សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១,៣៩៦នាក់។ ពិធីនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ។
សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ ចំពោះសាកវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដែលបានបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកសុខាភិបាលទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ ដែលជាធនធានមនុស្សដ៏សំខាន់ក្នុងវិស័យសុខាភិបាលរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់និស្សិតពេទ្យ ដែលបានស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្ត សម្តេច នាអំឡុងពេលកម្ពុជាកំពុងប្រឈមនឹងជំងឺរាតត្បាតនេះ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាក្លាយជាកន្លែងសម្រាប់ប្រទេសធំៗ មួយចំនួននៅលើពិភពលោកចុះមកធ្វើការសិក្សាស្រាវជ្រាវលើការអនុវត្តយន្តការសុខាភិបាលដើម្បីលុបបំបាត់ជំងឺមួយចំនួនដោយជោគជ័យ ក្នុងនោះមានដូចជាជំងឺគ្រុនស្វិតដៃជើងជាដើម។
សម្ដេចបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាក៏កំពុងអនុវត្តយន្តការដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ពីប្រទេសកម្ពុជាផងដែរ។
សម្ដេចតេជោ ជំរុញដល់និស្សិតទាំងអស់បន្តខិតខំពង្រឹងសមត្ថភាពលើផ្នែកឌីជីថលើវិស័យរបស់ខ្លួន រួមជាមួយនឹងការអនុវត្តការងារប្រកបដោយក្រមសីលធម៌ខ្ពស់ ដើម្បីពង្រឹងប្រសិទ្ធភាពលើវិស័យសុខាភិបាលរបស់កម្ពុជាបន្ថែមទៀត។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងអបអរសាទរ ចំពោះជ័យលាភីនិស្សិតសុខាភិបាលនៅថ្ងៃនេះ និងបានជូនពរឲ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀតនៅពេលខាងមុខ៕