ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្ត នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម”

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ​​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត នូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ (២០២៣-២០២៧)។ កម្មវិធីប្រកាសដាក់ឱ្យអនុវត្តនេះ មានការអញ្ជើញចូលរួមពីសមាជិក និងសមាជិកា នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងតំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា មិនមែនរង់ចាំទាល់តែមានសន្តិភាពពេញលេញ ទើបធ្វើកំណែទម្រង់នោះទេ។ ការរស់រានរបស់កម្ពុជាឈានមកដល់ពេលនេះ គឺបានមកដោយការធ្វើកំណែទម្រង់។​ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ជីវិតរបស់សម្តេចជួបនូវការផុយស្រួយយ៉ាងខ្លាំងលើការធ្វើកំណែទម្រង់នេះ។

ការធ្វើកំណែទម្រង់របស់សម្តេចនាពេលកន្លងមកមានចំនួនពីររួមមាន ទី១ គឺការកំណែទម្រង់ខាងនយោបាយ គឺត្រូវដោះស្រាយជម្លោះកម្ពុជា តាមរយៈការចរចាស្វែងរកសន្តិភាព និងទី២ កំណែទម្រង់ខាងសេដ្ឋកិច្ច។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកថា មានកម្លាំងសង្កត់​៣ ធ្វើឱ្យប៉ះពាល់ដល់ជីវិតនយោបាយ និងការធ្វើកំណែទម្រង់ រួមមាន ទី១ ការមិនចុះសម្រុងគ្នានៅផ្ទៃក្នុងក្រោយពេលផ្តួលរំលំខ្មែរក្រហម ទី២ របបទីផ្សារខុសគ្នារវាងវៀតណាម និងកម្ពុជា និងទី៣ ការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកសេរី។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការធ្វើកំណែទម្រង់របស់កម្ពុជា បានធ្វើជាបន្តបន្ទាប់ដោយមិនចាំជំនួយរបស់បរទេសនោះឡើយ។
ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលប្រមាណ២០ឆ្នាំកន្លងទៅនេះ បានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា ទាំងសមិទ្ធផលក្នុងការកែលម្អអភិបាលកិច្ច នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទាំងសមិទ្ធផលក្នុងទិដ្ឋភាពនៃការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
សម្តេចតេជោបានប្រសាសន៍ទៀតថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម មានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយនឹងសមិទ្ធកម្ម នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬ ថវិកាជាតិរយៈពេល២០ឆ្នាំក្រោយ ចំណូលថវិកាជាតិ ក្នុងឆ្នាំ២០២៣ ត្រូវបានប៉ាន់ស្មានថា នឹងមានរហូតដល់ ៣២,៩៣៦ ប៊ីលានរៀល ឯណោះ រីឯចំណាយថវិកាជាតិសរុបមានប្រមាណ ៤១,៥៣៧ ប៊ីលានរៀល ។

សូចនាករសមិទ្ធកម្មដ៏ល្អប្រសើរនេះ គឺជាឃ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលធ្វើឱ្យកម្ពុជាទទួលបានកំណើន និងបន្តស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ រហូតដល់សម្រេចបាននូវចំណាត់ថ្នាក់ជាប្រទេសមានចំណូល មធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ និងកំពុងបោះជំហានប្រកបដោយភាពជឿជាក់ ទៅកាន់ឋានៈជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូល កម្រិតខ្ពស់នៅឆ្នាំ ២០៥០។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាលើកកម្ពស់ជីវភាព និង គុណភាពរបស់មន្ត្រីរាជការ ពង្រឹងប្រសិទ្ធភាពស្ថាប័នសាធារណៈ និងបម្រើសេវាសាធា​រណៈជូនប្រជាពលរដ្ឋបានកាន់តែល្អឡើង តាមរយៈអាទិភាពចំនួន៤ នៅក្នុងយុទ្ធសាស្ត្រចតុកោណគឺ មនុស្ស ផ្លូវ ទឹក និងភ្លើង ដែលសំដៅដល់ការកសាង និងការអភិវឌ្ឍឥតឈប់ឈរនូវហេដ្ឋារចនាសម្ព័ន្ធ ទាំងរូបវន្ត និងមិនមែនរូបវន្តលើគ្រប់វិស័យ។

រឹតតែសំខាន់ជាងនេះសមិទ្ធផលទាំងអស់នេះ គឺជាកត្តារួមចំណែកដ៏ធំធេង ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាដែលមានការធ្លាក់ចុះជាលំដាប់។ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានមកដល់ដំណាក់កាលទី៤ ដែលជាដំណាក់កាល ចុងក្រោយរបស់ខ្លួន បន្ទាប់ពីត្រូវបានអនុវត្តអស់រយៈពេលជិត២០ឆ្នាំ ដែលសម្តេចធ្លាប់បានធ្វើជាអធិបតីក្នុងពិធីប្រកាសដាក់ចេញនូវដំណាក់កាលទី១ នៃកម្មវិធីកែទម្រង់នេះ នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០០៤។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជាមួយនឹងឆន្ទៈមុតស្រួចឥតរាថយ និងឥតងាករេ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញអនុវត្តកម្មវិធីកែទម្រង់ ដ៏មានសារៈសំខាន់បំផុតមួយនេះ ឆ្លងកាត់ដំណាក់កាលធំៗចំនួន​៣រួមមាន៖ ដំណាក់កាលទី១ ត្រូវបានអនុវត្ត ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៨ ដែលមានគោលដៅគន្លឹះ សំដៅលើការបង្កើនភាពជឿទុកចិត្តនៃថវិកា។ ដំណាក់កាលទី២ ត្រូវបានអនុវត្តពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៥ ដែលមានគោលដៅគន្លឹះ សំដៅលើ ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ និង ដំណាក់កាលទី ៣ ត្រូវបានអនុវត្តពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២ ដែលមានគោលដៅគន្លឹះ សំដៅលើ ការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោល-នយោបាយ។ ដំណាក់កាលទី ៤ ដែលយើងកំពុងប្រកាសដាក់ឱ្យ ចាប់ផ្តើមអនុវត្តនាពេលនេះ ត្រូវបានគ្រោងចាប់អនុវត្តពីឆ្នាំ ២០២៣ នេះរហូតដល់ឆ្នាំ ២០២៧ ដែលមានគោលដៅគន្លឹះ សំដៅលើការបង្កើនគណនេយ្យភាពសមិទ្ធកម្ម។ បុព្វហេតុឯករាជ្យ និងអធិបតេយ្យជាតិ សមិទ្ធកម្មដ៏ល្អនៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ បានពង្រឹងឱ្យកាន់តែមាំមួនឡើង នូវភាពជាម្ចាស់ និងតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិដោយបាន កាត់បន្ថយការពឹងពាក់លើការខ្ចីពីក្រៅប្រទេស ដែលបច្ចុប្បន្ន ការខ្ចីពីក្រៅប្រទេសប្រចាំឆ្នាំមានទំហំមិនស្មើនឹង២០ភាគរយនៃថវិកាជាតិសរុបនោះទេ។
សម្តេចតេជោមានប្រសាសន៍ថា នៅក្នុងអតីតកាល៣០ឆ្នាំមុន ចំណូលក្នុងស្រុកដែលយើងរកបានដោយខ្លួនឯង មានត្រឹមប្រមាណមួយភាគបីនៃថវិកាជាតិសរុបតែប៉ុណ្ណោះ បានន័យថា តមូ្រវការប្រមាណពីរភាគបីនៃថវិកាជាតិត្រូវបាន ដោះស្រាយដោយប្រភពធនធានជាជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស ។ នេះគឺជាលទ្ធផលជាក់ស្ដែងដែលយើងសម្រេចបាន ស្របតាមគោលជំហរដឹកនាំ ដែលសម្តេចធ្លាប់បានប្រកាសជាសាធារណៈ នាពេលកន្លងទៅ គឺ ៖ «កែទម្រង់-រស់ មិនកែទម្រង់- ស្លាប់»។

កិច្ចការកែទម្រង់បានធ្វើឱ្យក្ដីរំពឹងទុកលើការកសាង ប្រជាជាតិរបស់យើង ដែលត្រូវបានចារឹកទុកក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ក្លាយទៅជាការពិតនោះគឺ៖ «ទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតជាតិឱ្យបានឈានឡើង រីកចម្រើនលូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍» និងប្រែក្លាយ កម្ពុជាឱ្យទៅជា «កោះសន្ដិភាព» យ៉ាងពិតប្រាកដ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ដើម្បីបន្តជំរុញអនុវត្តដំណាក់កាលចុងក្រោយនៃកម្មវិធីកែទម្រង់នេះឱ្យសម្រេចបានជោគជ័យតាមការគ្រោងទុក សម្តេចតេជោ ហ៊ុន សែន សូមផ្តល់អនុសាសន៍គន្លឹះចំនួន​៨ចំណុច សម្រាប់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃគ្រប់ក្រសួង-ស្ថាប័ន ដែលជាតួអង្គនិម្មាបនករ និងប្រតិបត្តិករនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

សម្តេចពិតជាមានមោទនភាពខ្ពស់ ចំពោះការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ ដែលតាមរយៈនេះ យើងអាចកសាងមូលដ្ឋានគ្រឹះ តាមដំណាក់កាលនីមួយៗ និងអាចឈានមកដល់ដំណាក់កាល ចុងក្រោយនេះបានដោយជោគជ័យយ។សម្តេចតេជោសូមផ្ដាំផ្ញើ និងជំរុញ ជាថ្មីម្តងទៀត ឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តសកម្មចូលរួមអនុវត្ត តាមបេសកកម្ម មុខងារ កម្មវិធីការងារ និងគណនេយ្យភាពរបស់ខ្លួនប្រកបដោយភាពជាម្ចាស់ និង ឆន្ទៈកែទម្រង់​មោះមុត នៅក្នុងកម្មវិធីកែទម្រង់នេះ ដូចត្រូវបាន កំណត់នៅក្នុងឯកសារ «ចក្ខុវិស័យ និងយុទ្ធសាស្ត្រស្ដីពីកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤»។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ដំណាក់កាលទី ៤ នឹងត្រូវបានអនុវត្ត ប្រកបដោយជោគជ័យ ជាមួយនឹងការដកស្រង់នូវមេរៀន និងពិសោធន៍ល្អៗ ព្រមទាំងការតាមដាន ការត្រួតពិនិត្យ និង ការវាយតម្លៃជាបន្តបន្ទាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងជម្នះនូវឧបសគ្គផងទាំងពួង ប្រកបដោយស្មារតីសាមគ្គី កិច្ចសហការ និងការសម្របសម្រួលខ្ពស់ក្នុងគោលបំណងសម្រេ​ចឱ្យបាននូវចក្ខុវិស័យ កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យឆ្លើយតបទៅតាម ស្ដង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ៕