ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ រម្លឹកដល់មន្ត្រីនគរបាលតាមរាជធានី-ខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការទទួល Hotline ពីជនបរទេស ខណៈខេត្តមួយចំនួនមិនទាន់ឆ្លើយតបបានទាន់ពេលវេលា ។
នាយឧត្តមសេនីយ៍ ថោង លីម មានប្រសាសន៍ នៅក្នុងកិច្ចប្រជុំក្រុមការងារ Hotline ជាមួយបណ្តាអង្គទូតនានាប្រចាំនៅកម្ពុជា និងនាយកដ្ឋាន ស្នងការនគរបាលរាជធានី-ខេត្ត នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។
លោក នាយឧត្តមសេនីយ៍ បន្តថា នៅតាមខេត្តខ្លះដូចមិនទាន់ឆ្លើយតបទៅនឹងការងារផ្នែក Hotline (ទូរស័ព្ទ) ជូនដល់ជនបរទេសឲ្យបានទាន់ពេលវេលានោះទេ ដែលករណីនេះត្រូវបានអង្គទូតរបស់គេបានទាក់ទងដោយផ្ទាល់ទៅកាន់ក្រសួងការបរទេស និងសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ ថោង លីម មានប្រសាសន៍បន្ថែមថា«ដើម្បីឲ្យការងាររបស់យើងកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការទទួលខុស ត្រូវចំពោះមុខការងារនេះ យើងត្រូវតែមានជំនាញ ច្បាស់លាស់ ហើយមិនត្រូវយឺតយ៉ាវក្នុងការទទួល Hotline ពីគេដែលជាកត្តាធ្វើឲ្យមានការលំបាកដល់ថ្នាក់លើ»។
យោងតាមរបាយការណ៍របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) បានឲ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ មានជនបរទេសនិងអ្នកវិនិយោគបរទេសនៅកម្ពុជាទទួលរងគ្រោះមានចំនួន១៦៧ករណី រងគ្រោះសរុប២១១នាក់ មកពី៣៥សញ្ជាតិ ហើយកើតនៅក្នុងរាជនី-ខេត្តចំនួន១៥ ហើយបើប្រៀប និងឆ្នាំទៅក្នុងរយៈពេលដូចគ្នាមានការកើនឡើងជាង១៥ភាគរយ ដោយក្នុងនោះជនជាតិចិនច្រើនជាងគេរហូតដល់៩៨នាក់ ជនជាតិបារាំង១២នាក់ ជនជាតិអង់គ្លេស១១នាក់ អាលីម៉ង់៩នាក់ និងអាមេរិកចំនួន៧នាក់ ហើយភូមិសាស្ត្រដែលកើតច្រើនជាងគេ គឺនៅខេត្តសៀមរាប ព្រះសីហនុ និងរាជធានីភ្នំពេញ។
ដោយឡែកសម្រាប់ជនបរទេសដែលបានប្រព្រឹត្តបទល្មើសមានចំនួន៨២ករណី ឃាត់ ខ្លួនបានចំនួន៣៤១នាក់ មកពី២០សញ្ជាតិ ហើយបើប្រៀបធៀប និងឆ្នាំកន្លងទៅមានការកើន ឡើងជាង៣២ ភាគរយ ដោយក្នុងនោះជនជាតិចិនច្រើនជាងគេរហូតដល់២៤១នាក់ ជនជាតិ វៀតណាម៤៩នាក់ ជនជាតិថៃចំនួន២៦នាក់ជនជាតិកូរ៉េខាងត្បូងចំនួន៩នាក់ និងជនជាតិអាម៉េរិកចំនួន៣នាក់ ៕


