត៌មានជូនជាផ្លូវការ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន។

លោក Assoc. Prof. Dr. CHANTARAT PAKAMAS ក្រុមប្រឹក្សាភិបាលសាក​លវិទ្យាល័យ BODHISASTRA,FLORIDA,USA មានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ធ្វើអោយប្រព័ន្ធផ្សព្វ​ផ្សាយនៅកម្ពុជាត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយលើសេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន តាមរយៈប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព (កាសែត ទស្សនាវដ្តី និងព្រឹត្តិប័ត្រព័ត៌មាន) វិទ្យុ ទូរទស្សន៍ អ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម។

ជាមួយនេះ បាននិងកំពុងធ្វើការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់ ដើម្បីធ្វើអោយកាន់តែប្រសើរជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយដោយការផ្លាស់ប្តូរការផ្សាយពីអាណាឡូកទៅ ឌីជីថល។

លោករដ្ឋមន្រ្តី ក៏បានយកចិត្តទុកដាក់ ខ្ពស់ លើ វគ្គ បណ្តុះបណ្តាល អ្នកសារព័ត៌មាន ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត បំពុលសង្គម ជំរុញឱ្យអ្នកសារព័ត៌មានគោរពច្បាប់សារព័ត៌មាន។ លោក​​រដ្ឋមន្រ្តី ក៏បានគិតគូរពីសុវត្ថិភាពអ្នកសារព័ត៌មាន ដោយបង្កើតក្រុមមេធាវីស្ម័គ្រចិត្ត ការពារអ្នកកាសែត និង បានជំរុញឱ្យមានការបង្កើត សមាគមអ្នកសារព័ត៌មាន ដើម្បីជួយអ្នកសារព័ត៌មាន។

ប្រព័ន្ធផ្សព្វផ្សាយបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ចែករំលែ​កព័ត៌មានដល់ប្រជាពលរដ្ឋឱ្យបានដឹង និងយល់អំពីស្ថានភាពនៅកម្ពុជា និងស្ថានការណ៍នយោបាយពិភពលោកដែលកំពុងផ្លាស់ប្តូរ រួមទាំងបញ្ហានយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ការអប់រំ និងបញ្ហាផ្សេងៗទៀតដែលទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

ប្រព័ន្ធផ្សព្វផ្សាយបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ ការអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព និងការការពារការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ក៏ដូចជាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ។

រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានថ្លែងអំណរគុណត៉ាងជ្រាលជ្រៅ ចំពោះសាកលវិទ្យាល័យ BODHISASTRA ដែលបានសម្រេចចិត្តផ្តល់សញ្ញាបត្រ​បណ្ឌិត​កិត្តិយសផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនង មកអោយនាឱកាសនេះ ។

BODHISASTRA UNIVERSITY គឺជាអង្គការអប់រំឯករាជ្យខាងសាសនាដែលបានចុះបញ្ជីនៅ រដ្ឋផ្លរីដា ជាមួយនឹងពាក្យស្លោកមួយថា “កន្លែងរួមគ្នាសម្រាប់បណ្ដុះបណ្ដាលខាងវិញ្ញាណ” ដើម្បីបង្កើតកន្លែងរួមសម្រាប់ការដាំដុះខាងវិញ្ញាណ។

សាកលវិទ្យាល័យពោធិសត្វ មានគោលបំណងផ្សារភ្ជាប់ការសិក្សាគ្រប់ទីកន្លែង រួមជាមួយនឹងបណ្តាញអប់រំ ដើម្បីបណ្តុះស្មារតីមនុស្សឱ្យមានភាពរុងរឿងនៃសហគមន៍ និងសង្គម ដោយឈរលើមូលដ្ឋាននៃសេចក្តីល្អ និងសោភ័ណភាព ស្របតាមគោលការណ៍នៃទ្រឹស្ដី និងប្រាជ្ញាក្នុងស្រុក។

លោក​ រដ្ឋមន្រ្តី បានលើកឡើងថា វិស័យព័ត៌មាន និងការផ្សព្វផ្សាយ គឺជាវិស័យដ៏សំខាន់សម្រាប់ប្រទេសណាក៏ដោយ ព្រោះវាមានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតមតិសាធារណៈ ជំរុញលទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់ការអភិវឌ្ឍន៍ជាតិ។ រដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ពីសារៈ សំខាន់នៃការអភិវឌ្ឍន៍វិស័យព័ត៌មាន និងការផ្សព្វផ្សាយ ហើយបានចាត់វិធានការជាច្រើនដើម្បីគាំទ្រដល់វិស័យនេះ។

ក្រសួងព័ត៌មាន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកផ្នែកព័ត៌មាន និងផ្សព្វផ្សាយ បានខិតខំបំពេញតួនាទីរបស់ខ្លួនស្របតាមច្បាប់ និងគោល នយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចូលរួមចំណែកក្នុងការតភ្ជាប់ព័ត៌មានក្នុងសង្គម ទាំងក្នុងស្រុក តំបន់ និងសកលលោក ។

លោក​​ ខៀវ កាញារីទ្ធ បាននាំវិស័យព័ត៌មាន និងផ្សព្វផ្សាយចាប់តាំងតែពីកម្ពុជាមានត្រឹមតែបាត ដៃទទេរ (នាខែ មករា ឆ្នាំ ១៩៧៩) រហូតដល់ព្រះរាជាណាចក្រកម្ពុជា វិស័យព័ត៌មាននិងផ្សព្វផ្សាយកំពុងស្ថិតក្នុងយុគសម័យ ឌីជីថល នៃបរិបទឧស្សាហកម្មបួនចុចសូន្យ(4.0) ៕

ប្រភព៖ ទទក សម្រួលផ្សាយដោយ៖ ធូ កុសល