ថៃ៖ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ដ្រីជិតផុតអាណត្តិរបស់ប្រទេសថៃ បាននិយាយកាលពីថ្ងៃអង្គារថា លោកបានណែនាំគ្រប់ក្រសួងទាំងអស់ ឱ្យចងក្រងរបាយការណ៍សម្រាប់រដ្ឋាភិបាលបន្ទាប់ អំពីការងារដែលបានធ្វើដោយរដ្ឋបាលរបស់លោក ដើម្បីធានាឱ្យមានការផ្លាស់ប្តូរអំណាចដោយរលូន។
សារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ប្រាយុទ្ធ ចាន់អូចាថា លោកមិនមានអារម្មណ៍ថា លោកត្រូវបានលងបន្លាចដោយនាយករដ្ឋមន្ត្រីស្រមោលឡើយ។
លោក ចាន់អូចា បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ នៅពេលអ្នកសារព័ត៌មានចូលទៅជិតគាត់ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ សម្រាប់ការអត្ថាធិប្បាយលើការយល់ឃើញដែលថា ឥឡូវនេះមាននាយករដ្ឋមន្ត្រីពីរកំពុងដំណើរការ។
វាត្រូវបានពិភាក្សានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែល Pita Limjaroenrat មេដឹកនាំ និងជាបេក្ខជននាយករដ្ឋមន្ត្រី នៃគណបក្ស Move Forward និយាយជាសាធារណៈ បង្ហាញថាគាត់ជានាយករដ្ឋមន្ត្រីដែលទទួលបន្ទុករួចហើយ។
បន្ទាប់ពីឈ្នះការបោះឆ្នោត Pita បានជួបជាមួយអង្គការឯកជនដូចជា សហព័ន្ធឧស្សាហកម្មថៃ។
លោក ប្រាយុទ្ធ បាននិយាយថា លោក ពីតា មានសិទ្ធិនិយាយជាមួយអង្គការមិនមែនរដ្ឋាភិបាល ប៉ុន្តែមិនគួរនិយាយជាមួយភ្នាក់ងាររដ្ឋាភិបាលនៅពេលនេះទេ ព្រោះទីភ្នាក់ងារទាំងនោះនៅតែធ្វើការក្រោមរដ្ឋាភិបាលបច្ចុប្បន្ន។
លោកបញ្ជាក់ថា “ខ្ញុំបានណែនាំគ្រប់ក្រសួងទាំងអស់ ឱ្យសង្ខេបគម្រោងទាំងអស់ដែលបានធ្វើ និងគម្រោងដែលមិនទាន់បានបញ្ចប់ ដើម្បីបញ្ជូនទៅឱ្យរដ្ឋាភិបាលថ្មី”។
លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើលក្ខណៈសម្បត្តិរបស់លោក ពីតា ក្នុងឋានៈជានាយករដ្ឋមន្ត្រីនោះទេ ដោយនិយាយថា លោកមិនចង់ធ្វើឱ្យមានជម្លោះជាមួយនរណាម្នាក់ឡើយ។
លោក ប្រាយុទ្ធ បានបន្ថែមថា “ប៉ុន្តែអ្វីគ្រប់យ៉ាងនឹងត្រូវដំណើរការស្របតាមច្បាប់ និងប្រព័ន្ធប្រជាធិបតេយ្យ”៕