ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន ដាស់តឿនដល់រដ្ឋមន្ត្រីគ្រប់ក្រសួងទាំងអស់សូមអោយពិនិត្យឱ្យច្បាស់លើលិខិតឯកសារផ្សេងៗមុនចុះហត្ថលេខាទាំងអក្ខរាវិរុទ្ធនិងការដាក់ថ្ងៃខែច្បាស់លាស់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដាស់តឿនដល់រដ្ឋមន្ត្រីគ្រប់ក្រសួងទាំងអស់ សូមអោយពិនិត្យឱ្យច្បាស់លើលិខិតឯកសារផ្សេងៗ មុនចុះហត្ថលេខា ទាំងអក្ខរាវិរុទ្ធ និងការដាក់ ថ្ងៃ ខែ ច្បាស់លាស់ ពីព្រោះកន្លងមកមានក្រសួងមួយចំនួនមិនសូវបានយកចិត្តទុកដាក់ទៅលើឯកសារដែលផ្ញើមកកាន់សម្ដេច រួចក៏ចុះហត្ថលេខា ទាំងមិនបានដាក់ ថ្ងៃ ខែ ផង។

ការថ្លែងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ​​​បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនាឆ្នាំ២០២៣ នេះ។​

 

សម្តេចតេជោបានមានប្រសាសន៍ថា មានក្រសួងចំនួន៤ ដែលធ្វើលិខិតនានាផ្ញើជូនសម្តេចមិនសូវមានកំហុស រួមមានក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវប្បធម៌ និងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ​សភានិងអធិការកិច្ច។
នៅថ្ងៃនេះផងដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសគាំទ្រសេចក្តីណែនាំរបស់ក្រសួងអប់រំ ពាក់ព័ន្ធការនាំសិស្សលេងល្បែង និងរបាំប្រជាប្រិយ។ សម្តេចតេជោបានថ្លែងថា សម័យសកលភាវូបនីយកម្មប្រពៃណីទំនៀមទម្លាប់ងាយនឹងបាត់បង់។
ជាមួយគ្នានោះក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ សម្ដេចតេជោឱ្យយកចិត្តទុកដាក់លើសុវត្ថិ​ភាពចំណីអាហារ ហើយសម្តេចតេជោ ក៏បានណែនាំឱ្យដាក់តម្លៃលើចំណីអាហារ ដើម្បីឲ្យអ្នកទិញទាំងជនជាតិខ្មែរ និងបរទេសងាយស្រួល។