ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រី អ៊ិត សំហេង បង្ហាញវឌ្ឍនភាពវិស័យការងារនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ១៩,០០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ក្នុងនោះមកពីរោង​ចក្រម៉ាវ៉លហ្កាមិន (Marvel Garment) រោងចក្ររ៉ុងវីនហ្គាមិន (Rongwing Garment) និងរោងចក្រដាគ្វានថេកស្ថាយខេមបូឌា (DAQIAN TEXTILE CAMBODIA)។
លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ដែលមានឈ្មោះថា «តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ» និងត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា «តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ» នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ ដោយមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល។ តំបន់សេដ្ឋកិច្ចពិសេសនេះមានរោងចក្រសហគ្រាសសរុប៩៨កំពុងដំណើរការ ក្នុងនោះមានអ្នកវិនិយោទុនមកពីប្រទេសជប៉ុន ចិន ថៃ ម៉ាឡេស៊ី សិង្ហបុរី សហរដ្ឋអាមេរិក កម្ពុជា អូស្ត្រាលី នែតដឺឡង់(ហូឡង់) កូរ៉េខាងត្បួង ហ្វ៉ីលីពីន ស៊ុយអែត និងវៀតណាម។
ផលិតកម្ម និងសេវាកម្មសំខាន់ៗ រួមមាន៖ បរិក្ខារអគ្គិសនី និងអេឡិកត្រូនិក និងគ្រឿងបង្គុំ កាត់ដេរសម្លៀកបំពាក់ ផលិតផលអាហារ និងភេសជ្ជៈ សម្ភារវេចខ្ចប់ (ផ្លាស្ទិក ក្រណាត់ ក្រដាស) គ្រឿងបង្គុំរថយន្ត សម្ភារប្រើប្រាស់ ប្រចាំថ្ងៃ ផលិតផលធ្វើពីផ្លាស្ទិក ផលិតផលធ្វើពីលោហៈធាតុ ចំណីសត្វ គ្រឿងសំណង់ បោះពុម្ព កែច្នៃសំណល់ គ្រឿងសម្អាង ស្បែកជើង ផលិតផលធ្វើពីស្បែក ផលិតផលថ្នាំលាបពណ៌ គ្រឿងបន្លាស់រថយន្ត ច្នៃពេជ្រ សេវាកម្មនានា ធនាគារ ភោជនីយដ្ឋាន។ល។
លោករដ្ឋមន្ត្រីកត់សម្គាល់ឃើញថា រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ គឺបានអនុវត្តប្រកបដោយអនុលោមភាពតាមច្បាប់ស្តីពីការងារ មានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងបានផ្តល់ជូននូវអត្ថប្រយោជន៍ជូនកម្មករនិយោជិត។
លោកបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតត្រូវបានដំឡើងពី១៩៤ដុល្លារអាមេរិកក្នុងមួយខែ ក្នុងឆ្នាំ២០២២ និងបានកើនដល់២០០ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់ឆ្នាំ២០២៣ បើបូករួមប្រាក់អត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗអាចទទួលបានប្រាក់ឈ្នួលចាប់ពី២១៧-២២៨ដុល្លារអាមេរិកក្នុងខែ។ កម្មករនិយោជិតក៏ទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។
សូមបញ្ជាក់ថា ការរៀបចំពិធីសំណេះសំណាលនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ជាកម្មវិធីលើកទី៧ហើយ ដែលសម្ដេចតេជោនាយករដ្ឋមន្ដ្រីបានអញ្ជើញមកតំបន់សេដ្ឋកិច្ចពិសេស៕